សត្វមាឌយក្សទាំងពីរ មួយហៅថា «Godzilla» និងមួយទៀត ជាសត្វស្វាគីងកុង «King Kong» បានជួបប្រយុទ្ធគ្នា នៅក្នុងភាពយន្ដថ្មីមួយ របស់ផលិតកម្ម «Warner Bros» នៃពិភពហូលីវូដអាមេរិក។ ភាពយន្ដថ្មីមួយនេះ ដែលត្រូវបានលើកថ្ងៃចេញបញ្ចាំង ជាច្រើនដងរួចមកហើយ ត្រូវបានផលិតកម្មកំណត់ជាផ្លូវការ ថានឹងចេញបញ្ចាំង នៅតាមរោងភាពយន្ដនានា នៅជុំវិញពិភពលោក និងនៅលើ «HBO Max» ចាប់ពីថ្ងៃទី២៦ ខែមីនាខាងមុខតទៅ។
នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប (Youtube) ស្បតផ្សាយឃោសនារបស់ភាពយន្ដ «Godzilla vs. Kong» បានបង្កការភ្ញាក់ផ្អើល ដល់ប្រិយមិត្តរបស់ខ្លួនមិនតិចទេ។ គ្រាន់តែស្បត មានវត្តមាននៅទីនោះ ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ មនុស្សអ្នកចុចចូលទៅទស្សនា មានចំនួនដល់ជាង៣០លានដងទៅហើយ។
តែបើសិនជាប្រិយមិត្តជាច្រើន បង្ហាញចំណាប់អារម្មណ៍របស់ផងខ្លួន ចំពោះភាពយន្ដនេះ គឺដោយសារតែតួអង្គសំខាន់ គឺសត្វសមុទ្រមាឌយក្ស «Godzilla» និងសត្វស្វាគីងកុង សុទ្ធតែត្រូវបានពួកគេធ្លាប់ស្គាល់រួចមកហើយ នៅក្នុងភាពយន្ដមុនៗ។ ហើយវត្តមានរបស់សត្វសមុទ្រ «Godzilla» នៅលើផែនដី គឺជាព្រឹត្តិការណ៍នៃ«ភ្លើងឆេះកាល» ដែលអាចឲ្យមនុស្សជាតិ បាត់រលត់ពីពិភពលោក។
តែសំណាងណាស់ ដែលមនុស្សជាតិនៅមានសត្វស្វាគីងកុង។ ស្វាគីងកុង ដែលមានមាឌយក្ស បានបង្ហាញពីសមានចិត្តរបស់ខ្លួនជាមួយមនុស្ស ហើយបានជួយទប់ទល់ កុំឲ្យព្រឹត្តិការណ៍«ភ្លើងឆេះកាល» អាចកើតមានបាន៕
ទស្សនាវីដេអូ នៃស្បតឃោសនាដូចខាងក្រោម៖