ដំណឹងបារាំង

Covid-19៖ បារាំងបិទ​គ្រឹះស្ថានសិក្សា លើ​ផ្ទៃ​ប្រទេស និងព្រមាន​បិទព្រំដែន

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងទៅកាន់ប្រជាជាតិ លើ​ផ្ទៃ​ប្រទេស អំពីវិធានការ «បន្ទាន់» មួយចំនួន ជាពិសេសការបិទគ្រឹះស្ថានសិក្សា​ទាំងអស់ ដើម្បីទប់ស្កាត់ ការរីករាលដាល នៃមេរោគ​ «កូរូណា» ឬ«Covid-19» ដែលកំពុងញាំញីទ្វីប​អ៊ឺរ៉ុប តាំងពីច្រើនសប្ដាហ៍ មកនេះ។

វិធានការបន្ទាន់ លើ​ផ្ទៃ​ប្រទេស …

ថ្លែងតាមកញ្ចក់ទូរទស្សន៍ កាលពីមុននេះបន្តិច (យប់ថ្ងៃចន្ទ ទី១២ ខែមិនា ឆ្នាំ២០២០) លោកប្រធានាធិបតី បានលើកឡើង ពីវិធានការទាំងនោះ ក្នុងនោះ មានការបំពេញការងារពីផ្ទះ វិធានការគាំពារ ផ្នែកសេដ្ឋកិច្ចខ្លះទៀត ដើម្បីជួយដល់នយោជិក និងនយោជក និងព្រមាន ពីការបិទព្រំដែន ក្នុងករណីចាំបាច់។

យ៉ាងណា ការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យ ទី១៥ និងទី២២ ខែមិនាខាងមុខ នឹងនៅតែរក្សាដដែល។ ទស្សនាវដ្ដី មនោរម្យ.​អាំងហ្វូ សូមដកស្រង់ ​​យកវិធានការ «បន្ទាន់» ទាំងនោះ មកជម្រាបជូនប្រិយមិត្ត ត្រួសៗ ដូចខាងក្រោម៖

– គ្រឹះស្ថានសិក្សាទាំងអស់ លើ​ផ្ទៃ​ប្រទេស ត្រូវបិទទ្វាចាប់ពីថ្ងៃចន្ទ ទី១៦ ខែមិនា ឆ្នាំ២០២០ រហូតដល់មានបទបញ្ជាថ្មី

គ្រឹះស្ថានសិក្សាទាំងនោះ រាប់ចាប់ពីទារកដ្ឋាន មតេយ្យសាលា រហូតដល់សកលវិទ្យាល័យ។ លោក ម៉ាក្រុង បានស្រង់ការរកឃើញ របស់អ្នកវិទ្យាសាស្ត្រ មកបញ្ជាក់ថា ទោះជាកុមារតូចៗ មិនមានហនិភ័យខ្លាំង ចំពោះមេរោគដ៏ចង្រៃនេះក្ដី តែពួកគេទាំងនោះ អាចជាអ្នកពាំនាំមេរោគនេះ ទៅឲ្យឪពុកម្ដាយ ឬអ្នកផ្សេងទៀត រវាងពីផ្ទះមួយ ទៅទៅផ្ទះមួយទៀត នៅលើ​ផ្ទៃ​ប្រទេស បានយ៉ាងឆាប់រហ័ស។

– ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅតែប្រព្រឹត្តិទៅដដែល នៅថ្ងៃអាទិត្យ ទី១៥ និងទី២២ ខែមិនាខាងមុខ

លោកប្រធានាធិបតី បានបញ្ជាក់ថា លោកបានពិគ្រោះ ជាមួយអ្នកវិទ្យាសាស្ត្រ និងបណ្ដាគណបក្សនយោបាយ ហើយសម្រេចថា មិនមានអ្វី ដែលអាចហាមឃាត់ ពលរដ្ឋបារាំង មិនឲ្យ​ទៅបោះឆ្នោត បានឡើយ។ ប៉ុន្តែវិធានការពង្រឹង ផ្នែកអនាម័យ និងសុខភាព នឹងត្រូវដាក់​ឲ្យអនុវត្តន៍ នៅគ្រប់មណ្ឌល​បោះឆ្នោតទាំងអស់ ជាពិសេសគេមិនត្រូវ ឲ្យពលរដ្ឋចាស់ជរា នៅឈរតម្រង់ជួរ យូរពេកនោះទេ។

-​ ធ្វើការពីចម្ងាយ ឬពីផ្ទះ នៅពេលដែលចាំបាច់

ប្រមុខរដ្ឋបារាំងបានថ្លែង ស្នើឲ្យសហគ្រាសទាំងឡាយ អនុញ្ញាតឲ្យបុគ្គលិកខ្លួន អាចធ្វើការពីផ្ទះ ប្រសិនជាអាចធ្វើទៅបាន ជាពិសេសសម្រាប់បុគ្គលិក ដែលមានអាយុច្រើន និងមានបញ្ហាសុខភាព ជាប្រចាំ។ លោកបន្តថា នេះមិនមែនជាការបង្ខាំងពួកគាត់ ឲ្យនៅតែក្នុងផ្ទះទេ ព្រោះពួកគាត់អាចចេញ ដើរយកខ្យល់ ឬទៅទិញទំនិញ… តែវិធានការនេះ មានទិសដៅ កាត់បន្ថយការទាក់ទង ដោយផ្ទាល់ ឲ្យបានច្រើនបំផុត ជាមួយនឹងបណ្ដាជន​ទាំងនោះ។

-​ វិធានការ«ពិសេស» ស្ដីពីប្រាក់​«សោធន»​មួយភាគ

វិធានការនេះ ត្រូវបានដាក់ចេញ ដើម្បី«ការពារ»បុគ្គលិក-នយោជិក (ពីការព្យួការងារ ឬការបណ្ដេញចេញ) និងដើម្បីការពារសហគ្រាស (ពីការដួលក្ស័យធន់) ដោយសារការបង់ខាត បណ្ដាលមកពីមេរោគ កូរូណា។ លោក ម៉ាក្រុង បន្ថែមថា វិធានការនេះ នឹងត្រូវដាក់ឲ្យអនុវត្តន៍ ក្នុងប៉ុន្មានថ្ងៃខាងមុខ។ លោកបានសន្យាដែរថា ការប្រកាសស្ដីពីពន្ធអាករ សម្រាប់សហគ្រាស ដែលជាធម្មតា ត្រូវធ្វើក្នុងខែមិនានេះ នឹងត្រូវលើកពេល លុះត្រាមានបទបញ្ជាថ្មី។

ប្រធានាធិបតីបារាំង បញ្ជាក់ថា លោកអំពាវនាវ ទៅកាន់សហភាពអ៊ឺរ៉ុបទាំងមូល និងក្រុមប្រទេស «G7» ឲ្យអនុម័តគម្រោងមួយ ដើម្បីផ្ដល់សន្ទុះជាថ្មី សម្រាប់សេដ្ឋកិច្ច។ លោកថា៖

«យើងទើបនឹងប្រឈម ទល់នឹងដំណាក់ដំបូង នៃជំងឺរាតត្បាត មួយនេះប៉ុណ្ណោះ។ នៅពាសពេញអ៊ឺរ៉ុប ការរាតត្បាតនេះ កំពុងបង្កើនល្បឿន និងពង្រីកខ្លួន។ អាទិភាពចម្បងរបស់យើង គឺសុខភាព។»

– ការបិទព្រំដែនជាយថាហេតុ តែនឹងត្រូវសម្រេច​ក្នុងក្របខណ្ឌអ៊ឺរ៉ុប

លោក អេម៉ានុយអែល ម៉ាក្រុង លើកឡើងថា ការសម្រេចនេះ មានដូចជា ការត្រួតពិនិត្យ នៅតាមព្រំដែន ឬក៏ឈានទៅដល់ ការបិទព្រំដែន តែម្ដង។ ប៉ុន្តែវាមិនមែនធ្វើឡើង ដោយតម្រូវតាម និន្នាការជាតិនិយមឡើយ ព្រោះ«មេរោគមួយនេះ គ្មានលិខិតឆ្លងដែន​ទេ»។ លោកប្រធានាធិបតី​បញ្ជាក់ថា ការសម្រេចនោះ នឹងត្រូវធ្វើឡើងជារួម ដោយសហភាពអ៊ឺរ៉ុប «EU» ទាំងមូល៕



លំអិតបន្ថែមទៀត

ដំណឹង

ត្រាំ ព្រមានថា «ការគម្រាម»​របស់​​អៀរ៉ង នឹង​ត្រឡប់​មករក​អៀរ៉ង់​ខ្លួនឯង​វិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចេញសារព្រមានប្រទេសអៀរ៉ង់ថា «ការគម្រាម»ទាំងឡាយ ដែលប្រទេសនេះកំពុងធ្វើ នឹងវិលត្រឡប់ មករកប្រទេសអៀរ៉ង់ខ្លួនឯងវិញ យ៉ាងអាណោចអាធ័ម មិនដែលធ្លាប់មាន ...
ដំណឹង

គណៈកម្មការអ៊ឺរ៉ុបស្នើមូលនិធិ ៧៥,០០០កោដិអ៊ឺរ៉ូ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

គណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ជារដ្ឋាភិបាលសហភាពអ៊ឺរ៉ុប) បានស្នើឲ្យមាន កញ្ចប់ថវិកាមួយឡើង មានទំហំ ៧៥,០០០កោដិអ៊ឺរ៉ូ (ប្រមាណជា៧៨០កោដិដុល្លារអាមេរិក) ដើម្បីអនុញ្ញាតឲ្យសេដ្ឋកិច្ច របស់សហភាព មានដំណើរការឡើងវិញ បន្ទាប់ពីវិបត្តិជំងឺ«Covid-19»។ លោក ...
កម្ពុជា

Covid-19៖ កម្ពុជាមានអ្នកជំងឺស្លាប់ ២នាក់ទៀត ក្រោយ​ផ្លាស់មន្ទីរពេទ្យ

អ្នកជំងឺ ២នាក់ទៀត បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ (Covid-19)។ ជនរងគ្រោះទាំងពីររូបនោះ ដែល​ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀត ជាជនជាតិចិន ត្រូវបានដាក់ឲ្យព្យាបាលដំបូងឡើយ នៅទីកន្លែងផ្សេង ពីមន្ទីរពេទ្យ​រុស្ស៊ី។ រហូតលុះត្រាស្ថានភាពជំងឺធ្ងន់ធ្ងរ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.