ដំណឹងសេដ្ឋកិច្ច

កម្ពុជា​ប្ដឹង EU ឡើងទៅ​តុលាការ​អ៊ឺរ៉ុប​«ឲ្យ​ដកចេញ​វិញ»​ការយក​ពន្ធ​អង្ករ

របបក្រុងភ្នំពេញ រួមនឹងសហព័ន្ធស្រូវអង្ករកម្ពុជា បានសម្រេចកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ដាក់ពាក្យបណ្ដឹង ឡើងទៅសាលាក្ដីយុត្តិធម៌ របស់សហភាពអ៊ឺរ៉ុប (EU) ដើម្បីទាមទារ«ឲ្យ​ដកចេញ​វិញ នូវសេចក្ដីសម្រេចរបស់គណៈកម្មការអ៊ឺរ៉ុប» ដែលកំណត់កាលពីខែមករា ឲ្យយកពន្ធអង្ករនាំចូល ពីប្រទេសកម្ពុជា។

ទីភ្នាក់ងារព័ត៌មានអ៊ឺរ៉ុប (Agence Europe) បានអះអាងពីពាក្យបណ្ដឹងរបស់ប្រទេស​កម្ពុជា ប៉ុន្តែមិនបានលំអិតបន្ថែម អំពីករណីនេះទេ។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ សហភាពអ៊ឺរ៉ុបបានប្រកាស ​យកពន្ធអាករ​ឡើងវិញ​ទៅលើ ផលិតផលអង្ករ ដែលត្រូវបាននាំចូល ពីប្រទេសកម្ពុជា និងពីប្រទេសភូមា ដោយត្រូវអនុវត្តន៍ ចាប់ពីថ្ងៃសុក្រទី១៨ ខែមករា ឆ្នាំ២០១៩ ពោលគឺពីរថ្ងៃក្រោយសេចក្ដីប្រកាសនោះ រហូតមក។

តាមឯកសារ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន បានបង្ហាញថា ការកំណត់ពន្ធអាករ ទៅលើផលិតផលអង្ករនេះ មានរយៈពេល៣ឆ្នាំ ក្នុងកម្រិត ១៧៥អ៊ឺរ៉ូ ក្នុង១តោន សម្រាប់ឆ្នាំដំបូង – ១៥០អ៊ឺរ៉ូ ក្នុង១តោន សម្រាប់ឆ្នាំបន្ទាប់ និង១២៥អ៊ឺរ៉ូ សម្រាប់ឆ្នាំទី៣។

កាលពីខែកុម្ភៈ ឆ្នាំកន្លងទៅ ប្រទេសអ៊ីតាលីបានស្នើ ឲ្យសហភាពអ៊ឺរ៉ុប មានចំណាត់ការ ដើម្បីការពារផលិតផលអង្កេរ ក្នុងសហភាពអ៊ឺរ៉ុប។ ហើយសំណើរនេះ ត្រូវបានគាំទ្រដោយប្រទេសផ្សេងទៀត ដូចជាប្រទេសអេស្ប៉ាញ បារាំង ព័រទុយហ្គាល់ ក្រិច ហុងគ្រី រូម៉ានី និងប្រទេសប៊ុយហ្គារីជាដើម។

គណ‍កម្មាការអ៊ឺរ៉ុប បានពន្យល់នៅក្នុងសេចក្ដីសម្រេចនោះថា អង្ករដែលនាំចូល ពីទ្វីបអាស៊ី មានតម្លៃថោកយ៉ាងច្រើន ជាងអង្ករដែលផលិត នៅក្នុងទីផ្សារអ៊ឺរ៉ុបខ្លួនឯង ដែលធ្វើអាត្រាតួលេខ នៃផលិតផលអង្ករ ក្នុងបណ្ដាប្រទេសជាសមាជិក សម្រាប់រយៈពេល៥ឆ្នាំដូចគ្នា បានធ្លាក់ចុះ ពី៦១% មកនៅត្រឹមតែ ២៩%។

ប្ដឹង ឲ្យ​ដកចេញ​វិញ នូវបទបញ្ជារបស់ EU …

ស្រងសំដី ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការវៀតណាម (VNA) សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹង តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ចំណាត់ការរបស់សហភាពអ៊ឺរ៉ុប មានកំហុសឆ្គង និងធ្វើឲ្យការអនុត្តច្បាប់ របស់សហភាពអ៊ឺរ៉ុប មានភាពមិនត្រឹមត្រូវ។

សហព័ន្ធស្រូវអង្ករកម្ពុជា ដែលដឹកនាំដោយលោក សុខ ពុទ្ធីវុធ កូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងទៀតថា ការយកពន្ធអាកទៅលើការនាំចូល នៃផលិតផលអង្ករកម្ពុជា បានធ្វើឲ្យ«ប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងទៅដល់ឧស្សាហកម្មរបស់ប្រទេស ជាពិសេសទៅដល់ប្រជាជនកម្ពុជា»។

ក្នុងឆ្នាំ ២០១៦ ប្រទេសកម្ពុជាបាននាំចេញ​នូវ ផលិតផលអង្ករ ចូលមកក្នុងទីផ្សារសហភាអ៊ឺរ៉ុប ប្រមាណជា ៣៤៥ពាន់តោន ទល់នឹងបរិមាណ តែ៨ពាន់តោន ក្នុងឆ្នាំ២០០៩។

អ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ ត្រូវបានសារព័ត៌មាន «The Cambodia Daily» ស្រង់សំដីមកបញ្ជាក់ថា សាលាក្ដីយុត្តិធម៌ របស់ហភាពអឺរ៉ុប គឺជាស្ថាប័នឯករាជ្យ ដែលឈរ លើស្មារតីយុត្តិធម៌ និងច្បាប់ ដោយមិនគិត អំពីហេតុផលនយោបាយទេ។

លោក ឡៅ ម៉ុងហៃ បង្ហាញជំនឿថា កម្ពុជាអាចនឹងទទួលជោគជ័យ លើពាក្យបណ្តឹងរបស់ខ្លួន ព្រោះបើតាមលោក ការសម្រេចយកពន្ធអង្ករនោះ ធ្វើឡើងតាមការរើសអើងសុទ្ធសាធ។

ប្រភពមួយស្និតនឹងគណៈកម្មការអ៊ឺរ៉ុប បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងក្នុងថ្ងៃនេះថា គណៈកម្មការអ៊ឺរ៉ុបបានសម្រេច ឲ្យយកពន្ធឡើងវិញនេះ ដោយអនុលោមតាមច្បាប់ និងប្រើនីតិវិធីច្រើនខែ មុននឹងឈានទៅចេញបទបញ្ជារបស់ខ្លួន។

ប្រភពបានបន្តថា ប្រទេសសមាជិកជាច្រើន បានគាំទ្រចំណាត់ការនេះ និងគ្មានប្រទេស​ណា​ជំទាស់ទេ។ ដូច្នេះដំណើរការឈាន ទៅលប់សេចក្ដីសម្រេចនេះវិញ ទំនងជាមិនអាច​ទៅរួច​ទេ។

លោក ព្រហ្ម គិត អ្នកឃ្លាំមើលបញ្ហាកម្ពុជា និងជាអ្នកជំនាញផ្នែកច្បាប់មួយរូប បានមើលឃើញផ្សេងទៅវិញ អំពីបណ្ដឹងខាងលើ របស់ប្រទេសកម្ពុជា។ លោកថា ទោះប្ដឹងទៅឈ្នះឬចាញ់ក្ដី រដ្ឋាភិបាលលោក ហ៊ុន សែន ចង់ប្រើពាក្យបណ្ដឹងនេះ ជារូបភាពនយោបាយ ដើម្បី«បាញ់ព្រួញមួយ ត្រូវសត្វច្រើន»។

«សត្វច្រើន»ដែលលោក ព្រហ្ម គិត មើលឃើញនោះ មាន(១) យកប្រៀបលើក្រុមប្រឆាំង (២) ព្រមានដោយប្រយោល ចំពោះគណៈកម្មការអ៊ឺរ៉ុប ដែលអាចនឹងសម្រេច ដកប្រព័ន្ធអនុគ្រោះពន្ធ «EBA» ក្នុងពេលខាងមុខ និង(៣) ធ្វើប្រជាភិថុតថា រដ្ឋាភិបាលលោក ហ៊ុន សែន ប្រឹងប្រែងពីករណីនេះ តាមគ្រប់លទ្ធភាពហើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

លាងលុយកខ្វក់៖ សម រង្ស៊ី និយាយ​ពី​«ចោរាធិបតេយ្យ»​នៅ​កម្ពុជា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានលើកឡើងថា កម្ពុជាសព្វថ្ងៃ ជារដ្ឋ​«ម៉ាហ្វីយ៉ា» និងជារដ្ឋ​ដែលដឹកនាំ ដោយប្រព័ន្ធ«ចោរាធិបតេយ្យ» ដែលនាំទៅដល់ ការលាងលុយកខ្វក់ថ្នាក់រដ្ឋ និងរហូតត្រូវសហភាពអ៊ឺរ៉ុប ដាក់កម្ពុជា ...
កម្ពុជា

មេធាវីថា កឹម សុខា មិនបាន​ព្រមាន​មន្ត្រី​រឿង​«សុំសិទ្ធិ​​ធ្វើ​នយោបាយ»

ក្រុមមេធាវីការពារក្ដី ឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចេញមុខព្រមគ្នា មកអះអាងថា កូនក្ដីរបស់ខ្លួនមិនបានព្រមាន ឬហាមឃាត់មន្ត្រីគណបក្សណា ដែលចង់ ឬមិនចង់ «សុំសិទ្ធិ​​ធ្វើ​នយោបាយ» ឡើងវិញនោះឡើយ។ ...
កម្ពុជា

EU នឹង​មិនផ្អាក​ការសម្រេច​របស់ខ្លួន ក្នុង​ការព្យួរ​«EBA»​ពីកម្ពុជា​ឡើយ

គ្មានទេ! គ្មានការឆ្លើយតប ជាវិជ្ជមានឡើយ ពីសំណាក់សហភាពអ៊ឺរ៉ុប (EU) ចំពោះ​សំណើរ​​​របស់​​ក្រុម​​សហគ្រិនកម្ពុជា ដែលចង់ឲ្យសហភាព​អ៊ឺរ៉ុបយោគយល់ ដោយផ្អាក ឬពន្យាពេល​​ការសម្រេចព្យួរ ប្រព័ន្ធអនុគ្រោះពន្ធ ហៅថា «EBA» ពីប្រទេសកម្ពុជា ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...