កម្ពុជាដំណឹង

អង្គការសិទ្ធិមនុស្ស គ្រោងប្រតិកម្ម​ជុំវិញការចាប់ខ្លួន រ៉ុង ឈុន ដើមសប្ដាហ៍នេះ

លោក រ៉ុង ឈុន ថតរូបជាមួយបង្គោលព្រំដែនមួយ នៅព្រំដែនកម្ពុជា-វៀតណាម។ (រូបថតលើហ្វេសប៊ុក)
លោក រ៉ុង ឈុន ថតរូបជាមួយបង្គោលព្រំដែនមួយ នៅព្រំដែនកម្ពុជា-វៀតណាម។ (រូបថតលើហ្វេសប៊ុក)

ប្រតិកម្មកំពុងធ្លាក់ចុះ ជាបន្តបន្ទាប់ ជាពិសេសនៅ ដើមសប្ដាហ៍នេះ ។ ហើយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ក៏ស្ថិតក្នុងចំណោមស្ថាប័ន​អន្តរជាតិ​ទាំងនោះ ដែលបាន​ប្រតិកម្ម ចំពោះការចាប់ខ្លួន​លោក រ៉ុង ឈុន នៅក្នុង​ប្រទេស​កម្ពុជា​ដែរ។

អនុប្រធាន​ប្រចាំតំបន់​អាស៊ី​ នៃអង្គការ​អន្តរជាតិខាងលើ លោក​ ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ​បានឲ្យដឹង​នៅលើទំព័រទ្វីសធើរ របស់លោកថា អង្គការឃ្លាំមើល​សិទ្ធិមនុស្ស នឹងចេញសេចក្ដី​ថ្លែងការណ៍ ជុំវិញករណីខាងលើ ក្នុងពេលឆាប់ៗ​នេះ។

លោកបានសរសេរថា៖

«ក្រុមអ្នកតវ៉ានៅរាជធានីភ្នំពេញ កំពុងធ្វើការទាមទារ ឱ្យដោះលែងលោក រ៉ុង ឈុន ដែល​ជា​មេដឹកនាំសហជីព ដ៏លេចធ្លោម្នាក់ នៅកម្ពុជា។ ការបំភិតបំភ័យ​របស់កងកម្លាំង​នគរបាល មិនមានប្រសិទ្ធភាព ចំពោះការតវ៉ានេះទេ! (…) ហើយកម្ពុជាត្រូវតែ​ដោះលែង​លោក រ៉ុង ឈុន ឥឡូវនេះ!»

លោកសាស្ត្រាចារ្យ រ៉ុង ឈុន ដែលជាសកម្មជនមួយរូប ខ្វាយខ្វល់​ចំពោះបញ្ហាព្រំដែន ត្រូវបាន​អាជ្ញាធរ​របបក្រុងភ្នំពេញ ចាប់ខ្លួនទាំងកណ្ដាល​យប់ (យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០) ពីគេហដ្ឋាន​​របស់លោក ក្នុងសង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ លោកត្រូវបាន​​​តុលាការ​​រាជធានី ចោទប្រកាន់​ក្នុង​​រសៀល​ថ្ងៃទី១ ខែសីហា ពីបទ​«ញុះញង់» បង្កឲ្យមានភាព​​វិកវរ​ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម មុននឹងបញ្ជូន ទៅឃុំខ្លួន​​ជាបណ្ដោះអាសន្ន នៅ​ពន្ធនាគារ​​ព្រៃសរ។

នៅចំពោះការចាប់ខ្លួននេះ ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក ក្រុមអ្នកឃ្លាំមើល និងមន្ត្រី​គណបក្សប្រឆាំងផង បានប្រតិកម្មជាបន្តបន្ទាប់ ខណៈពលរដ្ឋច្រើនសិបនាក់ បាន​ប្រមូល​គ្នីគ្នាតវ៉ា នៅខាងមុខតុលាការរាជធានី ដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន ឲ្យមានសេរីភាព​ឡើងវិញ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែង​ព្រមាន ចំពោះនរណាក៏ដោយ ដែលលោកថា បានផ្សាយព័ត៌មានមិនពិត ករណីព្រំដែន នឹងត្រូវជាប់ចោទ ថាជាអំពើញុះញង់ បង្កឱ្យមាន​ភាពវិកវរ​ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលវិធានការច្បាប់ ត្រូវប្រកាន់យក ដោយខានមិនបាន។ លោក គឹម សន្តិភាព បានបន្តថា៖

«ជាក់ស្តែងលោក រ៉ុង ឈុន បានប្រព្រឹត្តបទល្មើសជាក់ស្តែង តាមរយៈសកម្មភាព​ផ្សព្វផ្សាយ​លើ Facebook page ផ្ទាល់ខ្លួន អំពីព័ត៌មានមិនពិត ទាក់ទងនឹងករណី​ព្រំដែន ដូចអ្វីដែលមានក្នុងសេចក្តីថ្លែងការណ៍ របស់​គណៈកម្មាធិការ​ចម្រុះ​​កិច្ចការ​ព្រំដែន ហេតុនេះ ការអនុវត្ត​វិធានការច្បាប់ លើសកម្មភាព​ល្មើសច្បាប់​នេះ មិនមាន​អ្វីចម្លែក​នោះទេ។»

យ៉ាងណា លោក រ៉ុង ឈុន បានថ្លែងផ្ទាល់មាត់ ក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុ​អាស៊ីសេរី​ថា លោកគ្រាន់តែ​បញ្ជូនសារ​ទុក្ខព្រួយ របស់ពលរដ្ឋ​នៅតាមព្រំដែន មកប្រាប់ដល់​រដ្ឋាភិបាល​ប៉ុណ្ណោះ៕



លំអិតបន្ថែមទៀត

របាយការណ៍

«មនុស្ស​ជាង​៣០០​នាក់ ត្រូវ​បាន​សម្លាប់ ក្នុងរយៈពេល​២០ឆ្នាំ»

នៅតែប៉ុន្មានថ្ងៃមុនដំណើរមកដល់ នៃប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញ​របាយការណ៍មួយ ដែលលើកពីការសម្លាប់ និងការរំលោភធ្ងន់ធ្ងរ ក្នុងរយៈពេល​២០ឆ្នាំ ឬពីរទសវត្សរ៍ ក្រោមការកាន់អំណាច​ដោយ​ហឹង្សា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន ...
កម្ពុជា

អង្គការសារព័ត៌មានក្នុងស្រុក ចំនួន២ ស្នើឲ្យដោះលែង សុវណ្ណ រិទ្ធី

«ការស្រង់សម្ដី របស់លោកនាយករដ្ឋមន្ត្រី [យកមកចុះផ្សាយបន្ត] មិនគួរត្រូវបានចាត់ទុក ថាជាបទឧក្រិដ្ឋទេ» នេះជាការអះអាងឡើង របស់ អង្គការសារព័ត៌មានក្នុងស្រុក ចំនួន២ ដែលបានស្នើ ឲ្យដោះលែង លោក សុវណ្ណ ...
លោក រ៉ុង ឈុន (ខាងឆ្វេងបំផុត) លោក សម រង្ស៊ី និងលោក កឹម សុខា នៅក្នុងតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុកលោក សម រង្ស៊ី)
កម្ពុជា

សម រង្ស៊ី ថ្លែងឲ្យប្រើការចាប់ខ្លួន រ៉ុង ឈុន ដើម្បី​ងើបឈរ​ឡើង ផ្លាស់ប្ដូរ​របប

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានធ្វើសេចក្ដីថ្លែងការណ៍​ផ្ទាល់មាត់មួយ ពីប្រទេស​បារាំង អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួបរួមគ្នា ក្នុងការប្រើឱកាស នៃការចាប់ខ្លួនលោក រ៉ុង ឈុន ដើម្បី​ងើបឈរឡើង ឈាន​ទៅផ្លាស់ប្ដូររបបដឹកនាំ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.