កម្ពុជាដំណឹង

Covid-19៖ ហ៊ុន សែន ឲ្យព្យួរ​«សិទ្ធិឯកជនពលរដ្ឋ» និង​បង្ហាញមុខ​អ្នកជំងឺ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានចេញបញ្ជា ឲ្យព្យួរ«សិទ្ធិឯកជនពលរដ្ឋ» និងបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​ជាសាធារណៈ ដើម្បីអ្វីមួយ ដែលបុរសខ្លាំងរូបនេះ អះអាងថា ជាការទប់ស្កាត់ការរីករាលដាល នៃការបន្តឆ្លងជំងឺកូវីដ-១៩ (Covid-19) ក្នុងសហគមន៍​និងលើផ្ទៃប្រទេស ដែលមកដល់ថ្ងៃនេះ ត្រូវបានរកឃើញកើនឡើង ជិត៣០នាក់រួចហើយ។

តែការព្យួរ«សិទ្ធិឯកជនពលរដ្ឋ»ខាងលើ មិនត្រូវបានលោក ហ៊ុន សែន បញ្ជាក់ថាទទួលបានភ្លើងខៀវ ពីសភាទាំងពីរថ្នាក់ ឬយ៉ាងណាទេ។ លោក គ្រាន់តែពន្យល់ថា  មានការផ្សព្វផ្សាយរួចហើយ អំពីក្រុមមនុស្ស ដែលជាប់ទាក់ទង ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ដែលក្នុងនោះរាប់ទាំងរូបលោក និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតផង។

នៅក្នុងសារសម្លេងមួយ ដែលលោកបានផ្ញើរ​ឲ្យប្រព័ន្ធផ្សព្វផ្សាយ ក្នុងយប់ថ្ងៃសុក្រទី៤ ខែធ្នូ ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា៖

«ព្រឹត្តិការណ៍២៨វិច្ឆិកា មកដល់ពេលនេះ ពុំទាន់មានពន្លឺថា វាឆ្លងមកពីប្រភពណា​នៅឡើយទេ ហើយ​វាឆ្លងពីនរណា។ ពិតមែនតែអ្នកបច្ចេកទេស បានបកស្រាយ​ច្បាស់លាស់ ថាមិនមានទាក់ទង ទៅនឹងព្រឹត្តិការណ៍៣វិច្ឆិកានោះទេ ប៉ុន្តែភាពងងឹត​របស់យើង នៅតែបន្តចំពោះការឆ្លង ពីប្រភពណា និងឆ្លងនរណាមុន នរណាក្រោយ នៅមិនទាន់បានច្បាស់។»

លោកបន្តថា៖

«មានការចាំបាច់ ដើម្បីធ្វើការផ្សព្វផ្សាយ នូវរូបថត ក៏ដូចជាឈ្មោះ ទីលំនៅ និង​អស័យដ្ឋាន និងជារួមអត្តសញ្ញណ នៃអ្នកដែលបានកើត កូវីដ-១៩នេះ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​យើងបានស្គាល់ឈ្មោះ ហើយបើមានទំនាក់ទំនង ជាមួយនឹងឈ្មោះនោះ គឺមកបង្ហាញខ្លួនភ្លាមៗ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក បានទាន់ពេល។»

សម្រាប់លោក ព្រហ្ម គិត អ្នកឃ្លាំមើលបញ្ហាសង្គម បានអះអាងផ្ទុយមកវិញ និងយ៉ាងខ្លីថា វិធានការ​ខាងលើ របស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក នឹងបង្កឲ្យមាន​ការឆ្លង​រាលដាល កាន់តែខ្លាំង ព្រោះចាប់ពីពេលនេះ​តទៅ អ្នកដែលសង្ស័យថា ខ្លួនមាន​ជាប់​ទាក់ទង នឹងអ្នកជំងឺ នឹងលែងហ៊ានមកធ្វើតេស្ដិ៍ ដោយសារពួកគេខ្លាច​ការបង្ហាញមុខ​​ជាសាធារណៈ ដែលជាការរំលោភលើ«សិទ្ធិឯកជន»ផង និងរំលោភលើ​«ឯកជនភាព​របស់អ្នកជំងឺ»នោះផង។

បញ្ជាររបស់លោក ហ៊ុន សែន ឲ្យបង្ហាញអត្តសញ្ញាណអ្នកជំងឺ នឹងធ្វើឲ្យមានការចម្លងកាន់តែខ្លាំង ព្រោះអ្នកជាប់សង្ស័យ នឹងឈប់ទៅធ្វើតេស្ដិ៍ !

Posted by ព្រហ្ម គិត on Friday, December 4, 2020

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍​២៨វិច្ឆិកា មានប្រមាណជា២៨នាក់ (បូករួមទាំងករណី វិជ្ជមាន៦នាក់ថ្មីនេះ) ដែលធ្វើឲ្យ​តួលេខអ្នកឆ្លងសរុប នៅទូទាំងប្រទេស កើនឡើងដល់៣៤១នាក់៕



លំអិតបន្ថែមទៀត

កម្ពុជា

លឺ ឡាយស្រេង សុំ ហ៊ុន សែន ត្រឡប់​ចូល​កម្ពុជា​វិញ ព្រោះ​នឹក​ស្រុក

លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី មកពីគណបក្សហ្វុនស៊ីនប៉ិច បានថ្លែងស្នើសុំ ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យអនុញ្ញាតឲ្យរូបលោក បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ឲ្យបានយ៉ាងហោចណាស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ...
កម្ពុជា

EU នឹង​មិនផ្អាក​ការសម្រេច​របស់ខ្លួន ក្នុង​ការព្យួរ​«EBA»​ពីកម្ពុជា​ឡើយ

គ្មានទេ! គ្មានការឆ្លើយតប ជាវិជ្ជមានឡើយ ពីសំណាក់សហភាពអ៊ឺរ៉ុប (EU) ចំពោះ​សំណើរ​​​របស់​​ក្រុម​​សហគ្រិនកម្ពុជា ដែលចង់ឲ្យសហភាព​អ៊ឺរ៉ុបយោគយល់ ដោយផ្អាក ឬពន្យាពេល​​ការសម្រេចព្យួរ ប្រព័ន្ធអនុគ្រោះពន្ធ ហៅថា «EBA» ពីប្រទេសកម្ពុជា ...
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅក្នុងវិមានប្រធានាធិបតី។ (រូបថតលើទ្វីសធើរ)
ដំណឹង

Covid-19៖ បារាំងប្រកាស​ដាក់តំបន់​មួយចំនួន ក្នុង​ភាពអាសន្នវិញ

ចាប់ពីថ្ងៃសៅរ៍ខាងមុខនេះ រហូតដល់យ៉ាងតិច ៤សប្ដាហ៍ខាងមុខ តំបន់មួយចំនួន នៃប្រទេសបារាំង ត្រូវបានដាក់ ក្នុង​ភាពអាសន្នវិញ ដោយបិទការធ្វើដំណើរ រវាងពីម៉ោង​៩យប់ រហូតដល់ម៉ោង៦ភ្លឺ។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.