នៅពេលដែលចិនកុម្មុយនីស្ដិ៍ កំពុងអួតអាងថា ការរាតត្បាតនៃជំងឺ​«កូរូណា» ឬ​«Covid-19» កំពុងថមថយកម្លាំង ក្នុង​ប្រទេសខ្លួន និងបម្រាមនានា កំពុងត្រូវបានលើកចេញ ជាបន្តបន្ទាប់នោះ ស្រាប់តែភស្ដុតាង​ដែលបង្ហាញឲ្យដឹង ពីចំនួន​អ្នកជំងឺស្លាប់ ដោយសារមេរោគខាងលើ យ៉ាងធំសម្បើម កំពុងត្រូវបានទម្លាយចេញ​បន្តិចម្ដងៗដែរ។

ជាផ្លូវការ របបដឹកនាំកុម្មុយនីស្ដិ៍ចិន បានបញ្ចេញតួលេខអ្នកស្លាប់ ត្រឹមតែ ៣ ៣០០នាក់ប៉ុណ្ណោះ។ តែអ្នកស្លាប់ ដែល​អ្នកសារព័ត៌មានក្នុងស្រុក បានរាប់ឃើញ មានចំនួនមិនតិចជាង ៩៧ ០០០នាក់ ក្នុងនោះអ្នកជំងឺ ៥៩ ០០០នាក់ បាន​ស្លាប់ នៅតែក្នុងក្រុង វូហាន តែមួយ។

តួលេខ​ដែលអ្នកសារព័ត៌មានរាប់ឃើញខាងលើ បានកើតឡើង ដោយហេតុថា បណ្ដាប្រជាជនចិន បានតម្រង់ជួរ​គ្នា​មិនចេះចប់ មិនចេះហើយ ដើម្បីទៅទទួលយក នូវអដ្ឋិធាតុនៃញាតិសន្ដាន របស់ផងខ្លួន ដែលបានស្លាប់ ក្នុងរយៈកាល​៣-៤ខែកន្លងទៅ នៃការរាតត្បាតរោគ «Covid-19» នៅទូទាំងប្រទេសចិន

ការសង្វាតរបស់បណ្ដាជនចិន ក្នុងការទទួលអដ្ឋិធាតុទាំងនោះ មកឲ្យគ្រួសារខ្លួននោះ គឺដើម្បីឲ្យបានទាន់ មុនបុណ្យ​ឆេងម៉េង (QingMing) ដែលនឹងមកដល់ នៅថ្ងៃ៤ និងថ្ងៃ៥ ខែមេសា ខាងមុខ។ ហើយមកដល់ថ្ងៃនេះ ការតម្រង់ជួរគ្នា នៃបណ្ដាជនចិន នៅខាងមុខទីប៉ាឆានានា មិនត្រឹមតែមិនទាន់ចប់នៅឡើយទេ តែនៅមានចំនួន ដ៏ច្រើនលើសលប់​បន្តទៀត។

អ្នកសារព័ត៌មានច្រើននាក់ ដែលស្ថិតក្នុងហេតុការណ៍ នៃការតម្រង់ជួរទាំងនោះ បានផ្ដិតយកជារូបថត និងវីដេអូ ហើយ​បានបង្ហោះ នៅលើបណ្ដាញសង្គមចិន។ តែរូបភាព និងវីដេអូទាំងនោះ ត្រូវបានដកចេញ និងរារាំង (Blocked) នៅបន្តិច​ក្រោយមក។

យ៉ាងណា រូបភាព និងវីដេអូ របស់អ្នកសារព័ត៌មានក្នុងស្រុកទាំងនោះ ត្រូវបានបណ្ដាញសារព័ត៌មានធំៗ នៅលើ​ពិភពលោក​ដកស្រង់ យកមកធ្វើសេចក្ដីរាយការណ៍ ជាបន្តបន្ទាប់ (សូមទស្សនាវីដេអូខាងក្រោម)។

តួលេខ យ៉ាងធំសម្បើម

អ្នកសារព័ត៌មានមួយរូប ពីក្នុងចំណោមនោះ បានពន្យល់​ពីវិធីសាស្ត្ររបស់ខ្លួន ដើម្បីរាប់ឃើញ​ចំនួនអ្នកស្លាប់ ដូច្នេះថា៖

«នៅក្នុងតំបន់ នៃក្រុងវូហានតែមួយ មានទីប៉ាឆាធំៗ ចំនួន៨កន្លែង។ ហើយក្នុងមួយថ្ងៃ ទីប៉ាឆានីមួយៗ មានលទ្ធភាព​អាចប្រគល់អដ្ឋិធាតុ ទៅឲ្យតំណាងគ្រួសារ បានត្រឹមតែ​៥០០អដ្ឋិធាតុប៉ុណ្ណោះ។ ដូច្នេះ បើមើលពីចំនួន​អ្នកតម្រង់ជួរ ជារៀងរាល់ថ្ងៃ (ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៤ ខែមេសា) គឺសម្រាប់នៅក្នុងក្រុង វូហាន តែមួយ អ្នកស្លាប់​អាចមានចំនួន រហូតដល់ ៥៩ ០០០នាក់។»

បុរសអ្នកសារព័ត៌មាន បានបន្តរាប់ឃើញទៀតថា៖

«សម្រាប់ នៅក្នុងប្រទេសចិនទាំងមូល អ្នកស្លាប់អាចមាន មិនតិចជាង ៩៧ ០០០នាក់ និងចំនួនអ្នកឆ្លងជំងឺ អាច​មាន​មិនតិចជាង ១,២លាននាក់ (ខុសគ្នាយ៉ាងច្រើន​លើសលប់ ពីតួលេខផ្លូវការ ដែលបង្ហាញថា មានតែជាង ៨១ ៤០០នាក់ ដែលបានឆ្លងជំងឺ)។»

គេបានដឹងរួចជាស្រេចហើយ ថាអាជ្ញាធរចិន បានលាក់ពេលវេលាពិតប្រាកដ នៃការរាតត្បាតដំបូង នៃមេរោគ«កូរូណា» ឬ«Covid-19»។ ដូច្នេះ វាក៏មិនមែន ជារឿងចម្លែកអ្វីដែរ ដែលអាជ្ញាធរកុម្មុយនីស្ដិ៍ បានលាក់តួលេខពិតប្រាកដ នៃអ្នកឆ្លង និងអ្នកស្លាប់ ដោយសារជំងឺនេះ។

ហើយអ្នកដែលអាចបញ្ជាក់ ពីការលាក់តួលេខខាងលើ​ដោយអាជ្ញាធរចិន មិនមែនមានត្រឹម តែអ្នកសារព័ត៌មានប៉ុន្មាននាក់​ខាងលើទេ តែនៅមានក្រុមគ្រូពេទ្យ អង្គការក្រៅរដ្ឋាភិបាល និងវិទ្យាស្ថានអន្តរជាតិជាច្រើនទៀត ក៏បានលើកឡើង ប្រហាក់ប្រហែលគ្នានេះដែរ។

កាលពីសប្ដាហ៍មុន ក្រុមប្រទេស«G7» បានចេញសេចក្ដីប្រកាស ចោទប្រកាន់​របប​កុម្មុយនីស្ដិ៍ចិន ថាបានដឹកនាំ​យុទ្ធនាការ បំភ្លៃព័ត៌មានពិត ដោយមានគម្រោងទុកជាមុន។ ក្រុមប្រទេសមហាឧស្សាហកម្ម ទាំង៧ បានចាត់ទុកទង្វើ និងឥរិយាបទ​ខាងលើ របស់ប្រទេសចិន ថាជា«ការគម្រាម»ធ្ងន់ធ្ងរ ដល់សុខភាពពិភពលោក។

រីឯអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន «RWB /RSF» ក៏បានទម្លាក់ការទទួលខុសត្រូវ នៃស្ថានភាពបច្ចុប្បន្ន ទៅលើរបប​ដឹកនាំ​«ផ្ដាច់ការ»ចិនដែរ។ អង្គការនេះ បានពន្យល់ថា ការបិទបាំងព័ត៌មាន​ឬការបំភ្លៃព័ត៌មាន របស់របបកុម្មុយនីស្ដិ៍ បានធ្វើ​ឲ្យវិបត្តិមួយនេះ កកើតឡើងនិងពង្រីកខ្លួន ​យ៉ាងធំសម្បើម សម្រាប់ពិភពលោកទាំងមូល។

ហេតុអ្វី?

សម្រាប់អ្នកឃ្លាំមើល និងអ្នកជំនាញ បានពន្យល់ដូចៗគ្នាថា ការបិទបាំងព័ត៌មាន ឬការបំភ្លៃព័ត៌មាន គឺជា​«ឧបករណ៍​ឃោសនា» របស់របបកុម្មុយនីស្ដិ៍ចិន ហើយតាមរយៈការឃោសនានេះ វានឹងជួយពង្រឹង​យុទ្ធសាស្ត្រការទូត របស់ប្រទេស​មួយនេះ ក្នុងការច្បាមចាប់ពិភពលោក មកដាក់​នៅក្នុងដៃ​របស់ខ្លួន។

យុទ្ធសាស្ត្រនោះ គឺបង្ហាញ«សារឃោសនា»ថា ប្រទេសចិន​ដែលមានអ្នកជំងឺស្លាប់ ត្រឹមតែ ៣ ៣០០​នាក់ បានការពារ​ពលរដ្ឋខ្លួន ប្រសើរជាងបណ្ដាប្រទេសផ្សេងទៀត ជាពិសេស​នៅបស្ចឹមលោក ដែលមកដល់ថ្ងៃនេះ ចំនួនមនុស្សស្លាប់ បានកើនឡើង រាប់ពាន់នាក់។ ហើយយុទ្ធសាស្ត្រ តាមរយៈ«ឧបករណ៍ឃោសនា»ដដែល ក៏ត្រូវបានយកមកប្រើដែរ ដោយប្រទេសជាច្រើនផ្សេងទៀត ដែលមាននិន្នការដឹកនាំ តាមបែប«ផ្ដាច់ការនិយម»។

ជាឧទាហរណ៍ដូចគ្នា ក្នុងព្រឹត្តិការណ៍ ធៀនអានម៉េន (Tian’anmen) ឆ្នាំ១៩៨៩ ប្រទេសចិនក៏បានប្រើ​«សារឃោសនា» ដើម្បីបញ្ចេញតួលេខអ្នកស្លាប់ ដែលមានត្រឹមតែ ២៤១នាក់ ប៉ុណ្ណោះដែរ។ ផ្ទុយទៅវិញ សម្រាប់អ្នកឃ្លាំមើលច្រើននាក់ បានលើកឡើងថា ជនរងគ្រោះ​នៅក្នុងព្រឹត្តិការណ៍នោះ មានចំនួនដល់ទៅ ច្រើនពាន់នាក់៕



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

Covid-19៖ អាការៈ​ចំនួន៦​ថ្មីទៀត ដែលឲ្យ​រោគសញ្ញា​ថា​មានជំងឺ

មជ្ឈមណ្ឌលពិនិត្យនិងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានបន្ថែម អាការៈ​ចំនួន៦​ថ្មីទៀត ដែលឲ្យរោគសញ្ញាដឹងថា មនុស្សម្នាក់បានឈឺជំងឺ «Covid-19»។ «អាការៈ​ចំនួន៦​ថ្មីទៀត»នេះ បន្ថែមពីអាការៈលើកមុន ដែលផ្ដោតសំខាន់ តែទៅលើ«គ្រុន ក្អកស្ងួត ...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការស្ទង់មតិរបស់អង្គការខុមហ្វ្រែល ក្នុងទូរស័ព្ទដៃរបស់លោក ក្នុងពិធីសម្ពោធសួនលេងទឹកឯកជនមួយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

ក្រសួងបិទវិទ្យុ​«VOD»​ជាស្ថាពរ តាមបញ្ជា​របស់ ហ៊ុន សែន

នៅប៉ុន្មានម៉ោងក្រោយបញ្ជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងព័ត៌មានបានចេញសេចក្ដីសម្រេច បិទទ្វារបស់វិទ្យុសម្លេងប្រជាធិបតេយ្យ«VOD»ជាស្ថាពរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ខៀវ ...
កំសាន្ដ

ព័ត៌មាន​អាជ័យ៖ កូនស្រី​មេ​បក្ស «ឆេះ»​ហើយ​ទាន!

«ឆេះ» ៖ តាមពិតទៅ កន្លែងដែលភ្លឺពេក កន្លែងដែលគេចង់ឲ្យឃើញ អាជ័យខ្ញុំមិនសូវជាចង់ឃើញទេ។ ផ្ទុយទៅវិញ អាជ័យខ្ញុំចូលចិត្តត្រសុល ទៅរកកន្លែងណា ដែលងងឹង និងកន្លែងដែលគេមិនចង់ឲ្យដឹង ដោយហេតុថា គឺកន្លែងអញ្ចឹងទៅវិញទេ ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.