ក្នុងពេលកន្លងមក តារាស៊ិចស៊ី ជំនាញខាងបង្ហាញម៉ូដ និងសំដែងដ៏ល្បី នាង«Emily Ratajkowski» គ្រាន់តែបានប្រាប់ប្រិយមិត្តរបស់នាង ថានាងមានផ្ទៃពោះប៉ុណ្ណោះ និងមិនបាលបញ្ជាក់ថា កូនក្នុងផ្ទៃរបស់នាង ជាកូនប្រុសឬស្រី ហើយថា ផ្ទៃពោះនឹងត្រូវ«គ្រប់ខែ» នៅពេលណាឡើយ។
តែនៅថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមីនាម្សិលម៉ិញ តារាសំដែងនិងបង្ហាញម៉ូដ ដែលមិនញញើត ក្នុងការបង្ហាញរាងកាយដ៏ទ្រលុកទ្រលន់ បានបង្ហោះរូបភាពអំពីកូនដំបូងរបស់នាង ដែលទើបនឹងចេញពីឧទរ ដោយប្រាប់ឲ្យដឹងពីភេទ ឈ្មោះ និងថ្ងៃខែកំណើត។ នៅលើបណ្ដាញសង្គមអ៊ិនស្តាហ្គ្រាម នាង «Emily Ratajkowski» បានបង្ហោះរូបភាព បង្ហាញពីការបំបៅដោះកូន និងសរសេរអមថា៖
«កូនប្រុសខ្ញុំ ឈ្មោះ “Sylvester Apollo Bear” ទើបនឹងចាប់កំណើត មករួមរស់ នៅក្នុងពិភពលោកយើងនេះ។ “Sly” (ឈ្មោះហៅកាត់) បានកើតនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាពេលព្រឹក ដ៏អស្ចារ្យបំផុត ដែលពោរពេញដោយសេចក្ដីស្នេហា នៅក្នុងឆាកជីវិតរបស់ខ្ញុំ។»
រូបភាពបង្ហោះ មិនបានប៉ុន្មានម៉ោងផង ការចូលរួមអបអរពីសំណាក់ប្រិយមិត្តរបស់នាង បានផ្ទុះឡើងជាបន្តបន្ទាប់ រហូតមិនតិចជាង៣លានដងទេ។ ក្នុងនោះ តារាល្បីៗជាច្រើនផ្សេងទៀត ក៏បានបង្ហាញការសាទរ ចំពោះរូបនាងដែរ ដូចយ៉ាងនាង «Bella Hadid» និងនាង «Kim Kardashian» ជាដើម។
យ៉ាងណា នាង«Emily Ratajkowski» ដែលមានអាយុ២៩ឆ្នាំ ធ្លាប់ឲ្យដំណឹងខ្លះដែរ ពីដំណាក់កាល នៃការពរពោះរបស់នាង។ ដូចជានៅថ្ងៃទី៤ ខែកុម្ភៈកន្លងមក តារាស៊ិចស៊ី បានបង្ហោះរូបថត ដែលគ្មានសម្លៀកបំពាក់ច្រើនសន្លឹក ដោយអះអាងភ្ជាប់នឹងរូបថតទាំងនេះថា៖
«ពេលខ្លះ ខ្ញុំមានអារម្មណ៍ថាខ្លួនដូចខ្លាឃ្មុំតុក្កតា “Winnie” ដែលស្ថិតក្នុងស្រោមខ្លួនជាមនុស្ស។ ពេលខ្លះទៀត ខ្ញុំមានអារម្មណ៍ជាទេពធីតាក្នុងសុបិន្តមួយអង្គ ដែលមានកំប៉េះគូថយ៉ាងទ្រលុកទ្រលន់។ ខ្ញុំបានថតរូបទាំងនេះ នៅពេលខ្ញុំមានអារម្មណ៍ ជាទេពធីតា។ យ៉ាងណាក្ដី ខ្ញុំដឹងថា ផ្ទៃពោះដ៏ធំ និងគល់ភ្លៅដ៏ធាត់នេះ នឹងបាត់ទៅវិញ ក្នុងពេលដ៏ខ្លីខាងមុខ៕»