កម្ពុជាដំណឹង

ជុំ កុសល «ប្ដូរចិត្ត»​លែងតាម​ចាប់ខ្លួន​អ្នករិះគន់ នៅហ្វីលីពីន​ហើយ

ការប្រកាសរបស់លោក ជុំ កុសល ស្នើឲ្យតាមចាប់ខ្លួនស្ត្រីអ្នករិះគន់ម្នាក់ បានប្រែ​ទិដ្ឋភាព​ជាថ្មី ដោយរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បាន«ប្ដូរចិត្ត»ថា មិនទៅចាប់​ខ្លួនស្ត្រី​ខាង​លើ ដល់ប្រទេសហ្វីលីពីនទេ ព្រោះមិនចង់ផ្ដល់តម្លៃឲ្យនាង។

ដើម្បីយល់រឿងនេះ គេត្រូវវិលត្រឡប់ទៅក្រោយ ប៉ុន្មានថ្ងៃឡើងវិញ។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ម្ចាស់គណនីហ្វេសប៊ុក មាស លក្ខិណា (Leakana Meas) បានបង្ហោះសារខ្លីមួយរបស់ខ្លួន ជាមួយនឹងរូបថតពីរសន្លឹក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សារនោះ ជាការជូនពរបុរសខ្លាំង នៅកម្ពុជា ដោយប្រើពាក្យចំអកថា៖

«ខ្ញុំ មាស លក្ខិណា សូមជូនពរសម្តេចអី ឆាប់ទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សាធុ សាធុ សាធុ!»

សាររបស់អ្នកគាំទ្រ​គណបក្សសង្គ្រោះជាតិរូបនេះ បានរងប្រតិកម្មពីអ្នកគាំទ្រលោក ហ៊ុន សែន មកវិញ ជាពិសេសលោក ជុំ កុសល តែម្ដង ដោយចាត់ទុកការបង្ហោះសារខាងលើ ថាជា​ការប្រមាថ​ធ្ងន់ធ្ងរ និងបានដើរហួស ពីបន្ទាត់ច្បាប់។ រដ្ឋលេខាធិការក្រសួងព័ត៌មាន បាន​បង្ហោះ​សារតបវិញថា៖

«នេះគឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះថ្នាក់ដឹកនាំប្រទេស។ ខ្ញុំស្នើសុំសមត្ថកិច្ច ស្វែងរក​ស្រីម្នាក់នេះ ដែលប្រើប្រាស់អាខោនហ្វេសបុក ឈ្មោះ “Leakana Meas” មក​ផ្តន្ទាទោស តាមផ្លូវច្បាប់។»

នៅចំពោះការវិនិច្ឆ័យជំនួសតុលាការ របស់លោក ជុំ កុសល ម្ចាស់គណនី «Leakana Meas» បានឆ្លើយតបវិញ ដោយបង្ហោះសារ​ប្រើពាក្យលែបខាយ និងពន្យុះឡើងថា «បើខ្លាំង មកចាប់​ដល់ហ្វីលីពីនមក» នោះនាងនឹងរង់ចាំទទួល នៅព្រលានយន្តហោះ។

រឿងភាគខាងលើ បានបន្តមកដល់ថ្ងៃនេះ កាលពីប៉ុន្មាននាទីមុន។ គឺបន្ទាប់ពីត្រូវនាង «Leakana Meas» និយាយដាក់«ផ្លែផ្កា»​ឲ្យរួច លោក ជុំ កុសល បាន«ប្ដូរចិត្ត»វិញ ដោយ​លើក​ឡើង​ថា ទោស​ត្រឹម​ប្រមាថលោក ហ៊ុន សែន គ្មាននរណាផ្ដល់តម្លៃ​ឲ្យស្ត្រីអ្នករិះគន់​ខាង​លើ រហូត​ទៅ​តាម​ចាប់នាង ដល់ប្រទេសហ្វីលីពីន មកផ្ដន្ទាទោសនោះទេ។

លោក កុសល ដែលជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ តាមប្រព័ន្ធឃោសនា​ក្រុង​ភ្នំពេញ បានសរសេរថា៖

«ទោះបីនាងកំពុងគេចខ្លួន នៅក្រៅប្រទេស ហើយគិតថា ច្បាប់មិនអាចធ្វើអីនាងបាន ក៏ស្រេចតែការគិតចុះ ប៉ុន្តែត្រូវដឹងថា បើនាងមានបទឧក្រិដ្ឋ នាងនៅត្រឹមហ្វីលីពីន ក៏នាងមិនរួចខ្លួនដែរ។ តែនេះនាងត្រឹមប្រមាថថ្នាក់ដឹកនាំ គេមិនផ្តល់តម្លៃឲ្យនាង ទៅចាប់នាងមកផ្តន្ទាទោសទេ ទុកឲ្យនាងទទួលយកផលកម្ម នៃការប្រមាថនេះ ត្រឡប់ទៅវិញចុះ។»

កម្ពុជា និងហ្វីលីពីន គ្មានសន្ធិសញ្ញាធ្វើបត្យាប័ន រវាងគ្នានោះទេ។

កន្លងមក ជារឿយដង លោក ជុំ កុសល ដែលពេលនេះ ជាមន្ត្រីរដ្ឋាភិបាលមួយរូប តែង​ធ្វើអត្ថាធិប្បាយ និងធ្វើការវិនិច្ឆ័យ​ជំនួសតុលាការ ទៅលើសកម្មភាពតវ៉ាប្រឆាំង ឬការ​រិះគន់ទាំងឡាយ ពីសំណាក់ក្រុមមន្ត្រីប្រឆាំង ឬអ្នកវិភាគ។

កាលពីពេលថ្មីៗនេះ លោក ជុំ កុសល បានធ្វើការវិនិច្ឆ័យ ទៅលើការតវ៉ារបស់ក្រុមយុវជន និងញាតិមិត្ត ក្នុងករណីចាប់ខ្លួនលោក រ៉ុង ឈុន ដោយហៅពួកគេទាំងនេះ ថាជា​«កំទិច​ភ្លើង» ដែលត្រូវតែ«ពន្លត់»៕



លំអិតបន្ថែមទៀត

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ស្ថានទូតអាមេរិក ទាត់​ចោល​ការ​ចោទ​របស់​ក្រុងភ្នំពេញ

ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានធ្វើសន្និសីទកាសែតមួយ កាលពីរសៀលថ្ងៃនេះ ទាត់ចោលការចោទប្រកាន់ទាំងឡាយ ដែលហាក់មានសន្ទុះ កាន់​តែ​ខ្លាំងឡើង ពីសំណាក់រដ្ឋាភិបាលកម្ពុជា ជាពិសេស ពីសំណាក់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្ថានទូតបានពន្យល់ ...
កម្ពុជា

ចៅក្រម​បង្គាប់​ឲ្យ រ៉ុង ឈុន និង​ដើមបណ្ដឹង​ផ្សេងទៀតត្រូវ​«បង់ពន្ធថ្លៃបណ្ដឹង»

បណ្ដឹងទាមទារឲ្យស៊ើរើឡើងវិញ នូវការសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡា ជុំវិញ​ការលុបឈ្មោះលោក រ៉ុង ឈុន និងគ្រូបង្រៀនច្រើននាក់ ចេញពីក្របខណ្ឌគ្រូបង្រៀននោះ នឹងមិនត្រូវបានតុលាការចាត់ការទេ បើសិនជាដើមបណ្ដឹងទាំងនេះ មិន​«បង់ពន្ធថ្លៃបណ្ដឹង» ឲ្យទាល់​ពេល ...
កម្ពុជា

ហ៊ុន សែន ថាមុខ​មន្ត្រី​ប្រឆាំង «មិនមែនមុខដូចម៉ែអញ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានប្រើពាក្យ«មុខហ្អែង មិនមែនមុខដូចម៉ែអញ» ដើម្បីព្រមានបិទទ្វានៃការផ្ដល់សិទ្ធិធ្វើនយោបាយ សម្រាប់ក្រុមមន្ត្រីគណបក្សប្រឆាំងវិញ ដោយលោកទុកពេលឲ្យ រហូតដល់ពេលក្រោយចូលឆ្នាំខ្មែរខាងមុខ។ បុរសខ្លាំងកម្ពុជាដែលអង្គុយនៅក្នុងតំណែង តាំងពីជាង៣៤ឆ្នាំមកនោះ បានបើពាក្យថា បើក្រុមមន្ត្រីប្រឆាំងដែលនៅសេសសល់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.