កម្ពុជាដំណឹង

ខ្លីៗពីបារាំង៖ ហ៊ុន សែន ធ្វើ​«ពាណិជ្ជកម្ម​សេរី»​ជាមួយ​​ចិន​ដើម្បី​ផ្ចាញ់ផ្ចាល EU

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នឹងចុះហត្ថលេខា ជាមួយចិនកុម្មុយនីស្ដិ៍ នៅថ្ងៃទី១២ ខែសីហាខាងមុខ លើកិច្ចព្រមព្រៀង«ពាណិជ្ជកម្មសេរី» រវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ ហើយថ្ងៃទី១២ ខែសីហា ដែលជាថ្ងៃចុះហត្ថលេខានេះ មិនមែនត្រូវបានជ្រើសរើសឡើង ដោយចៃដន្យនោះឡើយ។

​របាយការណ៍​ខ្លីៗ ប្រចាំសប្ដាហ៍​ទី២៩ របស់​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបារាំង ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បានចូល​ទៅ​ពិគ្រោះ បានពន្យល់ថា ព្រោះថ្ងៃទី១២ ខែសីហា​នោះ ជាថ្ងៃកំណត់របស់សហភាពអ៊ឺរ៉ុប (EU) ដែលនឹងចូលជាធរមាន នូវការព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដោយ​អ៊ឺរ៉ុបចាប់​ផ្ដើមយកពន្ធ​ ដូចធម្មតាឡើងវិញ នៅ​ចំពោះ​មុខទំនិញ ចំនួនប្រមាណជា២០% ដែលនាំ​ចេញពី​កម្ពុជា ចូលទៅក្នុង​ទីផ្សារអ៊ឺរ៉ុប។

អត្ថបទខ្លី តែមានន័យខ្លឹម របស់វិមានប៊ែរស៊ី (Bercy – គឺក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បារាំង) បានសរសេរថា លោក ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ទៅកាន់រដ្ឋធានីប៉េកាំង នៅថ្ងៃនោះ ដើម្បីចុះហត្ថលេខា ទៅលើ​កិច្ច​ព្រមព្រៀង​ខាងលើ។ អត្ថបទសរសេរបន្តថា៖

«ក្រុមការងារបច្ចេកទេសទាំងសងខាង បានបញ្ចប់កិច្ចចរចារជុំទី៣ កាលពីដើម​ខែ​មិថុនា និងបានយល់ព្រម លើកិច្ច​ព្រមព្រៀង​”ពាណិជ្ជកម្ម​សេរី” ត្រង់ចំណុចដែលទាក់ទង នឹង​ទីផ្សារ​ទំនិញ និងសេវាកម្ម។ បើតាមក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ឲ្យដឹងថា ការចុះកិច្ច​ព្រមព្រៀង​ខាងលើ នឹងអាចឲ្យកម្ពុជា បង្កើនការនាំចេញ លើសពី២០% នៅក្នុងមួយ​ឆ្នាំៗ។»

របាយការណ៍ខ្លីៗ របស់រដ្ឋាភិបាលក្រុងប៉ារីស បានបន្តថា ថ្ងៃទី១២ ខែសីហា មិនមែន​ត្រូវ​បាន​​ជ្រើសរើសឡើង ដោយចៃដន្យទេ តែជាថ្ងៃ«ជ្រើសរើសឡើង​​ដ៏ច្បាស់លាស់» ឲ្យចំ​លើថ្ងៃ​កំណត់របស់​សហភាពអ៊ឺរ៉ុប ក្នុង​ការព្យួរ​ផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដែល​សម្រេច​ឡើង ដោយគណៈកម្មការអ៊ឺរ៉ុប កាលពីខែកុម្ភៈ ដើមឆ្នាំ​២០២០នេះ។

ចំណាត់ការរបស់គណៈកម្មការអ៊ឺរ៉ុប ក្នុងការព្យួរប្រព័ន្ធ «EBA» ធ្វើឡើងបន្ទាប់ពី​សហភាព​អ៊ឺរ៉ុប បានរកឃើញថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលោភ​សិទ្ធិមនុស្ស យ៉ាងធ្ងន់ធ្ងរ និងមាន​លក្ខណៈ​ជាប្រព័ន្ធ។

ប្រតិភូស្វែងរកការពិត របស់អ៊ឺរ៉ុប បានចុះមកអង្កេតផ្ទាល់ នៅកម្ពុជាជាបន្តបន្ទាប់ និង​បានរកឃើញថា របប​ក្រុងភ្នំពេញ បានបង្ក្រាបមិនប្រណីដៃ ទៅលើគណបក្សប្រឆាំង អង្គការ​​ក្រៅ​រដ្ឋាភិបាល និងទៅលើប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ រាប់ចាប់តាំង​ពីឆ្នាំ២០១៧​មក។

គណៈកម្មការអ៊ឺរ៉ុបបានទុកពេល និងធ្វើការចរចា ជាច្រើនលើកច្រើនសារ ដើម្បីទទូចឲ្យ​របប​ដឹកនាំ របស់លោក ហ៊ុន សែន ងាកមករកវិថី នៃការគោរពសិទ្ធិមនុស្ស និងលទ្ធិ​ប្រជាធិបតេយ្យវិញ។ តែការទទូចទាមទារទាំងនោះ ត្រូវបានលោក ហ៊ុន សែន ទាត់ចោល ដោយលើកឡើងថា មិន«ឱនក្បាល» យក«អធិបតេយ្យជាតិ» ទៅដូរនឹង​ប្រព័ន្ធអនុគ្រោះ​ពន្ធអ្វីឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

ចិន​មិនឆ្លើយ​តប​សំនួរ ថា​ខ្លួន​បដិសេធ​«កិច្ចព្រមព្រៀង​សម្ងាត់»​ជាមួយ​​កម្ពុជា

ប្រសិនបើក្រុងភ្នំពេញ បានបដិសេធយ៉ាងដាច់អហង្កា អំពីព័ត៌មាន ដែលអះអាងថា ខ្លួនបានចុះ«កិច្ចព្រមព្រៀង​សម្ងាត់» ជាមួយប្រទេសចិន ដើម្បីអនុញ្ញាតឲ្យចិនប្រើមូលដ្ឋានទ័ពជើងទឹក នៅខេត្តព្រះសីហនុនោះ រដ្ឋាភិបាលក្រុងប៉េកាំងឯណោះ បានបដិសេធ មិនឆ្លើយនឹងសំនួរ ដែលចង់ដឹងថា តើចិនច្រានចោលព័ត៌មាននេះ ...
កម្ពុជា

CIA ទម្លាយថា CPP អាចកែរដ្ឋធម្មនុញ្ញ«បើកផ្លូវឲ្យចិន»ដាក់យោធានៅកម្ពុជា

របបដឹកនាំឯកបក្សក្រុងភ្នំពេញ អាចនឹងធ្វើវិសោធនកម្ម ទៅលើច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ដើម្បី«បើកផ្លូវឲ្យចិន ឈានទៅដាក់មូលដ្ឋាយោធា នៅលើទឹកដីកម្ពុជា»។ នេះ បើតាមការរបាយការណ៍ប្រចាំឆ្នាំមួយ របស់លោក «Daniel Ray Coats»​ ...
កម្ពុជា

ហ៊ុន សែន៖ «មិន​ជម្លៀស»​ពលរដ្ឋ​ចេញ​ពីចិន ព្រោះ​ខ្លាចនាំ​​ជំងឺ​ចូល​ស្រុក

«ខ្ញុំមានមោទនភាពក្រៃលែង ដែលធ្វើការសម្រេចចិត្តត្រូវ!» នេះ ជាការថ្លែងឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពន្យល់ ពីការបដិសេធរបស់លោក ក្នុងពេលកន្លងមក ក្នុងការ«មិន​ជម្លៀស»និស្សិត និងពលរដ្ឋខ្មែរចេញពីប្រទេសចិន នៅខណៈពេលដែលមេរោគ «កូរូណា» ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...