កម្ពុជាដំណឹង

ស្នងការខេត្តក្រចេះ៖​ ស្រាបៀ​១កំប៉ុង​ផឹកគ្នា​៤នាក់ ទើបស្រវឹង​ដួល​ម៉ូតូស្លាប់

លោក សែន សទ្ធា។ (រូបភាពប្រិយមិត្តហ្វេសប៊ុក)
លោក សែន សទ្ធា។ (រូបភាពប្រិយមិត្តហ្វេសប៊ុក)

សម្រាប់ស្នងការនគរបាលខេត្តក្រចេះ លោក លន់ សុផាត បានអះអាងថា សកម្មជនព្រៃឡង់ លោក សែន សទ្ធា រួមនឹងគ្នីគ្នា៣នាក់ទៀត បានទិញ«ស្រាបៀ១កំប៉ុងផឹកគ្នា៤នាក់» ទើបបណ្ដាលឲ្យស្រវឹង មុននឹងជិះម៉ូតូធ្លាក់ស្នាមភ្លោះ រហូតរងគ្រោះដល់ជីវិត។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានថ្លែងឡើងដូច្នេះ តាមរយៈប្រព័ន្ធ​ឃោសនា​ក្នុង​ស្រុក ដើម្បីឆ្លើយតបនឹងព័ត៌មាន ផ្សព្វផ្សាយនៅលើបណ្ដាញសង្កម ដែលលើកឡើងថា លោក សែន សទ្ធា បានជិះម៉ូតូគេចចេញ ពីការបាញ់ប្រហារ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

បណ្ដាញការពារព្រៃឡង់ និងបរិស្ថានក្នុងប្រទេសកម្ពុជា បានរាយការណ៍ថា លោក សែន សទ្ធា សកម្មជនការពារបរិស្ថានមួយរូប បានទទួលមរណភាព ក្នុងយប់រំលងអាធ្រាត ថ្ងៃទី១៦ ចូលមកថ្ងៃទី១៧ ខែកក្កដា បន្ទាប់ពីលោក​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ដួលម៉ូតូ។

ស្រាបៀ​១កំប៉ុង​ផឹកគ្នា​៤នាក់ …

លោកស្នងការខេត្ត ត្រូវបានស្រង់សំដី យកមកចុះផ្សាយថា បន្ទាប់ពីទទួលបានព័ត៌មាន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ក្នុងឃុំកំពង់ចាម ស្រុកសម្បូរ ខេត្តក្រចេះ មន្ត្រី​ជំនាញ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍ បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយទទួល​បាន​ព័ត៌មាន ដូចខាង​ក្រោម៖

«នៅវេលាម៉ោង ២១និង៣០នាទីឈ្មោះ ម៉ាណ ថុល ភេទប្រុស នៅចំណុចកាំភ្លុក ភូមិ​អាដេន ឃុំកំពង់ចាម ស្រុកសម្បូរ ខេត្តក្រចេះ បានឃើញឈ្មោះ សែន សទ្ធា និងឈ្មោះ ហេង ស្រស់ បានជិះម៉ូតូមកដល់ ហើយទិញស្រាបៀរ ចំនួន០១កំប៉ុង រួមគ្នាជាមួយឈ្មោះ ម៉ាណ ថុល ជាម្ចាស់ផ្ទះ និងអ្នកភូមិម្នាក់ទៀត រហូតដល់វេលាម៉ោង២២ ឈ្មោះ សែន សទ្ធា និងឈ្មោះ ហេង ស្រស់ បានឈប់ផឹក (…)។»

លោក លន់ សុផាន បន្តថា៖

«ឈ្មោះ សែន សទ្ធា ជាអ្នកបើកបរម៉ូតូឌុបឈ្មោះ ហេង ស្រស់ ចេញពីផ្ទះឈ្មោះ ម៉ាណ ថុល រហូតដល់ចំណុចកាត់ភ្លុក ភូមិអាជេន ឃុំកំពង់ចាម ស្រុកសម្បូរ ខេត្តក្រចេះ ស្រាប់តែម៉ូតូ​ធ្លាក់ស្នាមភ្លោះដួល បណ្ដាលឱ្យឈ្មោះ សែន សុទ្ធា រងរបួសធ្ងន់។»

ស្នងការនគរបាលខាងលើ មិនបានអះអាងពីលទ្ធផល នៃការធ្វើកោសលវិច្ច័យ ទៅលើ​សាកសព ឬរបាយការណ៍ របស់មណ្ឌលសុខភាពឃុំសម្បូរ ដែលបញ្ជាក់ថា តើលោក សែន សុទ្ធា ពិតជាបានស្រវឹង នៅមុនទទួលមរណភាព ឬយ៉ាងណាទេ។

តែបើតាមការអះអាង របស់លោក ហេង ស្រស់ ដែលស្ថិតក្នុងហេតុការណ៍ បានឲ្យដឹងថា ក្រុមលោកបានជិះម៉ូតូ គេចចេញពីការគម្រាមកំហែង របស់កងសន្តិសុខរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech) នៅបន្ទាប់ពីពួកលោក បានចូលទៅថតរូប ដើម្បីអង្កេតសកម្មភាពដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃឡង់ ស្ថិតក្នុងខេត្តក្រចេះ។

យ៉ាងណា ​លោក ហេង ស្រស់ ដែលជាសកម្មជនការពារបរិស្ថាន មិនបានលើកឡើងថា ពួក​លោក​ត្រូវបានដេញបាញ់ ដោយក្រុមសន្តិសុខ ឬដោយក្រុមជន​ប្រដាប់​អាវុធ​ណាមួយ​ឡើយ។

សកម្មជនដ៏ល្បីឈ្មោះរូបនេះ ត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក មក​អះអាង​ថា៖

«គេគំរាមកំហែងដែរ បើយើងមិនចេញទេ គឺគេមានសន្តិសុខរបស់គេច្រើន គេនឹងឡោមព័ទ្ធ ហើយគេធ្វើបាបយើង គ្រប់រូបភាព។ អ៊ីចឹង ខ្ញុំនិងគាត់ក៏សម្រេចចិត្ត ជិះម៉ូតូគេចខ្លួនពីគេទៅ ដើម្បីទៅរកកន្លែងសុវត្ថិភាពផ្សេងទៀត។»

ព្រោះតែយើងរត់គេចពីក្រញាប់ខ្លា ក្រពើ ហ្វូងសត្វកាចសាហាវ ទើបធ្វើឲ្យបងបាត់បង់ជីវិត ខ្ញុំហ្នឹងចាំនៅគោលបំណងរបស់បង គឺបិទរោងចក្រអាឈើជុំព្រៃឡង់ឲ្យបាន បញងូននឹងខណប្រឹងប្រែង។

Gepostet von Sros Heng am Donnerstag, 16. Juli 2020

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ព្យាយាមទាក់ទងលោក ហេង ស្រស់ ដើម្បីសុំប្រតិកម្មរបស់​លោក នៅចំពោះការអះអាងរបស់លោកស្នងការ លន់ សុផាន ខាងលើ តែការទាក់ទង​នៅមិនទាន់​មាន​ការឆ្លើយតប។

នៅក្នុង​សេចក្ដី​ជូនដំណឹង​មួយ​ ចេញផ្សាយនៅ​ថ្ងៃទី១៧ ខែកក្កដា ក្រុម​ស្នូល​បណ្ដាញ​សហគមន៍​​ព្រៃ​ឡង់​ ខេត្ត​ស្ទឹងត្រែង បាន​និយាយ​​ថា លោក សែន សុទ្ធា បាន​ចូល​ជាស​មា​ជិ​ក និង​ជា​ក្រុម​ស្នូល​​នៃ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ដើម្បី​ការពារ​ព្រៃ​ឡង់ និង​ធនធាន​ធម្មជាតិ​ ចាប់តាំងពី​ឆ្នាំ២០០៥មក។

សេចក្ដីជូនដំណឹងនោះ បានសរសេរថា លោក សែន សុទ្ធា ​តែងតែ​ចុះ​ស៊ើបអង្កេត និង​រាយការណ៍​អំពី​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់ ដូចជា ការទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ ការ​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ឡង់។

មកដល់ពេលនេះ សពលោក សែន សទ្ធា ត្រូវបានបូជារួចរាល់ នៅស្រុក​កំណើត ស្ថិតនៅ​ភូមិ​អូរ​ឡង់ ឃុំ​សៀមបូក ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង៕



លំអិតបន្ថែមទៀត

ផ្ទាំងសំពត់ស

រូបភាពពិសេសៗ​​របស់ផែនដី ក្នុង​ភាពយន្ដ​ឯកសារ «HOME»

ភាពយន្ដឯកសារ «HOME» (បកប្រែក្រៅផ្លូវការ ជាខេមរភាសា «ផ្ទះយើង») ចេញបញ្ចាំងជាសាធារណៈ នៅខែឧសភា ឆ្នាំ២០០៩​ និងមានរយៈពេលសរុប ៩០នាទី (ភាពយន្ដបញ្ចាំងនៅតាមរោង មានរយៈពេល១២០នាទី)។ ជាសមិទ្ធិផលដឹកនាំ​ដោយសមិទ្ធិករបារាំង ...
កំសាន្ដ

សកម្មជន​ទាំងនេះ​សង្គ្រោះ​ហ្វូក​សមុទ្រ ពី​សំណាញ​​នេសាទ

បេសកកម្ម របស់ក្រុមសកម្មជន ការពារធម្មជាតិទាំងនេះ គឺជួយរំដោះសត្វ ហ្វូកសមុទ្រ ឲ្យរួចផុត ពី​សំណាញ​​នេសាទ ខ្សែសន្ទូច ឬកាកសំណល់ផ្សេងៗ ដែលមាននៅក្នុងសមុទ្រ និងដែលអាចបំផ្លាញជីវិត របស់សត្វទាំងនេះបាន។ ពួកគេជាសមាជិក ...
របាយការណ៍

កូនប្រុស ឈុត វុទ្ធី សង្ស័យ​មន្ត្រីរដ្ឋាភិបាល នៅក្រោយឃាតកម្ម​លើឪពុក

លោក ឆឺយ ឧត្ដមរស្មី ដែលជា«កូនប្រុស»លោក ឈុត វុទ្ធី បានសំដែងការសង្ស័យ ដោយត្រង់ៗថា គឺមន្ត្រីរដ្ឋាភិបាលកម្ពុជាតែម្ដង ដែលនៅពីក្រោយឃាតកម្ម បាញ់សម្លាប់លោក ឈុត វុទ្ធី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.