មានបណ្ដោយប្រវែង ២៩៤ម៉ែត្រ នាវាកម្សាន្ដយក្ស ដែលមានឈ្មោះ «Costa Deliziosa» បានហៀបបង្កឲ្យមានគ្រោះថ្នាក់ ដ៏សម្បើមមួយ នៅនឹងឆ្នេរសមុទ្រ នៃក្រុង វើនីស (Venise) ប្រទេសអ៊ីតាលី។
ហេតុការណ៍កើតឡើង កាលពីថ្ងៃសៅរ៍ទី៦ ខែកក្កដា ឆ្នាំ២០១៩នេះ។ វីដេអូ ដែលត្រូវបានថត ដោយអ្នកប្រើប្រាស់បណ្ដាញយូធូបម្នាក់ បង្ហាញថា នាវាយក្ស «Costa Deliziosa» ដែលរសាត់ខ្លួន តាមកម្លាំងភ្លៀង-ព្យុះសមុទ្រដ៏ខ្លាំង បានរំកិលខ្លួនយ៉ាងព្រឺព្រួច នៅតែប៉ុន្មានម៉ែត្រ ពីច្រាំង «Riva dei Sette Martiri» និងនាវាសមុទ្រមួយទៀត ដែលចតនៅទីនោះ។
គ្រោះថ្នាក់ត្រូវបានបញ្ចៀស ព្រោះនាវាយក្ស «Costa Deliziosa» ត្រូវបានទាញចេញ ឲ្យបត់ក្បាលចូលទៅសមុទ្រវិញ ដោយនាវាសណ្ដោងមួយផ្សេង (មើលមិនឃើញ ក្នុងវីដេអូ)។
ក្រុមហ៊ុនរៀបចំដំណើរកម្សាន្ដ ដែលជាម្ចាស់របស់នាវាយក្ស បានទម្លាក់កំហុស ទៅលើស្ថានភាពឧត្តុនិយម ដែលមានកម្លាំងដ៏ខ្លាំងក្លា មិនដែលធ្លាប់កើតមាន ពីមុនមក។
ដើម្បីបង្កាគ្រោះថ្នាក់ ដែលអាចកើតឡើង ជាយថាហេតុដូច្នេះ អាជ្ញាធរគ្រប់គ្រងតំបន់ឆ្នេរ នៃក្រុងវើនីស បានគ្រោងចាត់វិធានការមួយចំនួន ក្នុងនោះដូចជា ហាមឃាត់នាវាកម្សាន្ដយក្សទាំងឡាយ ដែលមានទំហំប្រហាក់ប្រហែលនាវាខាងលើ មិនឲ្យចូលមកចត នៅពេលមានស្ថានភាពឧត្តុនិយម មិនអំណោយផល៕