កម្ពុជាដំណឹង

គ្រួសារអង់គ្លេសមួយថាពេទ្យខ្មែរ​ទារ​ប្រាក់ ២ម៉ឺន​ផោន ដើម្បី​ព្យាបាល​ជំងឺ​​សួត

បើសិនជាគ្មានប្រាក់ ២ម៉ឺន​ផោន ឲ្យពេទ្យខ្មែរទេ នោះគ្រូបង្រៀន​​ជាតិ​អង់គ្លេស​ម្នាក់ ឈ្មោះ «Anthony Igoe» នឹងត្រូវ​គ្រូពេទ្យទាំងនោះ វះកាត់យកសួតមួយចំហៀងចេញ។ នេះ បើតាមការលើកឡើង របស់​ក្រុមគ្រួសារ​របស់លោក នៅតាមប្រព័ន្ធផ្សព្វផ្សាយ ខណៈ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចាត់ទុក​ការលើកឡើង​នោះ ថាជាការបំភ្លៃ ឬ«Fake News»។

សារព័ត៌មាន​«Daily Record»​របស់ប្រទេសស្កុតឡែន (Scotland – ភាគខាងជើង និង​ជាផ្នែកមួយ នៃ​ចក្រភព​អង់គ្លេស) បានស្រង់សំដីរបស់ក្រុមគ្រួសារ របស់លោក «Anthony Igoe» មកផ្សព្វផ្សាយថា គ្រូបង្រៀន​អាយុ៣១ឆ្នាំរូបនេះ បានឈឺ​ជំងឺសួត​ម្ដង​ហើយ នៅអំឡុងខែមករា ឆ្នាំ២០២០ ដោយនៅពេលនោះ វេជ្ជបណ្ឌិតខ្មែរបានឲ្យថ្នាំ​«AntiBiotiques – ប្រឆាំងមេរោគ»មួយចំនួន ដើម្បីព្យាបាល​ឲ្យបាន​ស្រាកស្រាន្ដ​​ទៅវិញ។

កញ្ញា «Alana Fonseca» ដែលជាមិត្តស្រីអាយុ២៨ឆ្នាំ របស់លោក «Anthony Igoe» បាន​ថ្លែង​ប្រាប់​​សារព័ត៌មាន​ខាងលើថា ជំងឺមិត្តប្រុសកញ្ញា បានឈឺរើឡើងវិញ នៅចាប់ពី​ខែមីនា​មក និងកាន់តែមានសភាពធ្ងន់ធ្ងរ ខ្លាំងឡើងៗ។ មិត្តស្រីរូបនេះ​បញ្ជាក់ថា លោក «Anthony Igoe» បានស្រកទម្ងន់ ប្រមាណជា២០គីឡូក្រាម ក្នុងរយៈពេល​តែ១ខែ។

កញ្ញាត្រូវបានស្រង់សំដី មកអះអាងថា៖

«ប្រសិនបើខ្ញុំអាច ខ្ញុំនឹងនាំគាត់ ទៅប្រទេសស្កុតឡែនវិញ ប៉ុន្តែគាត់មិនត្រូវបាន​អនុញ្ញាត ឱ្យជិះយន្ដហោះទេ។ យើងត្រូវបានគេប្រាប់ យ៉ាងជាក់លាក់ថា បើយើង​គ្មាន​ប្រាក់ទូទាត់ទេ វេជ្ជបណ្ឌិត​ក្នុងមន្ទីរពេទ្យសាធារណៈ នៅកម្ពុជា នឹងវះកាត់យកចេញ នូវសួតមួយចំហៀង របស់ “Anthony” ដោយហេតុថា ថ្នាំ​ដែលត្រូវ​យកមក​ព្យាបាល មានតម្លៃ​ថ្លៃណាស់។»

២ម៉ឺន​ផោន …

ទឹកប្រាក់ដែលក្រុមគ្រួសារ​អះអាងថា ត្រូវបានទាមទារ ដោយគ្រូពេទ្យនៅកម្ពុជានោះ មានទំហំ ២០ ០០០ ផោនអង់គ្លេស ដែលត្រូវជាប្រមាណ ជាង ២២ ០០០ អ៊ឺរ៉ូ ឬជិត ២៥ ០០០ ដុល្លារសហរដ្ឋអាមេរិក។ បើតាម​ឯកសារ (ខាងក្រោម) ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ តម្លៃព្យាបាលសរុប ដើម្បី​គ្មាន​ការវះកាត់​យក​សួត​ចេញ មានប្រមាណ​ជាង ២៦ ០០០ ដុល្លារអាមេរិក។

ការរៃអង្គាសមួយ ត្រូវបានក្រុមគ្រួសារលោក «Anthony Igoe» បើកធ្វើនៅលើគេហទំព័រ «Go Found Me» ចាប់ពីថ្ងៃទី១៤ ខែឧសភា​កន្លងមកថ្មីៗ។ មកដល់ថ្ងៃនេះ ពោលគឺ​៩ថ្ងៃ​ក្រោយ ទឹក​ប្រាក់ដែលទទួលបាន មានប្រមាណជា ១ម៉ឺន២ពាន់ ផោនអង់គ្លេស​រួចហើយ។ នេះ បើតាម​តួលេខ ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូល​ទៅពិគ្រោះ។

សារព័ត៌មានមិនបានបញ្ជាក់ថា ជំងឺរបស់លោក «Anthony Igoe» ជាករណីជំងឺ «Covid-19» នោះទេ។ តែកញ្ញា «Alana Fonseca» បាននិយាយថា មិត្តប្រុសរបស់កញ្ញា មានអាការៈក្អក និងឈឺទ្រូង។ កញ្ញាអះអាងថា៖

«បន្ទាប់ពីការធ្វើតេស្តរួច គេបានរកឃើញថា លោក “Anthony Igoe” បានឆ្លង​មេរោគ​ចំនួនពីរ។ ទីមួយ គឺមេរោគ ដែលបង្កឱ្យមានអាប់ស នៅក្នុងសួតរបស់លោក ដែល​បណ្តាល​ខូចសួត ជាលក្ខណៈអចិន្រ្តៃយ៍។ មេរោគទីពីរ គឺបណ្ដាលឱ្យ មានជំងឺរលាកសួត។»

បើតាមអត្ថបទ របស់សារព័ត៌មានខាងលើ ក្រុមគ្រួសារអ្នកជំងឺជាតិស្កតឡែន មិនបាន​បញ្ជាក់​ថា តើលោក «Anthony Igoe» បានចូលទៅសម្រាកព្យបាល នៅមន្ទីរពេទ្យ​ណាមួយ ក្នុងប្រទេសកម្ពុជាទេ។ លិខិតស្នាមជាច្រើន ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ មានឃើញស្នាមលប់ ឈ្មោះមន្ទីរពេទ្យ ឬឈ្មោះវេជ្ជបណ្ឌិត ចេញ។

សាកសួរសុំប្រតិកម្ម ដោយប្រព័ន្ធឃោសនា នៅក្នុងស្រុក អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាលកម្ពុជា បានបដិសេធព័ត៌មានខាងលើ ដោយចាត់ទុកព័ត៌មាននេះ ជាការបំភ្លៃ ឬជា«Fake News» ដែលប្រឌិតឡើង ដើម្បីចោទប្រកាន់ មកលើប្រព័ន្ធ​សុខាភិបាល​កម្ពុជា។

យ៉ាងណា ប្រតិកម្មដ៏ខ្លី របស់អ្នកស្រី ឱ វណ្ណឌីន មិនបានលំអិតបន្ថែមថា តើស្ថានភាព​អ្នកជំងឺ​​​បរទេស​ខាងលើ មានលក្ខណៈបែបណា ខណៈប្រព័ន្ធឃោសនាក្នុងស្រុកដដែល  មិន​បាន​​ស្រង់​ប្រភព​​ពិតប្រាកដ នៃ​ការចុះផ្សាយ​របស់​សារព័ត៌មាន​នៅបរទេស យកមក​ធ្វើ​ជា អំណះអំណាង​របស់ខ្លួន នោះផងទេ៕



លំអិតបន្ថែមទៀត

ដំណឹង

«AstraZeneca»ការពារវ៉ាក់សាំងខ្លួន ថាគ្មាន​ភស្ដុតាង​ពីជំងឺ​«ឈាមកក»

សហគ្រាស​«AstraZeneca»​នៃចក្រភពអង់គ្លេស បានចេញមុខ មកការពារវ៉ាក់សាំងរបស់ខ្លួន ដោយអះអាងថា គ្មាន​ភស្ដុតាងណាមួយ បង្ហាញពីហនិភ័យធ្ងន់ធ្ងរ បង្កឲ្យមានជំងឺ«ឈាមកក» សម្រាប់អ្នកដែលបានទទួល​វ៉ាក់សាំង​នោះឡើយ។ ប្រតិកម្ម​របស់សហគ្រាស​ផលិត​ឱសថ ធ្វើឡើងបន្ទាប់ពីប្រទេសជាច្រើន ទាំងក្នុងសហភាពអ៊ឺរ៉ុប និងនៅ​ទ្វីបអាស៊ី បានសម្រេចផ្អាក​ការប្រើវ៉ាក់សាំង ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យព្យួរ​«សិទ្ធិឯកជនពលរដ្ឋ» និង​បង្ហាញមុខ​អ្នកជំងឺ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានចេញបញ្ជា ឲ្យព្យួរ«សិទ្ធិឯកជនពលរដ្ឋ» និងបង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​ជាសាធារណៈ ដើម្បីអ្វីមួយ ដែលបុរសខ្លាំងរូបនេះ អះអាងថា ជាការទប់ស្កាត់ការរីករាលដាល នៃការបន្តឆ្លងជំងឺកូវីដ-១៩ (Covid-19) ...
ដំណឹង

មេរោគ​«កូរូណា»​បាន​សម្លាប់​មនុស្ស​៦៩នាក់​ទៀត ក្នុង​តុល្យភាព​ថ្ងៃសុក្រ

មេរោគ«កូរូណា»ដ៏ប្រល័យ បានសម្លាប់បណ្ដាជនចិន ចំនួន៦៩នាក់បន្ថែមទៀត ក្នុងតុល្យភាពចុងក្រោយ ចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ ដោយអាជ្ញាធរខេត្ត «Hubei» របស់ចិន ហើយបានធ្វើឲ្យតុល្យភាពសរុប នៃចំនួនមនុស្សស្លាប់ កើនឡើងដល់ទៅជាង ៦៣០នាក់។ នៅក្នុងរបាយការណ៍ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...