អង្គការលើកលែងទោស (Amnesty International) បានលើកឡើងថា សហគមន៍អន្តរជាតិមិនត្រូវបណ្ដោយឲ្យចិន ប្រើប្រាស់កីឡាអូឡាំពិកសិសិររដូវ ដើម្បី«ឃោសនា»ឲ្យរបបដឹកនាំរបស់ខ្លួន យ៉ាងគឃ្លើននោះឡើយ។
ក្នុងសេចក្ដីថ្លែងការណ៍ របស់អង្គការខាងលើ ដែលចេញផ្សាយ កាលពីសប្ដាហ៍មុន បានអះអាងថា របបដឹកនាំកុម្មយនីស្ដិ៍នៅប៉េកាំង ច្បាស់ជាប្រើព្រឹត្តិការណ៍កីឡាអូឡាំពិកសិសិររដូវ (ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០កុម្ភៈខាងមុខ) ដើម្បី«បំភ័ន្ដ»ចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ ឲ្យងាកចេញពីការរំលោភសិទ្ធិមនុស្ស ដែលកំពុងកើតមាន នៅក្នុងប្រទេសចិន ជាពិសេសក្នុងខេត្ត«Xinjiang» ទៅលើបណ្ដាជនឥស្លាម អ៊ូយហ្គោ (Ouïghour)។
អង្គការលើកលែងទោស ដែលមានស្នាក់ការធំកណ្ដាល ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស បានព្រមានចំពោះការ«ឃោសនា» របស់ចិនថា៖
«ពិភពលោកត្រូវដកពិសោធន៍ ពីមេរៀននៃកីឡាអូឡាំពិករដូវក្ដៅ ក្នុងរដ្ឋធានីប៉េកាំង ឆ្នាំ២០០៨ ថាការសន្យាទាំងឡាយរបស់រដ្ឋអំណាចចិន នៃការធ្វើឲ្យចម្រើនឡើង ក្នុងវិស័យសិទ្ធិមនុស្ស មិនដែលទទួលបានលទ្ធផល ជាផ្លែផ្កាពិតប្រាកដនោះទេ។»
កាលពីថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ សមាជិកច្រើនសិបនាក់របស់អង្គការខាងលើ បានធ្វើបាតុកម្ម នៅច្រើនកន្លែង ដូចជានៅខាងមុខរដ្ឋសភាជាតិបារាំង ក្នុងរដ្ឋធានីប៉ារីស (ប្រទេសបារាំង) និងនៅខាងមុខស្ថានទូតចិន ប្រចាំរាជធានីព្រុយសែល (ប្រទេសប៊ែលហ្សិក) ជាដើម។ ពួកគេបានស្នើឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស ចំនួន៥នាក់ រួមមាន៖
អ្នកកាសែតពលរដ្ឋ អ្នកស្រី «Zhang Zhan», សាស្ត្រាចារ្យសាកលវិទ្យាល័យ ជាតិអ៊ូយហ្គោ លោក «Ilham Tohti», អ្នកការពារសិទ្ធិការងារ អ្នកស្រី «Li Qiaochu», មេធាវីជំនាញខាងសិទ្ធិមនុស្ស លោក «Gao Zhisheng» និងអ្នកសរសេរប្លូក ជាតិទីបេ ព្រះសង្ឃ «Rinchen Tsultrim»។
លោក «Philippe Givron» អ្នកសម្របសម្រួលរបស់អង្គការលើកលែងទោស ប្រចាំក្នុងប្រទេសប៊ែលហ្សិក បានពន្យល់ថា៖
«យើងស្នើសុំឲ្យមានការដោះលែង សកម្មជនការពារសិទ្ធិមនុស្សទាំង៥រូបខាងលើ ក៏ដូចជាអ្នកទោសមនសិការទាំងអស់ផ្សេងទៀត ដែលកំពុងជាប់ឃុំក្នុងប្រទេសចិន ដោយគ្រាន់តែពួកគេធ្វើការបញ្ចេញមតិ ដែលមិនស្របនឹងរបបកុម្មយនីស្ដិ៍។»
អង្គការខាងលើ បានជំរុញឲ្យគណៈកម្មការអន្តរជាតិ នៃកីឡាអូឡាំពិក (CIO) គួរដាក់កំហិតទៅអាជ្ញាធរចិន ត្រូវគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ជុំវិញវិស័យសិទ្ធិមនុស្ស ក្នុងនោះមានការគោរពសេរីភាពសារព័ត៌មាន សិទ្ធិកម្មករ សិទ្ធិនៃការធ្វើបាតុកម្មដោយសន្តិវិធី ក៏ដូចជាសិទ្ធិសេរីភាពបញ្ចេញមតិ របស់អត្តពលិក។
អង្គការអន្តរជាតិ បានលើកយកករណីរបស់កីឡាការិនី វាយតឺនីស កញ្ញា «Peng Shuai» ដែលបានបាត់ខ្លួនជាសាធារណៈ បន្ទាប់ពីនាងបាននិយាយ ក្នុងបណ្ដាញសង្គម កាលពីឆ្នាំកន្លងទៅ ចោទអតីតឧបនាយករដ្ឋមន្ត្រីចិនមួយរូប ថាបានបំពានផ្នែកផ្លូវភេទ ទៅលើរូបនាង។ កញ្ញា «Peng Shuai» ធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអឡាំពិក ចំនួន៣លើករួចមកហើយ។
នៅចំពោះការព្រួយបារម្ភខាងលើ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងចក្រភពអង់គ្លេស បានប្រកាសថា ខ្លួននឹងមិនបញ្ជូនអ្នកតំណាងផ្លូវការរបស់ផងខ្លួន ទៅកាន់ព្រឹត្តិការណ៍ កីឡាអូឡាំពិកសិសិររដូវខាងមុខ ក្នុងរដ្ឋធានីប៉េកាំងទេ ដោយបញ្ជាក់ថា «អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងខេត្ត”Xinjiang” ក៏ដូចជាការរំលោភសិទ្ធិមនុស្សដទៃទៀត» ស្ថិតក្នុងមូលហេតុជាច្រើន នៃការសម្រេចចិត្តរបស់ខ្លួន៕