កម្ពុជាដំណឹង

ហ៊ុន សែន គម្រាម​បិទ​«ហ្វេសប៊ុក»​នៅកម្ពុជា

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងនៅកម្ពុជា បានប្រកាសព្រមានក្រុមហ៊ុនហ្វេសប៊ុក នៅថ្ងៃនេះ ថានឹងបិទបណ្ដាញសង្គមមួយនេះនៅកម្ពុជា ប្រសិនណាជាក្រុមហ៊ុន ហ្វេសប៊ុក បិទគណនីនិងទំព័ររបស់លោក។

លោក ហ៊ុន សែន បានសរសេរដូច្នេះនៅមុននេះបន្តិច នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានចំនួនអ្នកតាមដាន (Like) ជិតដល់១១លាននាក់។ ប៉ុន្តែមកដល់ពេលនេះ សារនោះត្រូវបានលប់ចេញទៅវិញហើយ។ លោកសរសេរថា៖

«ក្រុមហ៊ុន ហ្វេសប៊ុក បានលុបនិងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា “បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ”។»

ការលើកឡើងរបស់លោក ហ៊ុន សែន ទំនងជាបានបង្ហើបឲ្យដឹង ពីចំណាត់ការរបស់ក្រុមហ៊ុនហ្វេសប៊ុក បន្ទាប់ពីត្រូវមេធាវីលោក សម រង្ស៊ី ប្ដឹងឡើងទៅតុលាការអាមេរិក ចោទក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ ថាបានទុកបណ្ដោយឲ្យលោក ហ៊ុន សែន ប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោក ដើម្បីគម្រាមកំហែងសិទ្ធិសេរីភាព និងការបញ្ចេញមតិនានា។

លោក សម រង្ស៊ី ខ្លួនលោក ក៏ធ្លាប់បានលើកឡើងដូច្នេះដែរ កាលពីចុងខែធ្នូកន្លងមក ថា ក្រុមហ៊ុន «Facebook» អាចបិទទំព័រ «Facebook» របស់លោក ហ៊ុន សែន ប្រសិនណាជាអាជ្ញាធរក្រុងភ្នំពេញ នៅតែគាបសង្កត់ និងគំរាមកំហែង អ្នកប្រើប្រាស់បណ្តាញ Facebook នៅប្រទេសកម្ពុជា។

ក្នុងពេលភ្លាមៗ មិនមានប្រភពឯករាជ្យណាផ្សេង អាចបញ្ជាក់ពីករណីនេះបាននៅឡើយ។ ប៉ុន្តែការបិទគណនី និងទំព័រហ្វេសប៊ុក ធ្វើឡើងដោយក្រុមហ៊ុនហ្វេសប៊ុក ដូច្នេះ មិនមែនជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលនោះទេ។

កាលពីចុងខែធ្នូ ឆ្នាំ២០១៧ ក្រុមហ៊ុន «Facebook» បានបិទទំព័រហ្វេសប៊ុក​និងអ៊ិនស្តាហ្គ្រាម របស់ប្រធានាធិបតី នៃសាធារណរដ្ឋឆេកឆិន លោក «Ramzan Kadyrov» បន្ទាប់ពីមេដឹកនាំរូបនេះ ត្រូវបានរដ្ឋបាលសហរដ្ឋអាមេរិក រកឃើញថាបានជាប់ពាក់ព័ន្ធ នឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ទៅលើពលរដ្ឋឆេកឆិន​នៅក្នុងប្រទេស។ ទំព័រទាំងពីរនោះ​របស់លោក «Ramzan Kadyrov» មានអ្នកតាមដានប្រមាណជា​៤លាននាក់៕



លំអិតបន្ថែមទៀត

ដំណឹង

អ៊ឺរ៉ុបលប់ចោល​ការអនុគ្រោះពន្ធ​លើ ផលិតផលអង្ករ ពីកម្ពុជា​និង​ភូមា

ពីរាជធានី ព្រុយហ្សែល (ប្រទេសប៊ែលហ្សិក) សហភាពអ៊ឺរ៉ុបបានប្រកាស ក្នុងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ យកពន្ធអាករ​ឡើងវិញ​ទៅលើ ផលិតផលអង្ករ ដែលត្រូវបាននាំចូល ពីប្រទេសកម្ពុជា និងពីប្រទេសភូមា។ ការកំណត់ ...
កម្ពុជា

ស្នងការ​ពាណិជ្ជកម្ម EU មិន​សង្ឃឹម​ថា ហ៊ុន សែន ងាក​មក​វិថី​ប្រជាធិបតេយ្យ

ស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប «EU» ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) បានសំដែងក្ដីទុទិដ្ឋិនិយម នៅចំពោះជំហររបស់លោក ហ៊ុន សែន ក្នុងការងាកមករកការដឹកនាំប្រទេសកម្ពុជា ...
កម្ពុជា

លឺ ឡាយស្រេង សុំ ហ៊ុន សែន ត្រឡប់​ចូល​កម្ពុជា​វិញ ព្រោះ​នឹក​ស្រុក

លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី មកពីគណបក្សហ្វុនស៊ីនប៉ិច បានថ្លែងស្នើសុំ ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យអនុញ្ញាតឲ្យរូបលោក បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ឲ្យបានយ៉ាងហោចណាស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.