ការចាកចេញ«ឆៅ»របស់ចក្រភពអង់គ្លេស ពីសហភាពអ៊ឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង (No-Deal) បង្កឲ្យមានផលចំណេញ ដល់ប្រទេសមួយចំនួន និងការខាតបង់សម្រាប់ប្រទេសមួយចំនួនទៀត ដែលក្នុងនោះ មានប្រទេសកម្ពុជាមួយផង។
នេះ បើតាមរបាយការណ៍មួយ របស់ស្ថាប័ន «UNCTAD» ដែលបានចេញផ្សាយពីទីស្នាក់ការខ្លួន ក្នុងប្រទេសស្វីស កាលពីថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ («UNCTAD» សរសេរជាអក្សរពេញ «United Nations Conference on Trade and Development» ដែលមានន័យជាខេមរភាសាថា «វេទិកាសន្និសីទនៃអង្គការសហប្រជាជាតិ ស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ»)។
របាយការណ៍បានដាក់កម្ពុជា ទៅក្នុងលេខរៀងទី៧ នៃបណ្ដាប្រទេស ដែលរងការខាតបង់ ជាច្រើនរយ-ពាន់លានដុល្លា ចំពោះការនាំផលិតផលរបស់ផងខ្លួន ចេញទៅកាន់ទីផ្សារ របស់ចក្រភពអង់គ្លេស នៅពេលដែលប្រទេសមួយនេះ បានចាកចេញ«ឆៅ»ពីសហភាពអ៊ឺរ៉ុប ឬនិយាយម្យ៉ាងទៀត ថាជាការចាកចេញ ដោយគ្មានកិច្ចព្រមព្រៀង «No-Deal Brexit»។
បើតាមស្ថាប័នអន្តរជាតិខាងលើ ក្នុងឆ្នាំកន្លងមក អាត្រានាំចេញរបស់កម្ពុជា ក្នុងការនាំផលិតផលរបស់ខ្លួន ចេញទៅកាន់ទីផ្សារ នៃចក្រភពអង់គ្លេស មានប្រមាណជា១២ភាគរយ នៃការនាំចេញរបស់កម្ពុជាទាំងអស់ ចេញទៅកាន់សហភាពអ៊ឺរ៉ុប។ អាត្រានេះ ត្រូវនឹងទឹកប្រាក់ ប្រមាណជា ១៥៩លានដុល្លារ (ក្នុងឆ្នាំកន្លងទៅ)។
«UNCTAD» បានពន្យល់ថា ការខាតបង់សម្រាប់បណ្ដាប្រទេសមួយចំនួននោះ គឺដោយសារប្រព័ន្ធអនុគ្រោះពន្ធ ដែលត្រូវបានអនុវត្តន៍ នៅក្នុងសហភាពអ៊ឺរ៉ុប នឹងមិនត្រូវចក្រភពអង់គ្លេសអនុវត្តន៍បន្តនោះទេ ហើយបណ្ដាផលិតផលនាំចូលទាំងឡាយ នឹងត្រូវចាប់ឲ្យបង់ពន្ធភ្លាមៗ រាប់ចាប់ពីថ្ងៃដែលអង់គ្លេសចេញពីសហភាពអ៊ឺរ៉ុប។
នៅក្នុងវេទិកាជាមួយវិស័យឯកជន កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទន្ទឹងមើលការចាកចេញរបស់អង់គ្លេស ពីសហភាពអ៊ឺរ៉ុបនោះ បានបង្ហើបឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី ថេរេសា ម៉េ (Theresa May) បានថ្លែងផ្ទាល់មាត់ជាមួយលោក ពីបំណងរបស់ចក្រភពអង់គ្លេស ចង់រក្សាទុកនូវប្រព័ន្ធអនុគ្រោះពន្ធ «EBA» សព្វថ្ងៃ ដែលកម្ពុជាទទួលបានពីសហភាពអ៊ឺរ៉ុប នៅពេលដែលអង់គ្លេសចេញពីសហភាពអ៊ឺរ៉ុប។
អង់គ្លេសចេញ«ឆៅ»… កម្ពុជាខាតបង់ ខណៈថៃ វៀតណាម ឥណ្ឌូនេស៊ី ទទួលផល!
យ៉ាងណា របាយការណ៍របស់ «UNCTAD» បានបន្តពន្យល់ថា បើទោះជាចក្រភពអង់គ្លេស អាចនឹងបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ ទៅដល់ប្រទេសក្រីក្រមួយចំនួនក្ដី តែប្រទេសតូចៗទាំងនេះ មិនអាចប្រកួតប្រជែងតម្លៃទីផ្សារ ទល់នឹងប្រទេសធំៗ ដែលអង់គ្លេសចង់ឲ្យមានទំនាក់ទំនងពាណិជ្ជកម្ម (MFN – Most Favoured Nation) ជាមួយនោះបានទេ។
ភាពមិនអាចប្រកួតប្រជែងបាននេះ នឹងធ្វើឲ្យការនាំចូលក្នុងទីផ្សារអង់គ្លេស ពីបណ្ដាប្រទេសក្រីក្រទាំងនោះ មានការថយចុះ ឬឈានទៅបាត់រូបតែម្ដង។
ដោយឡែក របាយការណ៍ «UNCTAD» បានដាក់បណ្ដាប្រទេសជាច្រើន ដែលទទួលបានប្រយោជន៍ ពីព្រឹត្តិការណ៍ «No-Deal Brexit» នោះ មានជាអាទិ៍ ដូចជាប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសជប៉ុនជាដើម ខណៈប្រទេសនៅក្នុងអាស៊ាន ដែលទទួលផលចំណេញ ពីព្រឹត្តិការណ៍នេះដែរនោះ មានប្រទេសថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី។
ដូចបានជម្រាបខាងលើរួច ថាបណ្ដាប្រទេសទទួលបានប្រយោជនទាំងនេះ សុទ្ធសឹងជាប្រទេស ដែលមានសក្ដានុពលផ្នែកពាណិជ្ជកម្ម ដែលធ្វើឲ្យប្រទេសអង់គ្លេស ចាត់ទុកថា ជាក្រុមប្រទេស ដែលខ្លួនចង់មានទំនាក់ទំនងពាណិជ្ជកម្មជាមួយ ជាងបណ្ដាប្រទេសដទៃ។
ក្នុងជំនួបកំពូលកាលពីថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩ ក្រុមប្រមុខរដ្ឋ ដែលជាសមាជិកសហភាពអ៊ឺរ៉ុប បានកំណត់យកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ជាថ្ងៃពន្យាពេលលើកចុងក្រោយ សម្រាប់ការចាកចេញ របស់ចក្រភពអង់គ្លេស។ ប៉ុន្តែការកំណត់ជាថ្មីនោះ មានមកជាមួយនូវលក្ខខណ្ឌជាច្រើន ដើម្បីបញ្ចៀសការប៉ះពាល់ ដល់ដំណើរការរបស់ស្ថាប័នអ៊ឺរ៉ុប៕