ដំណឹងបារាំង

លក់អាវុធ​ឲ្យ​តៃវ៉ាន់៖ បារាំង​ស្នើ​ចិន​គួរ​«ផ្ដោត»វិធានការ​ប្រឆាំង​«Covid-19»

មួយថ្ងៃក្រោយប្រតិកម្ម របស់ក្រុងប៉េកាំង ជុំវិញកិច្ចសន្យាលក់អាវុធ ទៅឲ្យ​កោះ​តៃវ៉ាន់ រដ្ឋាភិបាល​បារាំង​បាន​ឆ្លើយតប​វិញ ដោយ​ស្នើឲ្យប្រទេសចិន គួរតែ​«ផ្ដោត»វិធានការ  ដើម្បីប្រឆាំង ទល់នឹងការរាតត្បាត នៃជំងឺ​«Covid-19»​ប្រសើរជាជាង។

កាលពីថ្ងៃអង្គារ ប្រទេសចិនបានទាមទារឲ្យបារាំង «លប់ចោល»កិច្ចសន្យាលក់អាវុធ ដែលបារាំងបានធ្វើ ជាមួយ​កោះតៃវ៉ាន់ និងបាន​ព្រមា​នថា រាល់ការលក់ដូរ​​ក្នុងទម្រង់​បែបណា​ក៏ដោយ ជាមួយកោះមួយនេះ ដែលចិនចាត់ទុក ថាជាទឹកដីខ្លួនន នឹងអាច​«ធ្វើឲ្យ​អន្តរាយ» ដល់​ទំនាក់ទំនង​​«ចិន-បារាំង»។

រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់-អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) បាន​ប្រតិកម្ម​ តបទៅ​ប្រទេស​ចិន​វិញ តាមរយៈសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយក្នុងថ្ងៃពុធ ទី១៣ ខែឧសភានេះថា៖

«ស្ថិតក្នុងវិបត្តិនៃជំងឺ “Covid-19” រាល់ការយកចិត្តទុកដាក់ និងការខិតខំទាំងអស់ របស់យើង ត្រូវតែ”ផ្ដោត”លើការប្រយុទ្ធប្រឆាំង នឹងការរាតត្បាត​ ដ៏សាហាវមួយនេះ។»

កិច្ចសន្យា ទាក់ទងទៅនឹងគ្រឿងបរិក្ខារ នៃនាវាចម្បាំងបារាំង ដែលត្រូវបានលក់ ទៅឱ្យ​កងទ័ព​ជើងទឹកតៃវ៉ាន់ ក្នុង​ឆ្នាំ ១៩៩១ បានបង្កឲ្យមានវិបត្តិការទូត យ៉ាងធ្ងន់ធ្ងរ រវាង​ក្រុងប៉ារីស និងក្រុងប៉េកាំង។ កិច្ចសន្យា​ឆ្នាំ១៩៩១នោះ មានទំហំជា​ទឹកប្រាក់ ប្រមាណជា ២,៨ពាន់​លានដុល្លារ។

តែអ្វី ដែលបានដុតបញ្ឆេះក្រុងប៉េកាំង នៅថ្ងៃនេះជាថ្មី ដោយហេតុថា កងទ័ព​ជើងទឹក​តៃវ៉ាន់ ទើបនឹងប្រកាស​ កាលពីថ្ងៃទី៧ ខែមេសានេះ ថាខ្លួនគ្រោង​ធ្វើទំនើបកម្ម ទៅលើ​គ្រឿង​បរិក្ខា​ទាំងនោះ ដែលបានទិញ​ពីបារាំង។

សេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសបារាំង បានឲ្យដឹងទៀតថា៖

«នៅក្នុងក្របខណ្ឌ នៃសេចក្ដីថ្លែងការណ៍រួម បារាំង-ចិន កាលពីឆ្នាំ១៩៩៤ ប្រទេសបារាំង​បាន និងកំពុងអនុវត្ត គោលនយោបាយ​​ចិនតែមួយ ហើយបន្តអំពាវនាវ ឱ្យមានកិច្ច​ពិភាក្សា រវាង​ភាគីទាំងពីរ នៃច្រកសមុទ្រ​[តៃវ៉ាន់]នេះ។»

«ប្រទេសបារាំងគោរពយ៉ាងម៉ឺងម៉ាត់ នៅក្នុងបរិបទនេះ នូវការប្តេជ្ញាចិត្ត តាមកិច្ចសន្យា ដែលខ្លួន​បានធ្វើ ជាមួយតៃវ៉ាន់ ហើយមិន​បានផ្លាស់ប្តូរជំហរ​របស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៩៤នោះមក។»

ប្រភពច្បាស់ការណ៍ ស្និតនឹងសំនុំរឿង បានអះអាង ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង «AFP» ឲ្យដឹងថា កិច្ចសន្យា​ថ្មី​មួយ ត្រូវបានចុះហត្ថលេខា ដោយក្រសួងការពារជាតិតៃវ៉ាន់ សម្រាប់​ការធ្វើ​ទំនើបកម្ម ប្រព័ន្ធការពារ «Dagaie» ដែលត្រូវបំពាក់ នៅលើនាវា​ចម្បាំង ៦ គ្រឿង។

ប្រព័ន្ធការពារនោះ នឹងត្រូវប្រើ ដើម្បីបញ្ចៀស​នូវការរាល់ការវាយប្រហារ​ទាំងឡាយ តាម​រយៈ​«កាំជ្រួច» ពីបច្ចាមិត្ត។

បើតាមព័ត៌មាន ក្នុងកោះតៃវ៉ាន់ ដែលស្រង់ប្រភព ពីរដ្ឋាភិបាលក្រុងតៃប៉ិ បាន​អះអាង​ថា កិច្ចសន្យាថ្មីនេះ មានទំហំទឹកប្រាក់ ប្រមាណជា ៨០០លានដុល្លារតៃវ៉ាន់ (ត្រូវជា ២៥លាន​អ៊ឺរ៉ូ ឬ២៧លានដុល្លារ​អាមេរិក)៕



You may also like

ដំណឹង

ផ្ទុះ​កញ្ចប់​ផ្លុងចោល​មួយ ក្នុង​ក្រុង​លីយ៉ុង ខាងត្បូង​បារាំង របួស​៨នាក់

ការផ្ទុះមួយ បានកើតឡើងនៅល្ងាចថ្ងៃសុក្រនេះ ក្នុង​ក្រុង​លីយ៉ុង (Lyon) ភាគខាងត្បូងបារាំង នៅលើដងផ្លូវសម្រាប់អ្នកថ្មើរជើង (សង្កាត់លេង២)។ តុល្យភាព ដែលផ្ដល់ដោយស្នងការដ្ឋាននគរបាលតំបន់ បានអះអាងថា មនុស្ស៨នាក់បានរងរបួសស្រាល និងភាគច្រើនពីក្នុងចំណោមនោះ បានរងរបួសនៅនឹងជើង។ ...
កម្ពុជា

ព្រះរាជា​ខ្មែរ បង្ហូតទង់​​ពាក់កណ្ដាល​ដង​និង​បួងសួង ដើម្បី​កាន់ទុក្ខ​ជាមួយ​ចិន

ដើម្បីចូលរួម​កាន់មរណទុក្ខ ជាមួយប្រជាជនចិន ដែលបានបាត់បង់ជីវិត ក្នុង​ការរាតត្បាត នៃជំងឺ«Covid-19» ព្រះរាជា​ខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានព្រះរាជសព្វព្រះរាជហឫទ័យ បង្ហូតទង់ព្រះមហាក្សត្រ មកពាក់កណ្ដាលដង ...
ដំណឹង

Covid-19៖ បារាំងបន្ថែម​វិធានការ​​ដើម្បីបញ្ចៀស ការបិទប្រទេស​ជាថ្មី

«យើងនៅមានសំណាង ក្នុងការបញ្ចៀស ការបិទប្រទេស​ជាថ្មី» នេះជាការអះអាងឡើង របស់លោក ហ្សង់ កាស្ដិក (Jean Castex) នាយករដ្ឋមន្ត្រីបារាំង នៅចំពោះការបន្តរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...