តើប្រព័ន្ធផ្សព្វផ្សាយអាមេរិក មើលមិនឃើញ​ពីជ័យជំនះ របស់លោក ដូណាល់ ត្រាំ (Donald Trump) ឬ​យ៉ាង​ដូចម្ដេច? ប្រព័ន្ធ​ផ្សព្វផ្សាយ​​ទាំង​នោះ បាន​ដឹកនាំ​ការអង្កេតមួយ ដោយខ្លួនឯង ដើម្បីស្វែងយល់​ពីហេតុការណ៍នេះ ហើយ​​ទស្សនាវដ្ដី​​មនោរម្យ.អាំងហ្វូ សូម​សង្ខេប​របាយការណ៍​​អង្កេត​​នោះ មក​​ជម្រាប​​ជូន​​​លោក​អ្នក ដូច​ខាង​ក្រោម។

ទាំងប្រព័ន្ធផ្សព្វផ្សាយ ទាំងស្ថាប័នឯករាជ្យ សម្រាប់ការស្ទង់មតិ នៅសហរដ្ឋអាមេរិក សុទ្ធតែបង្ហាញ​ការ​ជឿ​ជាក់​ថា លោក ដូណាល់ ត្រាំ មិនទទួលបានជ័យជំនះឡើយ នៅក្នុងការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​អាមេរិក លើកទី៤៥នេះ។ នេះបើគេនិយាយ តែពី​បណ្ដាស្ថាប័ន​ផ្សព្វផ្សាយ ដែលមាននិន្នាការឯករាជ្យប៉ុណ្ណោះ។ តើ​ភាព​បរាជ័យ នៃការសម្លឹងមើលវែងឆ្ងាយ របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ បណ្ដាលមកពី​មូលហេតុអ្វី?

ក្រុមអ្នកជំនាញ មកពីបណ្ដាញផ្សព្វផ្សាយទាំងនោះ បានលើកឡើង ពីហេតុផល ដែលឈានទៅដល់ ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន «ខុស» ឬ«ភ័ន្ដច្រឡំ» ដូចខាងក្រោម៖

«អ្វីមួយ ដែលថ្មី»

«និយាយទៅ ពលរដ្ឋម្ចាស់ឆ្នោតភាគច្រើន ចង់បានអ្វីមួយ​ដែលថ្មី និងខុសពីមុន។ ហើយអ្វី ដែលជា​បំណង​ប្រាថ្នា​នេះ តែងត្រូវបាន​ពលរដ្ឋ​ម្ចាស់ឆ្នោតទាំងនោះ ស្រែកឡើងជាញឹកញាប់។ តែបញ្ហា​នៅត្រង់ថា អ្នក​សារព័ត៌មាន​ភាគច្រើន មិនបាន​ស្ដាប់ឮ​សំរែក​ទាំង​នោះ​ឡើយ។» នេះ ជាការលើកឡើង របស់លោក «Jim Rutenberg» អ្នក​ជំនាញ​មួយរូប មកពីសារព័ត៌មាន «New York Times»។

លោក «Jim» បានបន្តទៀតថា ភាគច្រើននៃសារព័ត៌មាន និងបណ្ដាញទូរទស្សន៍ បានស្ទង់ខុសកន្លែង ពី​ចង្វាក់​បេះដូង របស់​​សហរដ្ឋអាមេរិក។ សារព័ត៌មានអាមេរិក​មិនបានរកឃើញ ពីកំហឹងដ៏ពុះកញ្ជ្រោល ដែល​បាន​​កើត​ឡើង នៅក្នុង​ចំណោម​​ពលរដ្ឋ​​ម្ចាស់​​ឆ្នោត​ភាគ​ច្រើន​នោះ​ទេ។

ក្ដាប់ជាប់ក្នុងដៃ ពី«ប្រព័ន្ធផ្សព្វផ្សាយកូនកាត់»

គេត្រូវរំលឹកឡើងវិញថា លោក ដូណាល់ ត្រាំ មានទំនាក់ទំនងស្មុគ្រស្មាញណាស់ ជាមួយប្រព័ន្ធផ្សព្វផ្សាយ តាំង​ពីលោក​បាន​​ចាប់​ផ្ដើម​លោតចូល ក្នុងយុទ្ធនាការបោះឆ្នោតដំបូង នៅខែមិថុនា ឆ្នាំ២០០៥នោះម្លេះ។

ប៉ុន្តែ​​ទំនាក់​ទំនង​ដ៏​ស្មុគ្រស្មាញ និងពេលខ្លះ​ប្រែ​ក្លាយ​ជា«អាក្រក់»នេះ បានជួយ«ផ្សាយពាណិជ្ជកម្ម» ឲ្យ​លោក​ទៅវិញ នៅ​ក្នុង​រយៈពេល នៃយុទ្ធនាការបោះឆ្នោត​ជំហ៊ាន​«បឋម» របស់​គណបក្ស​សាធារណរដ្ឋ ដើម្បី​ឈាន​ទៅកំណត់ យក​​បេក្ខជន​ជា​ផ្លូវ​ការ ទៅប្រកួតនឹងបេក្ខជន​ផ្សេងទៀត មកពីគណបក្សផ្សេង។ នេះបើ​តាម​​ការអះអាង របស់​អ្នកស្រី «Margaret Sullivan» អ្នកជំនាញខាងបណ្ដាញផ្សព្វផ្សាយ មកពីសារព័ត៌មាន «Washington Post»។

អ្នកជំនាញផ្សេងទៀត ក៏បានអះអាង​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរថា ជាមួយនឹង​ការ​ចេញ​ផ្សាយ​ទាំង​ឡាយ ដែល​និយាយ​​ពី​រូប​លោក​នោះ មហាសេដ្ឋី «ត្រាំ» ទំនងជាទទួលបាន នូវការ«ផ្សព្វផ្សាយពាណិជ្ជកម្ម ដោយ​មិន​គិត​ថ្លៃ» ពីសំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ «កូនកាត់»​​ទាំងអស់នៅ​អាមេរិក ដែលបើគិតជាប្រាក់ មាន​កម្រិត​មិន​តិច​ជាង ២កោដ (២ពាន់​លាន) ដុល្លារ​នោះ​ឡើយ។ គឺការផ្សព្វផ្សាយ​ទាំង​នោះ​​ហើយ ដែល​បាន​ជួយ​លោក ឲ្យ​​ឈ្នះ​នៅ​ក្នុង​យុទ្ធនាការ​បោះ​ឆ្នោត​បឋម នៅក្នុងគណបក្សរបស់លោក។

ធ្វើខ្លួន ឲ្យក្លាយជា«តារា»

លោក «Dan Kennedy» សាស្ត្រាចារ្យផ្នែកសារព័ត៌មាន ពីសកលវិទ្យាល័យ «Northeastern» បាន​ថ្លែង​បញ្ជាក់​ចំពោះ​ករណី​នេះ​ថា៖

«ប្រព័ន្ធផ្សព្វផ្សាយ​ បានធ្វើការងាររបស់ខ្លួន ក្នុងការលើកឡើង ពីគុណវិបត្តិ​​នៃ​បុគ្គលិក​លក្ខណៈ របស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែ​លោក ត្រាំ បានយល់យ៉ាងច្បាស់ ពីតួនាទីរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ក្នុង​ជីវិតសាធារណៈ ហើយលោកមានសមត្ថភាព យក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនោះ មក​ធ្វើ​អាជីវកម្ម ដើម្បី​ប្រែ​ក្លាយ​ខ្លួន​លោក ឲ្យ​ទៅ​ជា​តារា។»

ចេះប្រើប្រាស់បណ្ដាញសង្គម…

ក្រៅពីទទួលបានការផ្សាយ ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនោះរួច បេក្ខជនមកពីគណបក្ស​សាធារណរដ្ឋ​រូប​នេះ នៅ​ចេះ​ប្រើប្រាស់​«ការ​ឆ្លើយ​តប»​របស់ខ្លួន នៅតាមបណ្ដាញសង្គម យ៉ាងមានប្រសិទ្ធិភាព ដើម្បី​​វាយ​បក​ទៅ​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​វិញ ជាពិសេស នៅពេល​​មាន​ហេតុការណ៍ «អាក្រក់» អ្វីមួយ បានកើតឡើង។​

ការ​យក​មធ្យោបាយ «បណ្ដាញសង្គម» ដើម្បីតបត ទៅដៃគូប្រកួត ឬតបទៅការផ្សាយពីលោក «បែប​អវិជ្ជមាន» របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​នោះ លោក ដូណាល់ ត្រាំ មិនត្រឹមតែបាន​លាង​សំអាត​ខ្លួនប៉ុណ្ណោះទេ តែ​នៅ​បាន​ចលនា​​ក្រុម​អ្នក​គាំទ្រ​របស់​លោក ឲ្យ​ជួយ​«បន្ទរ​ឆ្លើយតប» ហើយបន្ថែមទំងន់ នៃការផ្សព្វផ្សាយ អំពីរូបលោក មាន​សភាព​​កាន់​​​តែ​ផុសផុល​​​ឡើង។ ពេលខ្លះ លោក ដូណាល់ ត្រាំ បានប្រើ«បណ្ដាញសង្គម» ដើម្បីបង្កើត​«រឿងថ្មីៗ» នោះថែម​ទៀត៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ទ្វីសធើរ និងហ្វេសប៊ុក បិទគណនេយ្យ ដូណាល់ ត្រាំ មួយរយៈ

ទ្វីសធើរ (Twitter) និងហ្វេសប៊ុក (Facebook) បានសម្រេចបិទគណនេយ្យ របស់ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump)។ ក្នុងជំហានដំបូងនេះ គណនេយ្យទ្វីសធើរ ...
ដំណឹង

បីនាក់ស្លាប់ ក្នុងការផ្ទុះអាវុធមួយ នាមណ្ឌលបោះប៊ូលីង ក្បែរក្រុង ឡូសអេនជឺឡេស

ជាថ្មីម្ដងទៀត ការបាញ់ប្រហារគ្នាមួយ បានផ្ទុះឡើង នៅក្នុងមណ្ឌលកំសាន្ដបោះប៊ូលីង ឈ្មោះ «Gable House Bowl» ស្ថិតក្នុងក្រុង «Torrance» នៅចំងាយប្រមាណជា ៣០គីឡូម៉ែត្រ ពីក្រុងឡូសអេនជឺឡេស ...
ដំណឹង

Covid-19 ៖ រង​ការរិះគន់​ធ្ងន់ពេក ដូណាល់ ត្រាំ ប្រតិកម្ម​តបទៅ អូបាម៉ា

បន្ទាប់ពីអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានរិះគន់ធ្ងន់ៗ អំពីវិធានការគ្រប់គ្រង ការរាតត្បាតនៃជំងឺ «Covid-19» ដែលហាក់មិនមានប្រសិទ្ធិភាពនោះ លោកប្រធានាធិបតី ដូណាល់ ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.