បន្ទាប់ពីជ្រុះចេញពី «Champions League (ហៅកាត់ថា C1)» កាលពីយប់ថ្ងៃសុក្រម្សិលមិញ លោក ម៉ូរីហ្សីយ៉ូ សារី (Maurizio Sarri) ដែលជាគ្រូបង្វឹក ត្រូវបានក្រុម ជូវេនទូស (Juventus Turin – អ៊ីតាលី) កោះហៅនៅព្រឹកថ្ងៃសៅរ៍នេះ និងសម្រេចចែកផ្លូវគ្នាជាផ្លូវការ កាលពីប៉ុន្មាននាទីមុននេះ។
បើទោះជាលោក សារី បានដឹកនាំក្រុមសេះបង្កន់អ៊ីតាលី ឲ្យបានឈ្នះជាជើងឯកអ៊ីតាលី ក្នុងឆ្នាំនេះ ជាថ្មីទៀតក្ដី តែអាទិភាពរបស់ថ្នាក់ដឹកនាំ របស់ក្រុមយក្សមួយនេះ គឺការដណ្ដើមពានរង្វាន់អ៊ឺរ៉ុប ក្របខណ្ឌ «Champions League» ដូចដែលពួកគេបានចំណាយប្រាក់ជាច្រើន ដើម្បីទាក់ទាញកំពូលខ្សែប្រយុទ្ធ កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ឲ្យចូលមកទាត់ តាំងពីពីរឆ្នាំមុន។
បណ្ដេញចេញ បន្ទាប់ពីជ្រុះចេញពី «C1» ប៉ុន្មានម៉ោង…
ប៉ុន្តែលទ្ធផល ដែលចេញពីការប្រកួត ទល់នឹងក្រុម លីយ៉ុង (Olympic Lyonnais) ក្នុងវគ្គ១/៨ ជុំទី២ ក្របខណ្ឌ«Champions League» កាលពី យប់ថ្ងៃសុក្រ ទំនងជាពិបាកឲ្យក្រុមមេដឹកនាំក្រុម ជូវេនទូស ទទួលយកបាន។ ក្រុមសេះបង្កន់ឈ្នះក្រុមលីយ៉ុង ក្នុងពិន្ទុ២-១ តែបើបូកនឹងពិន្ទុ នៃការប្រកួតក្នុងជុំទី១ (២-២) ធ្វើឲ្យក្រុមលីយ៉ុង បានឆ្លងវគ្គ ដោយសារក្រុមនេះ រកគ្រាប់បាល់បាន នៅផ្ទះគូប្រកួត។
លោក សារី បានចុះហត្ថលេខា ធ្វើជាគ្រូបង្វឹករបស់ក្រុម ជូវេនទូស នៅខែមិថុនា ឆ្នាំ២០១៩។ មកទល់នឹងថ្ងៃនេះ (ដែលលោកត្រូវបានបណ្ដេញចេញ) លោកបានធ្វើការងារនេះ ត្រឹមតែ១រដូវកាលប៉ុណ្ណោះ។
លទ្ធផលដែលក្រុម ជូវេនទូស ទទួលបាន ក្រោមការដឹកនាំរបស់លោក សារី មិនជាទីគាប់ចិត្តប៉ុន្មានទេ។ ក្រៅពីជើងឯកអ៊ីតាលី ដែលក្រុមសេះបង្កន់ទទួលបាន យ៉ាងប្រផិតប្រផើយនោះ ពានរង្វាន់ក្នុងប្រទេសអ៊ីតាលី ចំនួនពីរផ្សេងទៀត ក៏ត្រូវបានរបូតចេញពីដៃក្រុមដែរ។
តើនរណាផ្សេង នឹងមកដឹកនាំបន្ត?
សារព័ត៌មានក្នុងស្រុក បានបង្ហើបឲ្យដឹងថា លោក ម៉ូរីស៊ីយ៉ូ ប៉ូឆេទីណូ (Mauricio Pochettino) ទំនងជាបេក្ខជន ដែលមានអាទិភាពជាងគេ ដោយហេតុថា អតីតគ្រូបង្វឹករបស់ក្រុម ថូថេនហាម (Tottenham – អង់គ្លេស) រូបនេះ នៅទំនេរគ្មានជាប់កិច្ចសន្យា ជាមួយក្រុមណាឡើយ។
ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី ក៏បានលើកមកនិយាយដែរ អំពីលោក «Simone Inzaghi» គ្រូបង្វឹកសព្វថ្ងៃ របស់ក្រុម «Lazio» និងលោក «Roberto Mancini» គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ីតាលី ដែរ។ សារព័ត៌មានខ្លះថែមទាំងរំឮក ពីឈ្មោះលោក ហ្សីណាឌីន ហ្សីដាន់ (Zinadine Zidanne) ដែលកំពុងបង្វឹកក្រុម រៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) នោះទៀតផង៕