មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងពីក្រៅប្រទេសថា ទាល់តែលោក«ជិតវិល»ចូលស្រុកវិញ ទើបលោក ហ៊ុន សែន និងរបបក្រុងភ្នំពេញសព្វថ្ងៃ ចាប់ផ្ដើម«គិតធ្វើល្អ»។ ការថ្លែងរបស់ប្រធានស្ដីទីគណបក្សប្រឆាំង ធ្វើឡើងដើម្បីតប ទៅនឹងបទបញ្ជាមួយ របស់លោក ហ៊ុន សែន ដែលប្រាប់ឲ្យក្រុមការងារថ្នាក់ជាតិទាំងអស់ ត្រូវចុះមូលដ្ឋានពន្យល់ពីផលវិបាកនៃបដិវត្តន៍ពណ៌ ដែលកើតចេញ ពីដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី។
បទបញ្ជានោះ ត្រូវបានលោក ហ៊ុន សែន សរសេរ និងចុះហត្ថលេខា ក្នុងលិខិតមួយ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ និងត្រូវបានបែកធ្លាយ មកដល់ដៃអ្នកសារព័ត៌មាន កាលពីម្សិលម៉ិញ ដោយគូសបញ្ជាក់ដំបូងថា លោក សម រង្ស៊ី បានប្រកាសជាបន្តបន្ទាប់ អំពីគម្រោងវិលត្រឡប់ចូលកម្ពុជាវិញ «ក្នុងគោលបំណងដឹកនាំ ការធ្វើបដិវត្តន៍ពណ៌ជាថ្មី ដោយបានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ឲ្យធ្វើការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»។
លោក ហ៊ុន សែន បន្តថា៖
«ការវិលត្រលប់មកកម្ពុជាវិញ ឬមិនវិលត្រលប់មកកម្ពុជាវិញ របស់ទណ្ឌិត សម រង្ស៊ី ក៏ដូចជា ការដឹកនាំបដិវត្តន៍ពណ៌បានសម្រេច ឬមិនបានសម្រេច គឺមិនចំណុះទៅលើមហិច្ឆិតា របស់ទណ្ឌិតរូបនេះឡើយ កត្តាសំខាន់ជាគន្លឹះ គឺអាស្រ័យទៅលើការគ្រប់គ្រងបានល្អប្រសើរ នូវសភាពការណ៍តាមមូលដ្ឋាននានា ទូទាំងប្រទេស។»
នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានណែនាំទៅកាន់ «សម្ដេច ឯកឧត្ដម លោកជំទាវ» ដែលជាប្រធានក្រុមការងារថ្នាក់ជាតិ ថាត្រូវធ្វើការ «ដឹកនាំ ណែនាំ ដល់ក្រុមការងារនិងមន្ត្រី អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ សហការរៀបចំវេទិកាសាធារណៈគ្រប់ឃុំ ភូមិ ដើម្បីផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អំពីផលវិបាកនៃការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈសកម្មភាពបដិវត្តន៍ពណ៌ ដែលជាសកម្មភាពខុសច្បាប់ និងការវិលត្រឡប់មកកម្ពុជារបស់ទណ្ឌិត សម រង្ស៊ី ដើម្បីដឹកនាំសកម្មភាពខុសច្បាប់នេះ»។
ក្នុងលិខិតដដែល បុរសខ្លាំងកម្ពុជានៅបានបន្តណែនាំ ឲ្យធ្វើកំណែទម្រង់ផ្ទៃក្នុង ដោះស្រាយបញ្ហារបស់ពលរដ្ឋ ឲ្យបានទាន់ពេលវាលា លើកកម្ពស់សេវាសាធារណៈ ជូនពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន និងអប់រំមន្ត្រី អាជ្ញធរ កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ឲ្យបម្រើពលរដ្ឋ។
តែសម្រាប់លោក សម រង្ស៊ី លិខិតខាងលើរបស់លោក ហ៊ុន សែន បញ្ជាក់កាន់តែច្បាស់ថា នាយករដ្ឋមន្ត្រីដែលប្រកាសបន្តអង្គុយក្នុងអំណាច យ៉ាងហោចមួយអាណត្តិកន្លះទៀតនេះ កំពុង«ភ័យស្លន់ស្លោរ» អំពីដំណើរ«វិលត្រឡប់មកកម្ពុជាវិញ» របស់រូបលោក។
ចាប់ផ្ដើម«គិតធ្វើល្អ»…
មេដឹកនាំប្រឆាំងបានយកលិខិតខាងលើ របស់លោក ហ៊ុន សែន មកបង្ហោះនៅលើបណ្ដាញសង្គម រួចធ្វើការឆ្លើយតបថា ប្រជារាស្ត្រខ្មែរមានមូលហេតុ ក្នុងការផ្តួលរំលំរបបដឹកនាំ របស់លោក ហ៊ុន សែន។ លោក សម រង្ស៊ី ពន្យល់អំពីមូលហេតុនោះ ដោយខ្លួនលោកថា៖
«ព្រោះរបបនេះ ជារបបខុសច្បាប់ កើតចេញមកពីការបោះឆ្នោតក្លែងក្លាយ ឆ្នាំ ២០១៨ ដែលជាការរំលោភឆន្ទៈប្រជារាស្ត្រទាំងស្រុង។ ការបោះឆ្នោតណា ដែលមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យឆន្ទៈប្រជារាស្ត្រខ្មែរ ជាងពាក់កណ្តាលនគរ គឺជាការបោះឆ្នោតក្លែងក្លាយ ផ្ទុយស្រឡះពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ។»
ប្រធានស្ដីទីគណបក្សប្រឆាំង បានសរសេរបន្តថា៖
«ប្រជារាស្ត្រខ្មែរ ឃើញច្បាស់ តាមរយៈលិខិតរបស់ ហ៊ុន សែន នេះ ថាទាល់តែ សម រង្ស៊ី ជិតវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីផ្តួលរំលំរបបខុសច្បាប់ និងផ្តាច់ការ ដឹកនាំដោយ ហ៊ុន សែន នេះ ទើបរបបនេះ ចាប់ផ្តើមគិតគូរធ្វើអំពើល្អ មានន័យថារបបនេះ ធ្លាប់តែធ្វើអំពើអាក្រក់ ដូចជាបំផ្លាញជាតិ និងធ្វើបាបប្រជារាស្ត្រ រាប់សិបឆ្នាំមកហើយ។»
គណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស បានប្រកាសជាច្រើនដង អះអាងពីដំណើរវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ របស់លោក សម រង្ស៊ី នៅក្នុងឆ្នាំ២០១៩នេះ។ ប៉ុន្តែការអះអាងនោះ មិនបានបញ្ជាក់ថា តើការវិលត្រឡប់របស់មេដឹកនាំប្រឆាំង នឹងត្រូវធ្វើនៅថ្ងៃណា ឬពេលណាឲ្យច្បាស់ឡើយ។
យ៉ាងណា លោក សម រង្ស៊ី បន្តថ្លែងថា ដំណោះស្រាយចំពោះមុខ ដែលលោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក ត្រូវធ្វើនោះ មានដូចជា «ប្រគល់សងដីធ្លី ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗ» «ដោះស្រាយជាបន្ទាន់ នូវបញ្ហាបំណុលដ៏ធ្ងន់ធ្ងរ» ដែលធ្វើឲ្យពលរដ្ឋកម្ពុជាធ្លាក់ខ្លួនក្រ និងជំពាក់បំណុលវណ្ឌក។
មេដឹកនាំប្រឆាំង បានសរសេរថា៖
«ហ៊ុន សែន ត្រូវតែណែនាំឲ្យក្រុមគ្រួសារ និងបក្ខពួកគាត់ បញ្ឈប់អំពើពុករលួយប្លន់ជាតិ ហើយត្រូវតែប្រគល់សងប្រទេសជាតិវិញ នូវថវិការាប់ពាន់លានដុល្លារ ដែលក្រុមគ្រួសារ និងបក្ខពួក ហ៊ុន សែន បានប្លន់ពីប្រទេសជាតិ។»
«ម្យ៉ាងវិញទៀត ហ៊ុន សែន ត្រូវតែដោះស្រាយជាបន្ទាន់ នូវបញ្ហាបំណុលដ៏ធ្ងន់ធ្ងរ របស់ប្រជារាស្ត្ររាប់លានគ្រួសារ ដែលធ្លាក់ខ្លួនក្រ និងជំពាក់គេវណ្ឌក ដោយសារតែក្រុមគ្រួសារ និងបក្ខពួក ហ៊ុន សែន បានបំផ្លាញមុខរបរចិញ្ចឹមជីវិត និងជីវភាពរស់នៅ របស់ប្រជារាស្ត្រ ដោយសារតែអំពើពុករលួយ និងអសមត្ថភាព របស់ថ្នាក់ដឹកនាំប្រទេសសព្វថ្ងៃ៕»
០៩ ឧសភា ២០១៩ / 09 May 2019 – Sam Rainsy’s response to Hun Sen’s letter dated 07 May 2019. ខ្ញុំ សម រង្សុី សុំប្រាប់ទៅ…
Publiée par Sam Rainsy sur Jeudi 9 mai 2019