នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ «គ្រាប់បែកបង្កៃ»កំណត់នាទីមួយគ្រាប់ ត្រូវបានប្រទះឃើញ នៅខាងក្នុងកាស៊ីណូហ្គោលឌែន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
ប្រភពផ្ទាល់កន្លែង ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក បានអះអាងថា គ្រាប់បែកកំណត់នាទីខាងលើ ត្រូវបានរកឃើញច្រកក្នុងថង់កញ្ចប់មួយ នៅក្នុងបន្ទប់ទឹកកាស៊ីណូខាងលើ ដោយបុរសម្នាក់។
បន្ទាប់ពីទទួលបានព័ត៌មាននេះរួច ក្រុមសន្តិសុខកាស៊ីណូ បានយកគ្រាប់បែកនោះ ចេញទៅដាក់នៅមាត់លូ ខាងមុខកាស៊ីណូ ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរកញ្ចាត់មីនកម្ពុជា «CMAC» ដើម្បីជួយអន្តរាគមន៍។
បើតាមមន្ត្រីជំនាញ បានពន្យល់ថា នោះជា«គ្រាប់បែកបង្កៃ» ដែលកំណត់នាទីដើម្បីឲ្យផ្ទុះ។
លុះមកដល់ម៉ោងប្រមាណជា ៧ និង៣០នាទីយប់ថ្ងៃដដែលនេះ ក្រុមអាជ្ញាធរបានសម្រេចបំផ្ទុះគ្រាប់បែកនោះចោល ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតឡើង ជាយថាហេតុសម្រាប់មនុស្សម្នានៅទីនោះ។ ការបំផ្ទុះធ្វើឡើងក្នុងទូកញ្ចក់មួយ របស់កាស៊ីណូនោះតែម្ដង។
ប្រភពព័ត៌មានខ្លះបានអះអាងថា បុរសដែលរកឃើញគ្រាប់បែកមុនគេ ជាជនសង្ស័យដែលដាក់គ្រាប់បែកនេះ ហើយកំពុងត្រូវបានអាជ្ញាធរនាំទៅសាកសួរ។
យ៉ាងណា ក៏មកទល់នឹងម៉ោងនេះ គេនៅមិនទាន់ដឹងថា តើគ្រាប់បែកខាងលើត្រូវបាននាំចូល ទៅក្នុងកាស៊ីណូដោយរបៀបណា និងដើម្បីមូលហេតុអ្វីនៅឡើយ។ គេបានឆ្ងល់ទៀតថា ប្រសិនជាម្ចាស់គ្រាប់បែក មានបំណង់ចង់ឲ្យគ្រាប់បែកនេះផ្ទុះ ហេតុអ្វីការកំណត់នាទីឲ្យផ្ទុះ មានរយៈពេលយូរដូច្នេះ?