កម្ពុជាដំណឹង

កឹម សុខា នឹង​ត្រូវ​ដោះលែង​នៅចុង​ខែមករា​ខាងមុខ?

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អាចនឹងត្រូវដោះលែង នៅចុងខែមករាខាងមុខ។ នេះ បើតាមប្រភពមន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃកម្ពុជា ដែលត្រូវបានស្រង់សំដី មកផ្សាយនៅលើ​បណ្ដាញ​អ៊ិនធើណែត និងបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុន ដោយសារព័ត៌មាន ឌឺខេមបូឌៀដេលី (The Cambodia Daily)។

បើតាមប្រភពមន្ត្រីជាន់ខ្ពស់ ដែលសារព័ត៌មាន មិនបានបង្ហើប ឲ្យដឹងពីឈ្មោះរូបនោះ បានបញ្ជាក់ថា គម្រោងដោះលែង ប្រធានគណបក្សប្រឆាំង ធ្វើឡើងបន្ទាប់ពីជំនួបមួយ រវាងអនុប្រធានរដ្ឋសភាបារាំង លោក «Sylvain WAERMAN» និងលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ កាលពីដើមសប្ដាហ៍កន្លងមក។

មន្ត្រីដដែលនោះ បានអះអាងថា នៅក្នុងកិច្ចពិភាក្សា រវាងមន្ត្រីជាន់ខ្ពស់បារាំង និងលោក ស ខេង «ភាគីទាំងពីរបានយល់ព្រម នឹងដំណោះស្រាយនយោបាយ ដែលភាគីទាំងពីរអាចទទួលយកបាន ទាំងសងខាង ដោយគ្មាននរណាម្នាក់បាក់មុខ គឺដោះលែងលោក កឹម សុខា ដោយគ្មានការកាត់ទោស ឬទម្លាក់បទចោទ ដែលភាគីទាំងសងខាងអាចទទួលយកបាន»។

ជំនួបរវាងលោក ស ខេង (កណ្ដាលខាងឆ្វេង) ជាមួយលោក «Sylvain WAERMAN»(ខាងស្ដាំ កាន់សំនុំឯកសារពណ៌លឿង) អ្នកតំណាងរាស្ត្រ និងជាអនុប្រធាន រដ្ឋសភាបារាំង។ (រូបថត លើទ្វីសធើរ)

ប្រភពបានលើកយក សំដីរបស់អនុប្រធាន​រដ្ឋសភាបារាំង ដែលប្រាប់ទៅលោក ស ខេង ដូច្នេះថា៖

«បើរដ្ឋាភិបាលកម្ពុជា មិនព្រមស្តារស្ថានការណ៍នយោបាយ ឲ្យវិលមករកភាពប្រក្រតីវិញទេ នោះរដ្ឋាភិបាលបារាំងបារម្ភជាខ្លាំង ចំពោះវាសនាសេដ្ឋកិច្ចរបស់កម្ពុជា ដែលនឹងអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់ប្រភេទរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ឬហៅថា “EBA (Everything But Arms – អ្វីៗទាំងអស់ លើកលែងតែអាវុធ)”»។

«លោក “Sylvain Waerman” បានស្នើឲ្យកម្ពុជា កែប្រែច្បាប់មួយចំនួន ដើម្បីធានាឲ្យមានដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តបតាមលក្ខខណ្ឌ ដែលសហភាពអឺរ៉ុបចង់បាន»។

នៅក្នុង អង្គប្រជុំពេញអង្គ របស់​សភា​អ៊ឺរ៉ុប កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងក្រុងស្ត្រាស្បួរ៍ (ភាគខាងកើតបារាំង) អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini)​ តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ បានថ្លែងទាមទារ ​នូវលក្ខខណ្ឌមួយចំនួនសម្រាប់ឲ្យរបបក្រុងភ្នំពេញអនុវត្តន៍ ដើម្បីជាថ្នូរ ទៅនឹងការមិនដាក់ទណ្ឌកម្ម ផ្នែកពាណិជ្ជកម្ម ពីសំណាក់សហភាពអ៊ឺរ៉ុប ជាពិសេសការព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ «EBA»។

អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ។ (រូបថតផ្លូវការ EU)

ការទាមទារទាំងនោះ មានជាអាទិ៍៖

«យើងរង់ចាំ ឲ្យមានការទម្លាក់ចោល នូវការចោទប្រកាន់ទាំងអស់ និងការដកចេញ នូវការរឹតត្បិតទាំងអស់ ដែលបានដាក់ លើរូបលោក កឹម សុខា ហើយយើងសូមឱ្យនាយករដ្ឋមន្រ្តី [នៃប្រទេសកម្ពុជា] និងមេដឹកនាំគណបក្សប្រឆាំង ចាប់ផ្តើមកិច្ចពិភាក្សាឆ្ពោះទៅមុខ។»

«យើងជំរុញឱ្យអាជ្ញាធរកម្ពុជា ទម្លាក់ការចោទប្រកាន់ ដែលមានចរិតនយោបាយ និងដែលនៅសេសសល់ ប្រឆាំងនឹងក្រុមសកម្មជន និងលប់ចោល នូវបម្រាមលើសកម្មភាពនយោបាយ របស់សមាជិកគណបក្សប្រឆាំងជាន់ខ្ពស់ ចំនួន ១១៨ រូប។ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលត្រូវបានជ្រើសតាំងកាលពីខែមិថុនា កាលពីឆ្នាំមុន គួរតែត្រូវបានប្រគល់ឱ្យវិញ។»

«យើងក៏សូមអំពាវនាវ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីធានា​ឱ្យមានការវិលត្រឡប់ ប្រកបដោយសុវត្តិភាព នៃអ្នកនយោបាយគណបក្សប្រឆាំង, សកម្មជនសង្គមស៊ីវិល និងអ្នកការពារសិទិ្ធមនុស្ស ដែលបានភៀសខ្លួន ចេញពីប្រទេស ដើម្បីគេចចេញ ពីការចាប់ខ្លួន។»

«ច្បាប់ និងបទបញ្ជា ដែលត្រូវបានប្រើ ដើម្បីដាក់កម្រិតគណបក្សប្រឆាំង និងសង្គមស៊ីវិល ត្រូវតែពិនិត្យឡើងវិញ និងធ្វើវិសោធនកម្ម។»

សារព័ត៌មានឌឺខេមបូឌៀ ដេលី បានស្រង់សំដី របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃខ្មែរ ឲ្យដឹងទៀតថា ក្រោយពីលោក កឹម សុខា ត្រូវបានដោះលែង និងគណបក្សសង្គ្រោះជាតិ ត្រូវបានស្ដារនីតិសម្បទា ឲ្យរស់ឡើងវិញហើយនោះ ពេលនោះ ប្រព័ន្ធអនុគ្រោះពន្ធ លើផលិតផលគ្រប់ប្រភេទ ឬហៅថា «EBA» នឹងមិនត្រូវបានដក ពីកម្ពុជានោះឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិនិយោគចិន រងការព្រមានដោយចំហរនិងធ្ងន់ៗពី សម រង្ស៊ី

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញសារខ្លាំងៗមួយ នៅព្រឹកថ្ងៃចន្ទទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រមានក្រុម«អ្នកវិនិយោគចិន និងជនជាតិចិន» ថាព្រឹត្តិការណ៍នយោបាយថ្មី អាចនឹងផ្ទុះឡើងប្រឆាំងពួកគេ ពីសំណាក់ប្រជាជនកម្ពុជា ...
កម្ពុជា

CNRP ហៅ​ការចេញដីកា​ចាប់ខ្លួន​មេដឹកនាំ​ខ្លួន​ទាំង៨ ថាជា​«ការផ្គើន»

ការចេញដីកា ឲ្យចាប់ខ្លួនថ្នាក់ដឹកនាំទាំង៨នាក់ របស់គណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានថ្ងៃមុននេះ បង្ហាញថា របបក្រុងភ្នំពេញសព្វថ្ងៃ កំពុងយកតុលាការ ធ្វើជាឧបករណ៍នយោបាយ ដើម្បីជា«ការផ្គើន» នឹងវិធានការនានារបស់សហគមន៍អន្តរជាតិ និងបំផ្លាញប្រយោជន៍ជាតិកម្ពុជាទាំងមូល។  ខាងលើនេះ ជាការអះអាង ...
កម្ពុជា

ហេតុផលពីរយ៉ាង ដែល​នាំស្ថានទូត​អាមេរិក​លូកដៃ​ចូល​ក្នុង​ករណី កឹម សុខា

ស្ថានទូត​សហរដ្ឋអាមេរិក​ពិតជាមានសិទ្ធិ ក្នុងកិច្ចអន្តរាគមន៍លូកដៃ ចូលករណីលោក កឹម សុខា ដោយសារ«ហេតុផលពីរយ៉ាង»។ នេះ បើតាមការអះអាង​របស់អ្នកនាំពាក្យ​ស្ថានទូត​ នៃប្រទេសមហាអំណាច ប្រចាំក្នុងរាជធានីភ្នំពេញ ដើម្បីប្រតិកម្មតប​ទៅសេចក្ដី​ថ្លែងការណ៍ របស់ក្រសួងការបរទេស​កម្ពុជា ដែលចេញផ្សាយ​ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.