កម្ពុជាដំណឹង

ក្រុងភ្នំពេញបញ្ចេញកំហឹងដាក់ ប្រ៊េដ អាដាម ដើម្បីការពារ សៅ សុខា

រដ្ឋាភិបាលក្រុងភ្នំពេញ បានបញ្ចេញប្រតិកម្មខ្លាំងៗ នៅរសៀលថ្ងៃសុក្រនេះ តបទៅលោក ប្រ៊េដ អាដាម (Brad Adams) នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលបានរិះគន់តារាបាល់ទាត់ជប៉ុន លោក កីស៊ូកិ ហុងដា (Keisuke Honda) ថាកំពុងធ្វើជាគ្រូបង្វឹក ឲ្យក្រុមជម្រើសជាតិកម្ពុជា ដែលជាការចាប់ដៃ ជាមួយលោក សៅ សុខា ដែលមេដឹកនាំផ្នែកសិទ្ធិមនុស្សរូបនេះ ចាត់ទុកថា ជាជន«មានបាតដៃប្រលាក់ឈាម»។

សេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ ដោយអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានហៅលោក ប្រ៊េដ អាដាម ថាជា «បុគ្គលមិនស៊ីវិល័យ» ដែល«តាំងខ្លួន ជាតម្រួតអន្តរជាតិ និងមាននិន្នាការនយោបាយចក្រពត្តិ» ហើយបានលើកឡើង «បែបជាការប្រឌិតវាយប្រហារ និងប្រមាថបំពាន» ប្រឆាំងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

អ្នកនាំពាក្យបានសរសេរបន្តថា៖

«ការលើកឡើង របស់អង្គការខាងលើនេះ គឺជាការធ្វើយុទ្ធនាការ បែបវិទ្ធង្សនា ប្រឆាំងនឹងចលនាយុវជនខ្មែរទាំងអស់ ក្នុងវិស័យកីឡាតែប៉ុណ្ណោះ»។

លិខិតមួយ របស់លោក ប្រ៊េដ អាដាម ក្នុងនាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលត្រូវបានផ្ញើរទៅកាន់លោក កីស៊ូកិ ហុងដា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ហើយទើបនឹងត្រូវបានបង្ហាញជាសាធារណៈ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ កន្លងមកថ្មីៗ ដោយបានវាយតម្លៃ ការយល់ព្រមចាប់ដៃ ធ្វើការងារជាមួយលោក សៅ សុខា ដែលជាមនុស្សជំនិត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជារឿងអាប់ឱនមួយ សម្រាប់រូបលោក ហុងដា ផង និងសម្រាប់ប្រទេសជប៉ុនផង។

លោក ប្រ៊េដ អាដាម បានសរសេរ​នៅក្នុងលិខិតនោះថា៖ 

«លោកឧត្តមសេនីយ៍ សៅ សុខា ដែលជាមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងរាជអាវុធហត្ថកម្ពុជា គឺជាអ្នករំលោភសិទិ្ធមនុស្ស ដ៏ល្បីល្បាញ និងឧក្រិដ្ឋជនសង្គ្រាម។ កងកម្លាំងរបស់គាត់ បានទទួលខុសត្រូវ ចំពោះការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការធ្វើទារុណកម្ម ការចាប់ខ្លួនដោយខុសច្បាប់ ការវាយប្រហារលើក្រុមអ្នកតវ៉ាអហិង្សា និងការរំលោភបំពានផ្សេងទៀត។»

អតីតខ្សែបម្រើ របស់ក្រុមជម្រើសជាតិជប៉ុន លោក កីស៊ូកិ ហុងដា បានចុះហត្ថលេខា កាលពីខែសីហាកន្លងមក ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីទទួលធ្វើជាគ្រូបង្វឹក របស់ក្រុមជម្រើសជាតិកម្ពុជា សំរាប់រយ:ពេលពីរឆ្នាំ។ ក្នុងកិច្ចសន្យានោះ លោក ហុងដា មិនទទួលប្រាក់បៀវត្សទេ​ ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវទទួលបន្ទុក ក្នុងការចំណាយ ទៅលើការធ្វើដំណើរ និងការស្នាក់នៅរបស់លោក។

ស្រង់សំដី ក្នុងកិច្ចសម្ភាសមួយ ទៅឲ្យវិទ្យុអាស៊ីសេរី លោក ប្រ៊េដ អាដាម បន្តថ្លែងទៀតថា៖ 

«សកម្មភាព​របស់​គាត់ វា​ជះឥទ្ធិពល​អាក្រក់​ខ្លាំង ​ដល់​ប្រទេស​ជប៉ុន ដែល​គាត់​ប្រឡាក់ប្រឡូស​ ជាមួយ​មន្ត្រី​ខ្មែរ ដូចជា​លោក សៅ សុខា នេះ។ ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ ប្រសិនបើ​រដ្ឋាភិបាល​ជប៉ុន នឹង​បញ្ចេញ​ប្រតិកម្ម​ណាមួយ នៅ​ពេល​ខាងមុខនេះ។ ខ្ញុំ​ក៏​មិន​ភ្ញាក់ផ្អើល​ដែរ ដែល​ប្រទេស​ជប៉ុន អាច​នឹង​រង​ការ​អាម៉ាស់ ដោយសារ​ទង្វើ​ របស់​តារា​បាល់ទាត់​រូប​នេះ​នោះ។»

តែរដ្ឋាភិបាលលោក ហ៊ុន សែន បានថ្លែងការពារលោក សៅ សុខា ដោយលើកឡើងថា ឧត្ដមសេនីយ៍ផ្កាយមាស៤រូបនេះ ជា «ស្ថាបនិកស្ម័គ្រចិត្ត» របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានចំណាយថវិកា និងពេលវេលាផ្ទាល់ខ្លួន «ជួយទំនុកបម្រុងយុវជន និងកីឡា ដើម្បីលើកតម្កើងពួកគេ ក្នុងការរក្សាបាន នូវទស្សនវិជ្ជមានរបស់យុវជន និងថាមពលរបស់ពួកគេ»។ 

សេចក្ដីថ្លែងការណ៍ដដែល បានហៅការលើកឡើង របស់លោក ប្រ៊េដ អាដាម ថាជាការបង្ហាញកាន់តែច្បាស់ ពី«ចរិតបែបប្រទូសរ៉ាយ ជាទង្វើដែលគួរឱ្យស្អប់ខ្ពើម និងដ៏អាម៉ាស» ដែលមិនអាចទទួលយកបាន ដោយ«ប្រជាជនកម្ពុជា»៕



លំអិតបន្ថែមទៀត

កម្ពុជា

អ.ស.ប នឹងប្រជុំ​ពិនិត្យមើល​ស្ថានភាព​«សិទ្ធិមនុស្សនៅកម្ពុជា» ក្នុងចុងខែនេះ

ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យមើលកំណត់ត្រា«សិទ្ធិមនុស្សនៅកម្ពុជា» ក្នុងថ្ងៃពុធទី៣០ ខែមករា ឆ្នាំ២០១៩ខាងមុខ។ ប្រទេសចំនួន៨៣ បានចុះឈ្មោះនៅក្នុងបញ្ជី នៃរបៀបវារៈរបស់កិច្ចប្រជុំ ដើម្បីលើកឡើង ពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងរាជាណាចក្រមួយនេះ។ ...
ទិដ្ឋភាពដុតបំផ្លាញលំនៅដ្ឋានពលរដ្ឋ នៅចំពោះពលរដ្ឋ ដែលជាម្ចាស់លំនៅដ្ឋាន។ (រូបថតអង្គការសង្គមស៊ីវិល)
កម្ពុជា

តុលាការថៃ នឹងសម្រេចស្អែក​​លើ​បណ្ដឹង​ពលរដ្ឋខ្មែរ ដែលប្ដឹង​ក្រុមហ៊ុនស្ករ​​ថៃ

តុលាការថៃ ដែលស្ថិតក្នុងភាគខាងត្បូង រាជធានីបាងកក នឹងចេញសេចក្តីសម្រេច នៅថ្ងៃសុក្រ ទី៣១ ខែកក្កដាស្អែក លើបណ្តឹងជាសមូហភាពឆ្លងដែនដំបូងបង្អស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្ដឹងដោយពលរដ្ឋកម្ពុជា ប្រឆាំងក្រុមហ៊ុនស្ករថៃដ៏ធំមួយ ឈ្មោះ «Mitr ...
កម្ពុជា

រ៉ូណា ស្មីត នឹងធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ពីចុងខែ​នេះ​រហូត​ដើម​ខែក្រោយ

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងធ្វើទស្សនកិច្ច១១ថ្ងៃ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.