រាជាណាចក្រប៊ែលហ្សិក តាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន លោក ឌីឌ្យេ រ៉េនឌ័រ (Didier Reynders) បានសំដែងជំហរ នៅចំពោះស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា ដោយទទូចឲ្យប្រទេសនេះ ស្ដារនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ប្រសិនជាកម្ពុជា ចង់មាន«ទំនាក់ទំនងល្អ» ជាមួយសហភាពអ៊ឺរ៉ុប។
លោក ឌីឌ្យេ រ៉េនឌ័រ ដែលមានតួនាទី ជាឧបនាយករដ្ឋមន្ត្រីផង បានថ្លែងដូច្នេះ នៅក្នុងជំនួបដាច់ដោយឡែក ជាមួយសមភាគីកម្ពុជា គឺលោក ប្រាក់ សុខុន កាលពីរសៀលថ្ងៃចន្ទ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស អាស៊ាន-សហភាពអឺរ៉ុបលើកទី២២ នៅរាជធានីព្រុចសែល។
ប្រមុខការទូតប៊ែលហ្សិក បានថ្លែងឡើង ដោយប្រើភាសាការទូតយ៉ាងខ្លីថា៖
«ក្នុងឱកាសនៃជំនួបទ្វេរភាគី ជាមួយសមភាគីកម្ពុជារបស់ខ្ញុំ ខ្ញុំបានសង្កត់ធ្ងន់ អំពីសារសំខាន់ នៃការស្ដារឡើងវិញ នូវនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស [កម្ពុជា] ដែលអនុញ្ញាតឲ្យ[កម្ពុជា] មានទំនាក់ទំនងស៊ីជម្រៅ ជាមួយសហភាពអ៊ឺរ៉ុប។»
រាជាណាចក្រប៊ែលហ្សិក ជាប្រទេសម្ចាស់ផ្ទះ នៃទីស្នាក់ការកណ្ដាល របស់សហភាពអ៊ឺរ៉ុប ដែលមានសមាជិក២៨ប្រទេស (រាប់ទាំងចក្រភពអង់គ្លេស)។ ក្នុងពេលកន្លងមក គឺកម្រឃើញប្រទេសបេះដូងអ៊ឺរ៉ុបមួយនេះ បញ្ចេញប្រតិកម្ម ឬបង្ហាញជំហរ ទាក់ទងនឹងស្ថានភាពនយោបាយ នៅកម្ពុជាណាស់។
សម្រាប់ភាគីកម្ពុជាវិញ គេមិនឃើញមាន សេចក្ដីប្រកាសព័ត៌មានអ្វី នៅក្រោយជំនួបនោះទេ។ នៅលើគេហទំព័ររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជា នៅលើទំព័រហ្វេសប៊ុករបស់ក្រសួង គេគ្រាន់តែឃើញ មានព័ត៌មានសរសេរថា គណៈប្រតិភូការទូតកម្ពុជា បានជួបជាមួយសមភាគីបែលហ្សិក នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-សហភាពអឺរ៉ុប ប៉ុណ្ណោះ។
ទំនាក់ទំនងល្អ កម្ពុជា-សហភាពអ៊ឺរ៉ុប បានធ្លាក់ចុះបន្តិចម្ដងៗ បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានមើលឃើញថា របបដឹកនាំរបស់លោក ហ៊ុន សែន បានបង្ក្រាបមិនប្រណីដៃ ជាបន្តបន្ទាប់ ទៅលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល ដែលមិនរណបរដ្ឋាភិបាល និងទៅលើសាព័ត៌មានឯករាជ្យ។
ការធ្លាក់ចុះដំបូងបំផុត នៃទំនាក់ទំនងជាមួយសហភាពអ៊ឺរ៉ុប ត្រូវបានបញ្ជាក់ តាមរយៈការព្យួរជំនួយ ច្រើនលានដុល្លារ ទៅឲ្យស្ថាប័នជាតិរៀបចំការបោះឆ្នោតកម្ពុជា កាលពីដើមខែធ្នូ ឆ្នាំ២០១៧។
កម្ពុជាក្រោមការដឹកនាំ របស់លោក ហ៊ុន សែន និងសហភាពអ៊ឺរ៉ុប កាន់តែមើលមុខគ្នាមិនចំ បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានប្រកាសទាត់ចោលលទ្ធផល នៃការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយចាត់ទុកការបោះឆ្នោតនោះថា «មិនតំណាងឱ្យឆន្ទៈពិតប្រាកដ របស់អ្នកបោះឆ្នោតកម្ពុជា តាមបែបប្រជាធិបតេយ្យ ហើយធ្វើឲ្យលទ្ធផល នៃការបោះឆ្នោតនេះ មិនមានភាពជឿជាក់បានឡើយ»។
ទំនាក់ទំនងនេះ រវាង កម្ពុជា-សហភាពអ៊ឺរ៉ុប កាន់តែធ្លាក់ចុះដុនដាបថែមទៀត បន្ទាប់ពីសហភាពអ៊ឺរ៉ុប នៅដើមខែតុលា ឆ្នាំ២០១៨ បានប្រកាសបើកនីតិវិធី ដែលមានរយៈពេល ៦ខែ និងបន្ថែម៦ខែទៀត ដើម្បីឈានទៅដក ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេសកម្ពុជា។
ការសម្រេចខាងលើ ក៏ត្រូវបានសហភាពអ៊ឺរ៉ុប ធ្វើសេចក្ដីជូនដំណឹង ទៅកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងពេលនោះដែរ ដោយបានអំពាវនាវ ឲ្យកម្ពុជា «ដើរចេញពីមាត់ជ្រោះ»។ តែរបបដឹកនាំក្រុងភ្នំពេញ តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានប្រតិកម្មតប ទៅសហភាពអ៊ឺរ៉ុបវិញ ដោយហៅការបើកនីតិវិធីខាងលើ ថាជាទង្វើដ៏«អយុត្តិធម៌»បំផុត៕