នៅប្រទេសអេស្ប៉ាញ គណបក្សសង្គមនិយម (និន្នាការឆ្វេងនិយម) ដឹកនាំដោយលោក ផេដ្រូ សន់ឆេស (Pedro Sanchez) នាយករដ្ឋមន្ត្រីផុតតំណែង បានឈ្នះអសនៈរដ្ឋសភា ចំនួន១២៣ នៅក្នុង ការបោះឆ្នោតសកល មុនកាលកំណត់មួយ កាលពីថ្ងៃអាទិត្យទី២៨ ខែមេសា ឆ្នាំ២០១៩នេះ។
ជ័យជំនះរបស់ក្រុមឆ្វេងនិយមនេះ គឺជ័យជំនះជាលើកដំបូង សម្រាប់រយៈពេល១១ឆ្នាំចុងក្រោយ និងមួយឆ្នាំបន្ទាប់ពីរដ្ឋាភិបាលស្ដាំនិយម ត្រូវបានទម្លាក់ ហើយកំណត់ឲ្យមានការបោះឆ្នោតមុនកាលកំណត់ មួយឡើង។
នៅចំពោះអ្នកគាំទ្រច្រើនសិបនាក់ លោក ផេដ្រូ សន់ឆេស ដែលជាអ្នកនិយមអ៊ឺរ៉ុបមួយរូប បានថ្លែងឡើង ដើម្បីអបអរជ័យជំនះ របស់គណបក្សលោកថា៖
«ជាបឋម រដ្ឋាភិបាលសង្គមនិយម និងខ្ញុំផ្ទាល់ក្នុងនាមជានាយករដ្ឋមន្ត្រី យើងនឹងជារដ្ឋាភិបាល នៃប្រជាពលរដ្ឋអេស្ប៉ាញ គ្រប់រូបទាំងអស់។ ចំណុចទីពីរ គឺផ្ដើមចេញពីទស្សនៈវិស័យឆ្វេងនិយមរបស់យើង ពីជំហរដ៏រឹងមាំរបស់យើង យើងនឹងបើកដៃ ទៅគ្រប់គណបក្សនយោបាយទាំងអស់ ដែលគោរពរដ្ឋធម្មនុញ្ញ ដើម្បីយើងអាចដើរទៅមុខ ទាំងអស់គ្នា។»
គណបក្សរបស់លោក ផេដ្រូ សន់ឆេស ចាំបាច់ត្រូវស្វែងរកការគាំទ្រ ពីគណបក្សដទៃទៀត ដើម្បីបង្គ្រប់សម្លេងភាគច្រើនដាច់ខាត ចំនួន១៧៦ ពីក្នុងចំណោមអសនៈ ៣៥០ នៃរដ្ឋសភាជាតិ ក្នុងជំហានទៅបង្កើតរដ្ឋាភិបាល។
រីឯគណបក្សប្រជាប្រិយ (និន្នាការស្ដាំនិយម) ដែលបានដឹកនាំរដ្ឋាភិបាល មុនរដ្ឋាភិបាលលោក ផេដ្រូ សន់ឆេស បានទទួលការគាំទ្រថយចុះយ៉ាងច្រើន រហូតដល់ដល់ទៅ៣,៥លានសម្លេង បើធៀបនឹងការបោះឆ្នោតឆ្នាំ២០១៦។ ក្នុងឆ្នាំនេះ គណបក្សនេះទទួលបានអសនៈតែ៦៦ប៉ុណ្ណោះ។
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត គឺគណបក្សស្ដាំនិយមជ្រុល របស់ប្រទេសអេស្ប៉ាញ ហៅកាត់ថា «VOX» ទទួលបានការគាំទ្រ ច្រើនជាង២,៦លានសម្លេង និងឈ្នះកៅអី ដើម្បីចូលទៅកាន់កាប់អសនៈ ចំនួន២៤ ពីក្នុងការបោះឆ្នោតនេះ។ មេដឹកនាំគណបក្ស «VOX» បានថ្លែងដោយមោទនភាព ចំពោះលទ្ធផលខាងលើថា «នេះ ទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះ»៕
Pedro Sánchez valora los resultados electoralesPedro Sánchez valora los resultados electorales.
Publiée par PSOE sur Dimanche 28 avril 2019