កាលពីអំឡុងខែមេសា បណ្ដាជនអ្នកតាមដាន និងគាំទ្រ បានជឿជាក់ថា នោះជាព័ត៌មានផ្លូវការ នៅបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្ត្រាអែល បានប្រកាសថា រាជនីចម្រៀងប៉ុប នាង ម៉ាដូណា (Madonna) នឹងចូលរួមច្រៀងជាកិត្តិយស នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃមហោស្រពប្រឡងចម្រៀងអន្តរជាតិ «EuroVision» ដែលឆ្នាំនេះ ប្រព្រឹត្តិទៅក្នុងរដ្ឋធានី តែលអាវីល ប្រទេសអ៊ីស្ត្រាអែល។
តែតាមពិត នៅក្នុងសប្ដាហ៍ចុងក្រោយ និងនៅមុនវគ្គផ្ដាច់ព្រ័ត្រ ឈានមកដល់នេះ ភាពស្រពិចស្រពិលនៅតែកើតមាន ចំពោះវត្តមានចូលរួម ក្នុងព្រឹត្តិការណ៍ប្រឡងចម្រៀង ពីសំណាក់កំពូលតារាចម្រៀង អាយុ៦០ឆ្នាំរូបនេះ។ គឺលោក «Jon Ola Sand» នាយកប្រតិបត្តិ ផ្នែកគ្រប់គ្រងព្រឹត្តិការណ៍ខាងលើ បានអះអាង កាលពីថ្ងៃចន្ទថា នាង ម៉ាដូណា នៅមិនទាន់ចុះហត្ថលេខា ទៅលើកិច្ចសន្យាចេញច្រៀងនៅឡើយ។
នៅទីបំផុត ក្នុងយប់ថ្ងៃព្រហស្បត្តិ ទី១៦ ខែឧសភានេះ បណ្ដាញទូរទស្សន៍ «KAN» របស់ប្រទេសអ៊ីស្ត្រាអែល ដែលទទួលរៀបចំផលិត មហាស្រពប្រឡងចម្រៀង «EuroVision» ឆ្នាំ២០១៩ បានចេញមកអះអាងថា កំពូលតារាចម្រៀងអាមេរិកាំង ដែលបានមកដល់ប្រទេសអ៊ីស្ត្រាអែល តាំងពីថ្ងៃអង្គារ ទើបនឹងចុះហត្ថលេខារួចរាល់ ជាមួយផលិតកម្ម ស្ដីពីការចេញច្រៀងរបស់នាង។
មនុស្សអម១៣៥នាក់ ក្នុងនោះ ៤០នាក់ជាអ្នកបន្ទរ ២៥នាក់ជាអ្នករាំ
ដូច្នេះ វត្តមានរបស់នាង ម៉ាដូណា នៅលើឆាកនៃវគ្គផ្ដាច់ព្រ័ត្រ របស់មហោស្រពអន្តរជាតិ «EuroVision» ត្រូវបានអះអាងជាផ្លូវការ។ កំពូលតារាចម្រៀង នឹងឡើងសំដែងចម្រៀងពីរបទ ក្នុងយប់ថ្ងៃសៅរ៍ទី១៨ ខែឧសភាស្អែក គឺបទ «Like a Prayer» ដ៏ល្បីល្បាញ និងបទ«Future» ដែលតារាចម្រៀង ត្រៀមចេញនៅក្នុងថាសចម្រៀងថ្មី ឈ្មោះ «Madame X» របស់នាង។
សារព័ត៌មានអ៊ីស្ត្រាអែល បានអះអាងថា នាង ម៉ាដូណា បានមកដល់ប្រទេសអ៊ីស្ត្រាអែល ជាមួយនឹងមនុស្សអម ចំនួន១៣៥នាក់ ក្នុងនោះ ៤០នាក់ជាអ្នកបន្ទរ ២៥នាក់ជាអ្នករាំ និងអ្នកសេសសល់ សុទ្ធសឹងជាអ្នកបច្ចេកទេស។
ប្រព័ន្ធផ្សព្វផ្សាយបានអះអាងទៀតថា មួយផ្នែកធំនៃការចំណាយ ដើម្បីហៅកំពូលតារាចម្រៀង ឲ្យចេញច្រៀង នៅក្នុងមហោស្រពអន្តរជាតិ ដែលមានការចូលរួម ពី៤១ប្រទេសនេះ ត្រូវបានធានារ៉ាប់រង ដោយមហាសេដ្ឋីសញ្ជាតិពីរ (អ៊ីស្ត្រាអែល-កាណាដា) លោក «Sylvan Adams»។
សង្គ្រាមសំដី៖ ម៉ាដូណា «EuroVision» និងអ៊ីស្ត្រាអែល
គេត្រូវរំលឹកឡើងវិញ ពីសង្គ្រាមសំដីដែលបានផ្ទុះឡើង បន្ទាប់ពីដំណឹងលេចឮនៃវត្តមាន របស់តារាចម្រៀង នៅលើទឹកដីអ៊ីស្ត្រាអែល ខណៈសិល្បករ និងក្រុមសកម្មជនទាំងឡាយ នៅជុំវិញផែនដី បានចេញមុខគាំទ្រយុទ្ធនាការ ធ្វើពហិការប្រទេសអ៊ីស្ត្រាអែល ដើម្បីតវ៉ាប្រឆាំង នឹង«ការរំលោភសិទ្ធិបណ្ដាជនប៉ាឡេស្ទីន»។
ប៉ុន្តែនាង ម៉ាដូណា បានឆ្លើយតបជាផ្លូវការ កាលពីថ្ងៃអង្គារថា៖
«ខ្ញុំនឹងមិនឈប់លេងភ្លេងដាច់ខាត ដើម្បីគោរពតាមការទាមទារ តាមបែបនយោបាយណាមួយ ហើយខ្ញុំក៏នឹងមិនឈប់និយាយ ជាសាធារណៈ ប្រឆាំងនឹងការរំលោភបំពានសិទ្ធិមនុស្ស នៅគ្រប់ទីកន្លែងក្នុងពិភពលោកនោះដែរ៕»