ស្ត្រីជាគ្រូពេទ្យបារាំងមួយរូប បានបង្ហោះរូបភាព នៃអ្នកជំងឺម្នាក់ ដែលកំពុងស្ថិតក្នុងសភាពស្ដូកស្ដឹង ដើម្បីពន្យល់ប្រាប់អ្នកផង អំពីគ្រោះ«Covid-19» ថាគេមិនត្រូវមើលស្រាល ចំពោះមេរោគមួយនេះឡើយ។
បង្ហោះនៅលើបណ្ដាញសង្គម ស្ត្រីគិលានុបដ្ឋាកបានថ្លែងឡើង ជាបឋមថា៖
«វីដេអូដ៏ខ្លីមួយនេះ សម្រាប់ជូនដល់បណ្ដាជនទាំងឡាយ ដែលខ្ញុំស្គាល់ និងដែលរអ៊ូរទាំ ពីការដាក់បង្ខាំងខ្លួន ឲ្យនៅក្នុងផ្ទះពួកគេ។ ខ្ញុំសូមបង្ហាញអំពីអ្វី ដែលអ្នករាល់គ្នា មិនដែលជួប។»
បន្ទាប់មក អ្នកគ្រូពេទ្យបានបង្វិលទូរស័ព្ទរបស់គាត់ ថតឆ្ពោះទៅកាន់អ្នកជំងឺ «Covid-19» មួយរូប នៅក្បែរនោះ ដែលគេងផ្កាប់មុខ និងហាក់បាត់ស្មារតីទៅហើយ។ អ្នកជំងឺដែលមាននៅលើខ្លួន នូវបំពង់ដកដង្ហើម និងខ្សែចរន្តឲ្យសញ្ញាបេះដូង យ៉ាងស្អេកស្កះ។
ប្រទេសជាច្រើន នៅអ៊ឺរ៉ុបខាងលិច រួមនឹងប្រទេសបារាំងផង បានប្រកាសបម្រាម ដាក់ពលរដ្ឋទូទាំងប្រទេស ឲ្យបង្ខាំងខ្លួននៅក្នុងផ្ទះ និងកំហិតរាល់ការធ្វើដំណើរ ដែលមិនចាំបាច់ ដើម្បីកាត់ផ្ដាច់ រាល់ការទាក់ទងដោយផ្ទាល់។ ការទាក់ទងដោយផ្ទាល់ រវាងបណ្ដាជន ដែលអនុញ្ញាតឲ្យមេរោគ«កូរូណា» ឬ«Covid-19» អាចចម្លង និងរាតត្បាតបាន។
ក្រោយការដាក់បម្រាមនោះ មានបណ្ដាជនជាច្រើន បានសំដែងការរអ៊ូរទាំ និងការត្អូញត្អែរ អំពីអ្វីដែលពួកគេយល់ថា សិទ្ធិសេរីភាពរបស់ពួកគេ ត្រូវបានរឹតត្បិត។ ខ្លះទៀត ថែមទាំងឆ្លៀតឱកាស នៃការបង្ខាំងខ្លួននេះ ដើម្បីធ្វើដំណើរកំសាន្ដ ឬធ្វើវិសមកាលចុងសប្ដាហ៍ យ៉ាងរំភើយនោះទៀត។
ជាមួយនឹងវីដេអូរបស់ខ្លួន គិលានុបដ្ឋាកកំពុងអះអាង អំពីសភាពដ៏តក់ស្លុត ដែលកំពុងកើតឡើង សម្រាប់អ្នកជំងឺទាំងឡាយ ដែលបានឆ្លងរោគ«កូរូណា»ដ៏ចង្រៃ។ អ្នកគ្រូពេទ្យបានថ្លែងបន្តថា៖
«នេះ ជាការពិត នៃមេរោគកូរូណា។ ហើយដើម្បីអនុញ្ញាតឲ្យអ្នកឯង (អ្នកដែលឈឺ) អាចដកដង្ហើមបាន វាលែងជាសួត របស់អ្នកទៀតហើយ តែគឺម៉ាស៊ីននៅខាងឆ្វេងដៃនេះ។ ហើយអ្នកជំងឺ ដែលនៅខាងក្រោយខ្ញុំនេះ យើងមិនដឹងថា តើយើងអាចសង្គ្រោះគាត់បាន ឬយ៉ាងណាទេ តែគាត់នឹងស្ថិតក្នុងសភាពបែបនេះ សម្រាប់ច្រើនសប្ដាហ៍ទៅមុខទៀត។»
ស្ត្រីគិលានុបដ្ឋាក បានបញ្ចប់វីដេអូ ជាមួយនឹងឃ្លាចុងក្រោយ ដូច្នេះ៖
«បើអញ្ចឹង សូមថែរក្សាខ្លួន នៅក្នុងផ្ទះ !»