នៅប្រទេសបារាំង ថ្ងៃ«១៤កក្កដា»នេះ ត្រូវបានដាក់ជាបុណ្យជាតិរបស់ប្រទេស តាំងពីឆ្នាំ១៨៨០ ក្នុង​ខណៈ ដែល​ប្រទេសនេះ បានបង្កើតឡើង​នូវរបបសារធារណរដ្ឋ ជាលើកទី៣។ រដ្ឋសភាបារាំងក្នុងសម័យនោះ បាន​អនុម័ត​យក​ថ្ងៃនេះ ជាថ្ងៃបុណ្យជាតិជាផ្លូវការ ដោយយោងទៅលើ​ព្រឹត្តការណ«ពីរ» ដែលបានកើតឡើង កាលពីជិត​មួយសតវត្ស​មុន។

ព្រឹត្តិការណ​ទាំង​ពីរនេះ គឺបដិវត្តន៍​ដោយកម្លាំងប្រជាជន ថ្ងៃទី១៤កក្កដា ឆ្នាំ១៧៨៩ ក្នុងការវាយ​រំដោះ​ពន្ធនាគារ បាស្ទីយ៍ (Bastille) ក្នុងរាជធានីប៉ារីស និងថ្ងៃទី១៤ កក្កដា ឆ្នាំ១៧៩០ មួយទៀត ដែលជាថ្ងៃនិមិត្តិរូប នៃការបង្រួបបង្រួមជាតិផង ព្រម​ទាំង​ក្នុងបំណង ចង់រលឹកខួបមួយឆ្នាំ នៃថ្ងៃរំដោះពន្ធនាគារបាស្ទីយ៍ ឆ្នាំ​១៧៨៩​ខាងលើ​នេះផង។

ប្រវត្តិនៃ«ថ្ងៃវាយរំដោះគុកបាស្ទីយ៍»

អ្នកនិពន្ធ វិចទ័រ ហ៊ុយហ្គោ (Victor Hugo) ដ៏ល្បីរបស់បារាំង បាននិយាយថា៖

«ថ្ងៃបុណ្យនេះ វាមិនត្រឹមតែជា​ថ្ងៃបុណ្យ​ជាតិរបស់បារាំងប៉ុណ្ណោះទេ តែវាជាថ្ងៃបុណ្យមួយ មានលក្ខណៈជាសកល។ ថ្ងៃ១៤កក្កដា ជាថ្ងៃ​នៃការធ្លាក់ចុះ នូវជញ្ជាំងដ៏ធំមហិមា នៃពន្ធនាគារបាស្ទីយ៍ ហើយវាបានបិទបញ្ចប់ នូវរបប​ទាសភាព​ទាំង​ឡាយ ដែលគ្រប់ប្រជាជាតិ​ទាំងអស់​ក្នុងពិភពលោក នរណាៗក៏ត្រូវការដែរ។»

គេនៅចាំបានថា កាលនោះជារដូវក្ដៅ (ឆ្នាំ១៧៨៩) ហើយការវំជើបរំជួលដ៏ធំមួយ បានគ្របដណ្ដប់ពាសពេញ​ទាំង​រាជធានី​ប៉ារីស។ ប្រជាជន​បារាំង​​កាលសម័យនោះ ខឹងសម្បារយ៉ាងខ្លាំង ដោយត្រូវរស់នៅក្នុងសភាពមួយដ៏​លំបាក​ជាទីបំផុត ទល់​នឹងវិបត្តិនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចយ៉ាងធ្ងន់ធ្ងរ។

ស្ដេចល្វីស៍ទី១៦ កាលនោះ ត្រូវ​ប្រឈមមុខនឹងក្រុមតំណាងប្រជាជន ដែលចង់បង្កើតឲ្យមាន​ច្បាប់រដ្ឋធម្មនុញ្ញ​មួយឡើង ដែលនឹងប្រគល់​សិទ្ធិសេរីភាពច្រើនជាងមុន ទៅ​ឲ្យរាល់ប្រជាជនម្នាក់ៗ។ ប្រជាជនដែលទាមទារ ចង់ឲ្យ​មានការបង់ពន្ធ​​តិចជាងមុន ហើយបង្កើត​ឲ្យមាន​នូវសិទ្ធិស្មើភាពគ្នាមួយ​​នៅក្នុងសង្គម ដែលពីមុនមក សិទ្ធិនេះ​មាន​សម្រាប់​តែមេដឹកនាំសាសនា​​នៅក្នុងព្រះវិហារ និងពួកអ្នក​មាន​ស្ដុកស្ដមប៉ុណ្ណោះ។

រូបភាពគូរឡើងវិញ បង្ហាញពីទិដ្ឋភាព នៅតំបន់ជិតពន្ធនាគារ បាស្ទីយ៍។ Photo: Wikipedia.org

តែរាល់ការតស៊ូតាមផ្លូវច្បាប់ ដោយការជជែក និងការបោះឆ្នោតទាំងឡាយ បានត្រឹមតែធ្វើឲ្យការខកចិត្ត​របស់​ប្រជាជន និងអ្នកតំណាងពួកគេ រីករាលដាលកាន់តែខ្លាំង។ ពួកគាត់បានទាមទារ​បង្កើតឲ្យខាង​តែបាន នូវការ​ជួបប្រជុំ​ថ្នាក់ជាតិមួយ (ដូចគ្នានឹងរដ្ឋសភាដែរ) នៅថ្ងៃទី៩កក្កដា​ឆ្នាំ១៧៨៩។

ការទាមទារនេះ បានធ្វើឲ្យស្ដេចល្វីស៍ទី១៦ ព្រួយបារម្ភ ហើយបានលួចនាំចូលដោយសំងាត់ មកក្នុងប្រទេសបារាំង​នូវ​កងទ័ព​បរទេស (ពីប្រទេស​ស្វីស និងអាល្លឺម៉ង់) ដោយ​ទុកឲ្យត្រៀមចាំ នៅតំបន់មួយជិតក្រុងវ៉ែរសៃយ៍ (Versailles) ស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីរាជធានី​ប៉ារីស។ ពាក្យ​ចចាមអារ៉ាម​​ជាច្រើន បានធ្វើឲ្យលេចឮថា កងទ័ពស្មោះ​ស្ម័គ្រ​នឹង​ស្ដេច​ទាំងនេះ នឹងត្រៀម​ខ្លួន​រួច​ជាស្រេច​ សំរាប់ចូលមកក្នុង​រាជធានី ប៉ារីស​ ដើម្បីចាប់ខ្លួនក្រុមពួកអ្នក​តំណាង​ប្រជាជន។

គឺនៅថ្ងៃទី១២កក្កដា ឆ្នាំ១៧៨៩នោះហើយ ដែលលោក កាមី ដេសមូឡាំង (Camille Desmoulins) ដែល​​ជា​អ្នក​ច្បាប់​មួយរូប ដែលមិនសូវជា​មានឈ្មោះបោះសំលេង បានឡើងឈរនៅលើធុងស្រាមួយ ហើយ​បាន​ស្រែក​​អំពាវនាវ ឲ្យ​ជនរួមជាតិ​ទាំងឡាយ ក្រោកឡើងធ្វើការបះបោរ (Saint Barthélemy des patriotes) ប្រឆាំង​នឹងរបប​រាជានិយម​​ផ្ដាច់ការ និងរបបទាសភាព។

ប្រជាជន​ជាពិសេសអ្នករស់នៅ​ ក្នុងរាជធានី ប៉ារីស ដែលកំពុងតែក្ដៅក្រហាយស្រាប់ គ្មានជំរើសអ្វីក្រៅ​តែ​ពី​ទៅ​​ចូល​រួបរួម ជាមួយនឹង​ការដង្ហោយហៅ​នេះ ហើយត្រូវតែធ្វើការប្រយុទ្ធ ​ដើម្បីឲ្យសំលេងរបស់ខ្លួន ត្រូវ​បាន​គេស្ដាប់ឮ និងយកចិត្តទុកដាក់។

នៅព្រឹកថ្ងៃទី ១៤កក្កដា ឆ្នាំ១៧៨៩ បណ្ដាជនទាំងនោះបានប្រមូលផ្ដុំគ្នា ប្រមាណ​ជា​ពី ៤៥ ០០០ ទៅ ៥០ ០០០នាក់ បានចេញទៅយកអាវុធ​ពីមណ្ឌលផ្ទុកអាវុធមួយ ឈ្មោះហៅថា អាំងវាលីដ (Invalides)។ នៅទី​នោះ មានកងទ័ពនិងកាំភ្លើងធំជាច្រើន បានត្រូវដាក់ពង្រាយ នៅនឹងមុខ​មណ្ឌល​ផ្ទុក​អាវុធនោះ តែពួកមេទ័ពប្រចាំ​នៅនឹងកន្លែង បាន​សំរចេចិត្តជា​ឯកច្ឆ័ន ថាមិន«ផ្ទុះអាវុធ»​ប្រឆាំងនឹង​ពួកអ្នកបះបោរទាំងនេះទេ។

ក្រោយពេលប្រមូលបានអាវុធហើយ បណ្ដាជន​ទាំងនោះ បានដើរត្រសងតំរង់ទៅ បាស្ទីយ៍ ដែលជា​ពន្ធនាគារ​​ដ៏​ធំ​ជាងគេរបស់ប្រទេស និងជា​និមត្តរូប​នៃអំណាចផ្ដាច់ការ​​ របស់របបរាជានិយម។ ការបាញ់ប្រយុទ្ធគ្នា ប្រកប​ដោយ​ឈាម បានកើតឡើងពេញមួយថ្ងៃ នៅទីនោះ រហូត​ដល់ប្រជាជន ដណ្ដើមបានជ័យជំនះ ហើយបានដោះលែង នូវអ្នក​ទោស​សំខាន់ៗខ្លះ និងបានកាន់កាប់ទាំងស្រុង នូវមន្ទីឃុំឃាំង​ដ៏រឹងមាំនេះ។

រូបភាពគូរឡើងវិញ ពីការប្រយុទ្ធបង្ហូឈាម ក្នុងពេលដណ្ដើមយកពន្ធនាគារ បាស្ទីយ៍។ Photo: Wikipedia.org

តាំងពីពេលនោះមក ព្រឹត្តិការណ៍នេះត្រូវបានបណ្ដាជន ក្នុងប្រទេសផ្សេងទៀតនៅអ៊ឺរ៉ុប ក៏ដូចជានៅរ៉ូស្ស៊ី យក​មកធ្វើជាគំរូ និងវាបានក្លាយជា​ចលនា​ នាំមុខមួយរបស់ពិភពលោក ក្នុងការបំបាត់របបទាសភាព ហើយស្វែងរក​មកវិញ នូវ​សេរីភាព សមភាព និងប្រជាធិបតេយ្យ នៅក្នុង​សង្គម។ គេបានហៅព្រឹត្តិការណនេះថា «ថ្ងៃវាយរំដោះ​គុកបាស្ទីយ៍»។

ថ្ងៃបុណ្យសហព័ន្ធ – និមិត្តរូប នៃការបង្រួបបង្រួមជាតិ

ថ្ងៃបុណ្យជាតិបារាំង ១៤កក្កដានេះ បានផ្សារភ្ជាប់ទៅនឹងទិវាមួយទៀត ដែលប្រជាជនបារាំងក្នុងសម័យនោះ បាន​ប្រារព្វធ្វើឡើង ដើម្បីជា​ការរំលឹកខួប​មួយឆ្នាំ នៃ«ថ្ងៃវាយរំដោះ​គុកបាស្ទីយ៍» គឺនៅថ្ងៃទី ១៤កក្កដា ឆ្នាំ​១៧៩០។

តាំងពី​«ថ្ងៃវាយរំដោះ​គុកបាស្ទីយ៍»មក នៅតាមបណ្ដាខេត្រក្នុងប្រទេសបារាំង បានបង្កើតតែរៀងៗខ្លួន នូវ​សហព័ន្ធ​​តំបន់នៃកងទ័ពជាតិ។ ការបង្កើត​នេះ មានអត្ថន័យដើម្បីបន្ថយអំណាចកណ្ដាល ដែលពីមុន អំណាចនេះមាន​ចេញ​តែពីព្រះបរមរាជវាំងប៉ុណ្ណោះ។ ហើយដើម្បីគ្រប់គ្រង​ចលនា ​​​​ដែលបានកើត​ឡើង​​ដោយឯកឯងនេះ រាជការនៅរាជធានី ប៉ារីស ​ពេលនោះ ក្រោមការជម្រុញរបស់លោក ឡាហ្វៃយេត (Lafayette) បាន​បង្កើត​ជាសហព័ន្ធរួមធំមួយ ដោយ​ប្រមូល​អ្នកតំណាងសហព័ន្ធ​មកពីតាមខេត្ត ឲ្យមកចូលរួមធ្វើមហាសន្និបាត នៅថ្ងៃទី១៤កក្កដា ឆ្នាំ១៧៩០។

ការប្រារព្វពិធីមានលក្ខណៈជាការរំលឹកខួប «ថ្ងៃវាយរំដោះគុកបាស្ទីយ៍» តែនៅក្នុងនោះ ក៏បានដាក់បញ្ចូលផងដែរ នូវរបៀបរបបគ្រប់គ្រង និងការបង្រួបបង្រួមជាធ្លុងមួយ ក្នុងប្រទេសដែលកំពុងមានវិបត្តិ។ នៅថ្ងៃនោះ ទាហានប្រមាណជា ១៤០០០នាក់ របស់ក្រុមសហព័ន្ធ បានមកដល់រាជធានីប៉ារីស ហើយបានធ្វើជាក្បួន រៀបជាក្រុមតាមខេត្ត ដើរពីអតីតពន្ធនាគារបាស្ទីយ៍ មកទីលានមួយជិតមណ្ឌលផ្ទុកអាវុធ អាំងវាលីដ ដើម្បីធ្វើពិធីជួបជុំនៅទីនោះ។

រូបភាពគូរឡើងវិញ ពីមហាសន្និបាតសហព័ន្ធ នៅលើទីលានដ៏ធំមួយ នៅខាងមុខឃ្លាំងអាវុធ អាំងវាលីដ។ Photo: Wikipedia.org

នៅលើទីលាន ដែលគេប្រារព្ធពិធីនោះ ស្ដេចល្វីស៍ទី១៦ បានស្បថថា នឹង«ថែរក្សារដ្ឋធម្មនុញ្ញ សំរេចដោយ​សភា​របស់​ជាតិ»។ ជាមួយនឹង​ការគាំទ្រ​របស់ប្រជាជននៅរាជធានីប៉ារីស ដែលមានភក្ដីភាព ជាមួយ​របបរាជា​និយម​នោះ ស្ដេចល្វីស៍ទី១៦ នៅតែមានអំណាច​នៅក្នុង​រាជបល្ល័ង្គនៅឡើយ។ ដូច្នេះ គំនិតដែល​និយាយ​​​ពីការបង្រួប​បង្រួម​ជាតិ​ក្នុងពេលនោះ បានទទួលជ័យជំនះ​យ៉ាងត្រចះត្រចង់ និងបាន​ប្រែក្លាយ​មហាសន្និបាតនេះ ទៅជាបុណ្យ​ប្រជាប្រិយ​មួយ​យ៉ាងសប្បាយអឺងកង។

តែការផ្សះផ្សារជាតិមួយនេះ មិនបានស្ថិតស្ថេរយូរអង្វែងទេ ដោយសារតែស្ដេចល្វីស៍ទី១៦ បានក្បត់ពាក្យសម្បថរបស់ទ្រង់ ហើយត្រូវបានចាប់យកទៅប្រហាជីវិត ដោយកាត់ក្បាល នៅពីរឆ្នាំក្រោយមក។

ជិតមួយសតវត្សក្រោយ «១៤កក្កដា»បានក្លាយជា​បុណ្យជាតិ…

ការរំលឹកខួប នៃព្រឹត្តិការណ៍«ថ្ងៃវាយរំដោះគុកបាស្ទីយ៍»នេះ មិនត្រូវបានគេនឹកនារក អស់រយះពេលជិត ១០០ឆ្នាំ។ លុះត្រាមកដល់ឆ្នាំ១៨៨០ ដែលកាលនោះ អ្នកគ្រប់គ្រងរបបបារាំងថ្មីហៅថា សារធារណរដ្ឋទី៣ ចង់ស្វែងរកថ្ងៃបុណ្យជាតិមួយ ក្រោមគោលគំនិត «ដើម្បីបណ្ដុះបំណងប្រាថ្នាជាតិដ៏យូលង់មួយ» នៅជុំវិញនិមិត្តរូបរបស់ សារធារណរដ្ឋ ហើយគេបាននឹកឃើញទៅដល់ ព្រឹត្តិការណ៍ទាំងពីរខាងលើ។ ចម្រៀងជាតិសព្វថ្ងៃរបស់ប្រទេសបារាំង «ឡាម៉ាសៃយែស (la Marseillaise)» ក៏ត្រូវបានស្នើឲ្យមាន ក្នុងពេលជាមួយគ្នានោះផងដែរ។

នៅក្នុងរដ្ឋសភាបារាំង កាលជំនាន់នោះ មានតំណាងរាស្រ្តជាច្រើន ដែលបានជំទាស់នឹង ការយក«ថ្ងៃវាយរំដោះ​គុក​បាស្ទីយ៍» ទី១៤កក្កដា ឆ្នាំ១៧៨៩នេះ មកធ្វើជាថ្ងៃ​បុណ្យជាតិ ដោយពួកគេយល់ថា វា​ជាថ្ងៃគ្រប​ដណ្ដប់​ទៅ​ដោយ​ឈាម និង​អំពើហឹង្សា។ តែដោយ​សារគេបានលើកយក ថ្ងៃបុណ្យ​សហព័ន្ធ​ក្នុងនិមិត្តរូប​បង្រួប​បង្រួម​​ជាតិ​​មួយទៀត មកអះអាងអបបន្ថែម ទើបរដ្ឋសភានៅពេលនោះ បានសំរេចបោះឆ្នោតយក ថ្ងៃទី១៤កក្កដា ជាថ្ងៃបុណ្យ​ជាតិ​របស់​ប្រទេសបារាំង រហូត​មក​ទល់បច្ចុប្បន្ន៕



លំអិតបន្ថែមទៀត

ដំណឹង

អតីត​ប្រធានាធិបតី​បារាំង នឹងត្រូវ​កាត់ទោស ពីបទ​«ពុករលួយ»

តុលាការកំពូលបារាំង បានបញ្ជាក់នៅមុននេះបន្តិច ថាសំនុំរឿងដែលសង្ស័យអតីតប្រធានាធិបតី លោក នីកូឡា សារកូហ្សី ( Nicolas Sarkozy ) ថាបានពាក់ព័ន្ធក្នុងអំពើ«ពុករលួយ» នឹងត្រូវបញ្ជូនឡើងទៅជំនុំជម្រះ ក្នុងតុលាការព្រហ្មទណ្ឌ។ ...
កម្ពុជា

សម​​ រង្ស៊ី បង្កើតសមាគមការពារ​សិទ្ធិ នៃអតីត​អ្នកជំងឺ​កូវីដ-១៩

ក្នុងប្រទេសបារាំង លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបើកសមាគមថ្មីមួយ ហៅថា​«សមាគម​ការពារសិទ្ធិ និងសេរីភាព នៃអតីត​អ្នកជំងឺ​កូវីដ-១៩ (Association de Défense des ...
ដំណឹង

អាជ្ញាធរ​បារាំង​​បង្ក្រាប​«ខ្មាន់កាំភ្លើង»​នៅ​ស្ត្រាស្បួរ៍​-ISIS ​ទទួល​ស្គាល់ភេរវកម្ម

បុរសឈ្មោះ «Cherif Chekatt» ជនសង្ស័យជា«ខ្មាន់កាំភ្លើង» ដែលបានបើកការបាញ់ប្រហារ ទៅលើហ្វូងមនុស្ស កាលពីយប់ថ្ងៃអង្គារទី១១​ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានកងកម្លាំងអាជ្ញាធរបាញ់សម្លាប់ ក្នុងយប់ថ្ងៃព្រហស្បត្តិម្សិលម៉ិញ នៅក្នុងសង្កាត់ «Neudorf» ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.