កម្ពុជាដំណឹង

ញឹម វណ្ណដា ដែល​ត្រូវ​ដកចេញ​ព្រោះ«ភូតភរ» បានឡើង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល

មានកំហុសពីបទ«ខ្វះការទទួលខុសត្រូវ» និង«ភូតភរ» រហូតត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បរិហារជាសាធារណៈ តែលោក ញឹម វណ្ណដា នៅតែមានតំណែង នៅក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន ដដែលនៅឡើយ ដោយគ្រាន់តែប្ដូរ ពីអង្គុយក្នុងតំណែងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ទៅអង្គុយនៅកន្លែងថ្មី​ប៉ុណ្ណោះ។

នេះ បើតាមព្រះរាជក្រឹត្យចំនួនពីរ ចុះព្រះហស្ថលេខា ដោយព្រះមហាក្សត្រ តាមសំណើររបស់លោក ហ៊ុន សែន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ ព្រះរាជក្រឹត្យមួយ បានចែង​ដកលោក ញឹម វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ខណៈព្រះរាជក្រឹត្យមួយទៀត បានតែងតាំង​លោក ញឹម វណ្ណដា ជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី។

ដូច្នេះ លោក ញឹម វណ្ណដា មិនមានឋានានុក្រមជាទេសរដ្ឋមន្រ្តីទៀតទេ ប៉ុន្តែតំណែងថ្មី ជាទីប្រឹក្សារដ្ឋាភិបាល ធ្វើឲ្យលោក មានឋានៈស្មើទេសរដ្ឋមន្រ្តី។

កាលពីប៉ុន្មានម៉ោងមុន លោក ហ៊ុន សែន ដែលជាប្រធាន «គ.ជ.គ.ម» បានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់លោក អះអាងថា លោកសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែង ដោយសារមន្ត្រីជាន់ខ្ពស់រូបនេះ «ខ្វះការទទួលខុសត្រូវ» និង«ភូតភរ» ពាក់ព័ន្ធនឹងហេតុការណ៍ រលំបាក់អគារ​កំពស់៧ជាន់ ដែល​សាងសង់​ដោយក្រុមហ៊ុនចិន នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍កន្លងមក។

បុរសខ្លាំងកម្ពុជា បានសរសេរថា៖

«ថ្ងៃនេះ ខ្ញុំបានសម្រេចចិត្ត ដកឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែង ជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុ ខ្វះការទទួលខុសត្រូវ និងភូតភរ។»

សម្រាប់អ្នកវិភាគនយោបាយ និងសង្គម លោកបណ្ឌិត មាស នី បានសំដែងចំងល់ នៅចំពោះការផ្លាស់ប្ដូរតំណែង ដ៏អស្ចារ្យខាងលើ។ លោកបានលើកឡើង ដោយមិនចំឈ្មោះ ថា តើការតែងតាំងរបៀបនេះ មានន័យថាម៉េច? ឬត្រូវហៅថា ជាមន្ត្រី«កុហកជាន់ខ្ពស់»? 

តេីមាន័យថាម៉េច បេីដកដំណែង ថាដោយសារកុហក រួចតែងតាំង ឫបញ្ជូនអោយទៅធ្វេីជាទីប្រឹក្សាវិញ ។ តិចចុងបញ្ចប់ វានិងក្លាយជាមានមន្រ្តីកុហកជាន់ទាប និងមន្រ្តីកុហកជាន់ខ្ពស់ទៀតទៅ? ? ? ?

Posted by Meas Nee on Monday, June 24, 2019


លំអិតបន្ថែមទៀត

កម្ពុជា

គីម សុខ អះអាងថា ហ៊ុន សែន លួច​ទៅ​អង្វរ​ចិន ដើម្បី​​ត្រៀម​ផ្ទេរអំណាច​ឲ្យកូន

សម្រាប់អ្នកវិភាគ លោក គីម សុខ បានជឿជាក់ថា វាគ្មានការសង្ស័យទេ ជុំវិញបំណង «សន្តិវង្សត្រកូល ហ៊ុន» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្ទេរអំណាច ...
កម្ពុជា

ហ៊ុន សែន ព្រមានធ្វើសង្គ្រាម ដើម្បី​ការពារ​ថ្ងៃ៧មករា

«បើទោះបីត្រូវធ្វើសង្គ្រាម ដើម្បី​ការពារ​ថ្ងៃ៧មករា ក៏ហ៊ានធ្វើដែរ !» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា ដើម្បីឆ្លើយតប ទៅនឹងអ្នកវិភាគទាំងឡាយ ...
កម្ពុជា

ហ៊ុន សែន ព្រមាន​គណៈរដ្ឋមន្ត្រី​របស់​លោក ថាកុំចង់​ឲ្យលោក​ស្លាប់

បន្ទាប់ពីតំណាល ចូលដល់រឿងដែលលោកថា មិនជឿគេដាក់ថ្នាំបំពុលសម្លាប់លោកនោះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានងាកមកព្រមានគណៈរដ្ឋមន្ត្រីរបស់លោក ថាកុំចង់ឲ្យលោកស្លាប់ ព្រោះបើលោកស្លាប់ គឺមានន័យជាការរំលាយតំណែង តួនាទីរបស់ខ្លួនឯង គ្រវាត់ចោលដូច្នេះដែរ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.