កម្ពុជាដំណឹង

សភាអ៊ីតាលី​អនុម័ត​ញត្តិ​ស្នើឲ្យ​ភាគីកម្ពុជា​ជជែកគ្នា និង​ចូលរួម​នីតិវិធីព្យួរ EBA

រដ្ឋសភានៃប្រទេសអ៊ីតាលី ដែលជាសមាជិកដ៏សំខាន់មួយ របស់សហភាពអ៊ឺរ៉ុប បានអនុម័តញត្តិមួយ កាលពីថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីចាត់រដ្ឋាភិបាលរបស់ខ្លួន ឲ្យ«អញ្ជើញ»ភាគីជម្លោះខ្មែរទាំងអស់ធ្វើការជជែកគ្នា និងត្រូវចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនីតិវិធី របស់គណៈកម្មការអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA»។

ញត្តិស្នើដំណោះស្រាយ លេខ «7-00173» របស់លោកតំណាងរាស្ត្រអ៊ីតាលី «Formentini Paolo» ដែលត្រូវបានដាក់ ឲ្យពិភាក្សាដេញដោល និងអនុម័ត្រនៅក្នុងថ្ងៃតែមួយ (ថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩) បានសំដែងពីការព្រួយបារម្ភ ចំពោះការដើរថយក្រោយ នៃស្ថានការណ៍នយោបាយ និងសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា។

ញត្តិនោះ​ដែល​​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ចូលទៅ​ពិគ្រោះ បានសរសេរយកមកបញ្ជាក់ នូវព្រឹត្តិការណ៍ជាច្រើនដែលបានកើតឡើង ដ៏ចម្រូងចម្រាស់នៅកម្ពុជា មានដូចជាការឃាត់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូល និងការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ជាដើម។ ញត្តិបានបន្តថា៖

«ប្រទេសកម្ពុជា ទទួលផលពីរបបអនុគ្រោះពន្ធ «GSP» ដ៏ប្រសើរជាងគេបំផុត របស់សហភាពអ៊ឺរ៉ុប ហៅថា “EBA” – ហើយរវាងពីឆ្នាំ២០១៤ មកទល់នឹងឆ្នាំ២០២០ ថវិកាប្រមាណជា ៤១០លានអ៊ឺរ៉ូ​របស់សហភាពអ៊ឺរ៉ុប ត្រូវបានផ្ដល់ទៅឲ្យប្រទេសកម្ពុជា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងនោះ១០លានអ៊ឺរ៉ូ ដែលសម្រាប់គាំទ្រកំណែទម្រង់ការបោះឆ្នោតនៅក្នុងប្រទេស កំពុងស្ថិតក្នុងការព្យួរ។»

ចំណាត់ការបីចំណុច ដែលញត្តិនោះចាត់រដ្ឋាភិបាលអ៊ីតាលី ឲ្យទទួលបន្ទុករួមមាន៖

១) ត្រូវអញ្ជើញភាគីជម្លោះខ្មែរទាំងអស់ មានទាំងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នផង (…) ដើម្បីបង្កើតបរិយាកាសនៃភាពទុកចិត្ត តាមរយៈការជជែកពិភាក្សា ជាមួយគ្រប់តួអង្គទាំងអស់ ដើម្បីធានាពីសិទ្ធសេរីភាព ក្នុងការបញ្ចេញមតិ និងការធ្វើសមាគម ដែលមានចែង នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព​ក្រុងប៉ារីស ឆ្នាំ១៩៩១។

២) ត្រូវរក្សាការចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចពិភាក្សា ដោយគោរពតាមបទប្បញ្ញត្តិទាំងឡាយនៃសហភាពអ៊ឺរ៉ុប ជុំវិញនីតិវិធីជាធរមាន ស្ដីពីអនាគតរបស់ប្រព័ន្ធអនុគ្រោះពន្ធ «EBA» សម្រាប់ប្រទេសកម្ពុជា ដោយឈរលើការសម្រេច របស់គណៈកម្មការអ៊ឺរ៉ុប។

៣) ត្រូវវាយតម្លៃលទ្ធភាព ដែលអាចឈានទៅអនុម័តគម្រោង ស្ដីពីសមត្ថកិច្ចនៃរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ឲ្យមាននូវប្រព័ន្ធកំណែទម្រង់ សំដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងដាក់ឲ្យអនុវត្តន៍​នូវស្ដង់ដាទាបបំផុត ដែលទទួលស្គាល់ជាអន្តរជាតិ អំពីដំណើរការបោះឆ្នោតទាំងឡាយនាពេលអនាគត រួមទាំងការរៀបចំការបោះឆ្នោត ដោយសេរី ពហុបក្ស និងដើម្បីធានា នូវគោលការណ៍ជាមូលដ្ឋានគ្រឹះ នៃការចូលរួមពីសំណាក់សង្គមស៊ីវិល។

សូមបញ្ជាក់ដែរថា ក្នុងឱកាសទស្សនកិច្ច នៅប្រទេសអ៊ីតាលី កាលពីខែតុលា ឆ្នាំ២០១៨ ប្រតិភូគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី បានចូលរួមសវនការស្តីពីកម្ពុជា ដែលរៀបចំដោយគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាអ៊ីតាលី។ ការចូលរួមរបស់ក្រុមមេដឹកនាំប្រឆាំង បានបង្កើតឲ្យមានចំណាប់អារម្មណ៍ខ្លាំងក្លា ពីសំណាក់ក្រុមអ្នកតំណាងរាស្ត្រអ៊ីតាលី នៅចំពោះវិបត្តិនយោបាយនៅកម្ពុជា៕



លំអិតបន្ថែមទៀត

កម្ពុជា

ជុំ កុសល «ប្ដូរចិត្ត»​លែងតាម​ចាប់ខ្លួន​អ្នករិះគន់ នៅហ្វីលីពីន​ហើយ

ការប្រកាសរបស់លោក ជុំ កុសល ស្នើឲ្យតាមចាប់ខ្លួនស្ត្រីអ្នករិះគន់ម្នាក់ បានប្រែ​ទិដ្ឋភាព​ជាថ្មី ដោយរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បាន«ប្ដូរចិត្ត»ថា មិនទៅចាប់​ខ្លួនស្ត្រី​ខាង​លើ ដល់ប្រទេសហ្វីលីពីនទេ ព្រោះមិនចង់ផ្ដល់តម្លៃឲ្យនាង។ ដើម្បីយល់រឿងនេះ គេត្រូវវិលត្រឡប់ទៅក្រោយ ប៉ុន្មានថ្ងៃឡើងវិញ។ ...
កម្ពុជា

សម រង្ស៊ី៖ ហ្វេសប៊ុក​អាច​បិទ​ទំព័រ ហ៊ុន សែន បើ​បន្ត​បង្ក្រា​បអ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម

ប្រធានស្ដីទីគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានអះអាងថា ក្រុមហ៊ុន «Facebook» អាចបិទទំព័រ «Facebook» របស់លោក ហ៊ុន សែន ប្រសិនណាជាអាជ្ញាធរក្រុងភ្នំពេញ នៅតែគាបសង្កត់ និងគំរាមកំហែង ...
កម្ពុជា

បាតុកម្ម​ភ្លើង​ទៀន៖ ចលនា​«ពន្លឺ​ភ្លើង​ទៀន»​ផ្ទុះឡើង​ នៅ​ជុំវិញ​ពិភពលោក

បាតុកម្មភ្លើងទៀន មិនមែនជាព្រឹត្តិការណ៍តែមួយ ដែលកើតនៅប្រទេសកូរ៉េខាងត្បូង និងដែលរៀបចំឡើង ដោយក្រុមយុវជនគណបក្សសង្គ្រោះជាតិ នោះទេ។ ប៉ុន្តែ«ពន្លឺ​ភ្លើង​ទៀន» បានផ្ទុះឡើងនៅពាសពេញពិភពលោក ដើម្បីបង្ហាញសាមគ្គីភាព ជាមួយនឹងក្រុមយុវជន-ពលករ-និស្សិតខ្មែរ នៅកូរ៉េ ដែលបានប្រមូលគ្នារាប់ពាន់នាក់ ចូលមកធ្វើបាតុកម្មក្នុងយប់ថ្ងៃសៅរ៍ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.