«វាជាបំណងល្អ ដែលគ្រាន់តែមិនស្ថិត ក្នុងក្បាលអន់ខ្សោយប៉ុណ្ណោះ» «ទំពក់វាទៅ ទើបព្នៅវាមក»… ទាំងនេះ ជាការបកស្រាយរបស់លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទំនងជាការបំភ្លឺ តបនឹងការរិះគន់ របស់បណ្ដាជនមួយចំនួន ជុំវិញពាក្យសំដីរបស់លោក ហៅការជះទឹកស្រាបៀរ ទៅលើតារាចម្រៀង ទេព បូព្រឹក្ស ថាជារឿងតូចតាច។
លោក ថៃ នរៈសត្យា បានឆ្លៀតឱកាសនៃការបកស្រាយនេះ ដែលលោកមិនបញ្ជាក់ពីសំនុំរឿង ទៅធៀបនឹងសង្គ្រាមលោក ទាំងពីរលើក មុននឹងភ្ជាប់ការជះស្រាបៀរ ទៅនឹងនយោបាយ«ឈ្នះ-ឈ្នះ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថា៖
«គ្រប់ការប្រយុទ្ធលើលោកនេះ រួមទាំងសង្គ្រាមលោកលើកទី១ និងលើកទី២ផងនោះ មិនដែលចប់ទៅ ដោយការប្រយុទ្ធហែកហួរគ្នាទេ ! វារមែងរលត់ទៅ ដោយការសម្រុះសម្រួលណាមួយមិនខាន។ ក៏ដូចជាសង្គ្រាមកន្លងទៅ នៅកម្ពុជាដែរ តើវាជាការចប់ ដោយការប្រយុទ្ធស៊ីសាច់ហុតឈាមឬ?»
មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះ បានរៀបរាប់ថា៖
«ក្រោយថ្ងៃរំដោះជាតិ ជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករា ក៏ពិតមែនតែសង្គ្រាមទ្រង់ទ្រាយធំបានរលត់ទៅ ជាបណ្តោះអាសន្ន តែសង្គ្រាមឆ្មក់ នៅតែបន្តឆក់យកជីវិតមនុស្ស សត្វ និងបំផ្លិចបំផ្លាញប្រទេសដ៏កម្សត់នេះ ជាបន្តបន្ទាប់រហូតដល់ឆ្នាំ ១៩៩៨ ទើបទទួលបានសន្តិភាពពេញលេញ លើផ្ទៃប្រទេស ដោយសារការអនុវត្តន៍នយោបាយ ឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលប្រកាន់យកអាវុធចចារគ្នា ជាមូលដ្ឋាន ដោយមិនប្រើអាវុធប្រល័យគ្នាទេ។»
លោកបន្តថា៖
«ខ្ញុំចង់យកបញ្ហាខាងលើនេះ មកជាឧបករណ៍ ទើបខ្ញុំឲ្យតម្លៃថា វាមិនមែនជារឿងធំដែលប៉ះពាស់ ដល់សុវត្ថិភាពប្រទេសជាតិ និងសន្តិសុខសង្គមនោះឡើយ! រឿងធំ និងរឿងល្បីមិនដូចគ្នាទេ ! អារឿងតូវប៉ុនបាតដៃ ក៍វាអាចល្បីដែរ អាចល្បីខាងល្អ ខាងគុណធម៌ ក៏អាចល្បីខាងមិនល្អ ខាងអគុណធម៌ដែរ! ដូចនេះហើយ ដែលខ្ញុំបានវាយតំលៃថាវាមិនមែនជារឿងធំនោះ ពោលគឺជារឿង ដែលអាចនិយាយគ្នាបាន បើភាគីជម្លោះទាំងសងខាងមានសុឆន្ទ: ក្នុងការដោះស្រាយគ្នា។»
«ខ្ញុំមិនបាននិយាយកាន់ជើង ដោយលម្អៀងទៅខាងណាឡើយ ហើយខ្ញុំក៏បានបន្ទោសចំពោះជន ដែលមិនចេះគ្រប់គ្រងខ្លួន ហើយបញ្ចេញកំហឹងទៅលើគេនោះដែរ ប៉ុន្តែការបញ្ចេញមតិប្រមាថ មកលើខ្ញុំពីសំណាក់ជនមួយចំនួនណានោះ វាគ្រាន់តែជាកម្រិតគំនិតនៃបុគ្គលម្នាក់ៗ ក្នុងការប្រីសិទ្ធរបស់ពួកគាត់ប៉ុណ្ណោះ រួមទាំងបណ្ឌិតម្ទេសខ្មាំង ពីរបីផ្លែផងដែរ។»
«ទំពក់វាទៅ ទើបព្នៅវាមក»
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល បានផ្ទុះឡើង កាលពីម៉ោងជាង១០យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង យីហោ «សមុទ្រ» ស្ថិតនៅក្បែរមន្ទីរពេទ្យកុមារជាតិ កណ្ដាលរាជធានីភ្នំពេញ។
រូបភាពដែលត្រូវបានថតជាប់ ពីទិដ្ឋភាពដ៏ហួសចិត្ត ហើយត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា តារាចម្រៀងរបស់ផលិតកម្ម ហង្ស មាស កញ្ញា ទេព បូព្រឹក្ស កំពុងឈរច្រៀង នៅលើវេទិកា ស្រាប់តែមានបុរសម្នាក់ ពាក់អាវពណ៌ស បានចូលមកដល់ និងជះទឹកអ្វីម្យាង ទៅលើកញ្ញា។ ទឹកនោះ ត្រូវបានតារាចម្រៀងខ្លួនឯង អះអាងនៅក្នុងវីដេអូផ្សាយផ្ទាល់ ក្នុងពេលក្រោយមក ថាជាទឹកស្រាបៀរ។
បុរសដែលដើរទៅជះទឹក ទៅលើតារាចម្រៀង ត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់ម្ចាស់ហាង «សមុទ្រ» នោះតែម្ដង។
លោក ថៃ នរៈសត្យា ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សំដីនៅព្រឹកថ្ងៃទី២៦ ខែធ្នូ មកផ្សព្វផ្សាយ ដោយលោកចាត់ទុករឿងរ៉ាវ ជះទឹកស្រាបៀរនេះ ថាជារឿងតូចតាច មួយប៉ុណ្ណោះទេ។ ប៉ុន្តែការលើកឡើងរបស់លោក បានបង្កឲ្យមានប្រតិកម្ម និងរលករិះគន់យ៉ាងចាស់ដៃ ពីសំណាក់បណ្ដាជនមួយចំនួន ជាពិសេសពីសំណាក់មជ្ឈដ្ឋាន អ្នកស្នេហាសិល្បៈ និងអ្នកលើកស្ទួយសិទ្ធិស្ត្រី។
សូមស្ដាប់ប្រតិកម្មមួយ របស់កញ្ញា លី ចាន់វតី ដែលគេស្គាល់ច្រើន នៅលើបណ្ដាញសង្គម ជុំវិញរឿងរ៉ាវខាងលើ៖