កម្ពុជាដំណឹង

ហ៊ុន សែន៖ «ហ្អែង​មិន​ពេញចិត្ត​ទេ ហ្អែង​ទៅនៅក្រៅ​ទៅ […] កុំនៅស្រុកខ្មែរ»

«ហ្អែងពេញចិត្ត ក៏នៅស្រុកខ្មែរ ហ្អែង​មិន​ពេញចិត្ត​ទេ ហ្អែងទៅនៅក្រៅទៅ» នេះ ជាសារនយោបាយ របស់មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ទៅកាន់​អ្នកវិភាគទាំងឡាយ ដែលតែងរិះគន់ ចំពោះជំហររដ្ឋាភិបាលរបស់លោក ក្នុងសំណុំរឿង នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីសំណាក់សហភាពអ៊ឺរ៉ុប (EU)។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ឲ្យដល់និស្សិតច្រើនពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ (ភ្នំពេញ) លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលឯកបក្ស និងជាប្រធានគណបក្សកាន់អំណាច នៅកម្ពុជា បានចុចចំ យកឈ្មោះលោក រ៉ុង ឈុន ប្រធានសហភាព​សហជីព​កម្ពុជា​ មកធ្វើជា«ផ្ទាំងស៊ីប» ដើម្បីពន្យល់ថា បើសិនណា ជាបណ្ដាអ្នករិះគន់ទាំងឡាយ មិនមានគំនិត«ស្រប» នឹងនយោបាយរបស់លោកទេ ពួកគេគ្មានជម្រើសអ្វី ក្រៅពីចេញពីប្រទេសកម្ពុជាឡើយ។

ដូចជាវាគ្មិនផ្សេងទៀតដែរ លោក រ៉ុង ឈុន ដែលមាននិន្នាការ ស្និតលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ  តែងទម្លាក់ការទទួលខុសត្រូវ នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីកម្ពុជា ​ដោយ​សហភាពអឺរ៉ុប ទៅលើ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ទៅលើលោក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់តែម្ដង។

ជាការឆ្លើយតបវិញ លោក ហ៊ុន សែន បានប្រើពិធីចែកសញ្ញាប័ត្រ ទៅដល់និស្សិត ក្នុងថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០នេះ ព្រលះលោក រ៉ុង ឈុង និងបណ្ដាអ្នកវិភាគ ជាមួយនឹងភាសា​«អាម៉ឹង»​ដូច្នេះថា៖

«កម្ពុជាបញ្ជាក់ច្បាស់ហើយ ថាមិនទៅស្នើសុំ អា២០% ត្រឡប់មកវិញទេ។ សុំអាអ្នកវិភាគ ជាពិសេសអា រ៉ុង ឈុន នោះ និយាយស្ដាប់ឲ្យបាន។ គេត្រៀមបម្រុងឯណេះហើយ ឲ្យបាត់ទៅ អា២០%នោះ។»

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​សម្រេចដាក់វិធានការមួយចំនួន ក្នុងនោះ មានការ​លើក​លែង​ពន្ធ​​​ចំនួន៦ខែ​ ដល់ ១ឆ្នាំ ពី​រោងចក្រ​កាត់​ដេរ​ណា ដែល​ជួប​បញ្ហា​ខ្វះ​ខាត​វត្ថុធាតុ​ដើម​ និង​រង​ផល​ប៉ះពាល់ ​ពី​ការ​ព្យួរប្រព័ន្ធអនុគ្រោះ «EBA» ក៏ដូចជា​ជួយ​ចេញប្រាក់បៀវត្សរ៍ ២០% ទៅលើ​ប្រាក់​ខែ​គោល (១៩០ដុល្លារ) សម្រាប់​កម្មករណា ​ដែលត្រូវរោងចក្រ​​ព្យួរ​ការងារ។

ប៉ុន្តែលោក រ៉ុង ឈុន បានពន្យល់តាមវិទ្យុ«អាស៊ីសេរី»​ថា រាល់​វិធានការ​ទាំងនោះ សុទ្ធ​សឹង​តែ​ជា​​ដំណោះស្រាយ​ក្នុង​រយៈពេល​ខ្លី និង​ធ្វើឡើង សម្រាប់តែ​កម្មករ​ណា ដែល​កំពុង​ប៉ះពាល់ ​ពី​រឿង​ព្យួរ​ការងារប៉ុណ្ណោះ។ ​លោក​ថា រឿង​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​ប្រឹង​ប្រែង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «EBA» ឱ្យ​បាន ដើម្បី​ធានា​និរន្តរភាព​ការងារ​ សម្រាប់​កម្មករ​រោងចក្រ និង​អ្នក​ទទួល​ផល ​ពី​វិស័យ​កាត់ដេរ។

សម្រាប់លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា គ្មានទេ ការចរចាជាមួយសហភាពអ៊ឺរ៉ុប ដើម្បីសង្គ្រោះ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «EBA»។ បុរសខ្លាំងកម្ពុជា​ថ្លែងថា៖

«ខ្ញុំនឹងប្រកាសចេញ នៅថ្ងៃទី១ ខែមេសាខាងមុខ នូវវិធានការបន្ថែមទៀត លើវិធានការ ថ្ងៃទី២៩ ខែមិនា ២០១៩ ដែលដាក់រួចកន្លងទៅ។ ព្រោះអានេះ ជាការស្រោចស្រង់ខាងសេដ្ឋកិច្ច។»

បើ«ហ្អែង​មិន​ពេញចិត្ត​ទេ […] កុំនៅស្រុកខ្មែរ»

«បើស្ថានភាពសេដ្ឋកិច្ចអ៊ឺរ៉ុប មិនល្អ ការបញ្ជាទិញពីប្រទេសនានា ក៏នឹងធ្លាក់ចុះដែរ។ យើងត្រូវមើល ឲ្យច្រើនជ្រុង កុំមើលតែមួយជ្រុង។ ហើយគិតស្មានថា ឲ្យកម្ពុជាធ្វើទៅតាមការទាមទារ របស់ EU ដើម្បីបានអា ២០%… អត់ផ្លូវទេ អត់ធ្វើទេ ខ្ញុំបានប្រកាសហើយ មិនយកឯករាជ្យ អធិបតេយ្យភាព របស់កម្ពុជា ទៅដោះដូរ ជាមួយ​ភាពអនុគ្រោះ​ណាទាំងអស់។»

បន្ទាប់មក នាយករដ្ឋមន្ត្រីដែលកាន់តំណែង ជិតបួនទសវត្សន៍ បានបន្តព្រលះក្រុមអ្នករិះគន់ ជាពិសេសលោក រ៉ុង ឈុន ថាបើមិនពេញចិត្តទេ «កុំនៅស្រុកខ្មែរ»។ លោកថា៖

«ខ្ញុំឃើញអាមួយហ្នឹង គឺថានិយាយតែពី “EBA”… ហ្អែង “EBA” ហ្អែងទៅតែឯងទៅ។ ហ្អែងពេញចិត្ត ក៏នៅស្រុកខ្មែរ ហ្អែង​មិន​ពេញចិត្ត​ទេ ហ្អែងទៅនៅក្រៅទៅ […] ចង់ឲ្យកម្ពុជា ធ្វើទៅតាមបំណង ការទាមទាររបស់គេ មិនឲ្យអនុវត្តច្បាប់របស់ខ្លួន អញ្ចឹងមានន័យអី តទៅទៀត? បើអ្នកឯងមិនពេញចិត្តទេ ទៅបម្រើគេទៅ កុំនៅស្រុកខ្មែរ បើស្រុកខ្មែរវាអន់យ៉ាងហ្នឹងនោះ៕»



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ពន្យុះឲ្យ ហ៊ុន សែន ប្ដឹងលោកបន្ថែម ឲ្យច្រើនករណីទៀត

នៅចំពោះគម្រោងដាក់ពាក្យបណ្ដឹង ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងទៅតុលាការបារាំងនោះ លោក សម រង្ស៊ី បានស្វាគមន៍គម្រោងនេះ ដើម្បីអ្វីមួយ ដែលមេដឹកនាំប្រឆាំង លើកឡើងថា ជាការតតាំងគ្នាដោយយុត្តិធម៌ ...
ដំណឹង

សិង្ហបូរី​បកស្រាយ​សំដី​នាយករដ្ឋមន្ត្រី​ខ្លួន ថា​ចង់​សង្កត់ធ្ងន់​ពី​«ស្ថិរភាព»តំបន់

ពាក្យសំដីរបស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលរំលឹកឡើងវិញ ពីប្រវត្តិនៃការវាយលុកប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម មានបំណងចង់លើកឡើង ពីរបៀបនៃការដឹកនាំ ក្នុងការជួយបញ្ចប់សង្រ្គាម ...
កម្ពុជា

ក្រុង​ភ្នំពេញ​ព្រមាន​ចាត់វិធានការ​ប្រឆាំង​ការផ្សាយព័ត៌មាន​ថា អ៊ឺរ៉ុប​«ទុកច្រក»​

ការប្រើពាក្យ ដូចជា «EU ទុកច្រក ឱ្យរដ្ឋាភិបាលកម្ពុជា» ឬពាក្យដទៃទៀត ដែលរបបក្រុងភ្នំពេញវាយតម្លៃថា «មិនត្រឹមត្រូវ» អាចនឹងរងវិធានការ «ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព» ពីរបបដឹកនាំឯកបក្សមួយនេះ។ នេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.