ការថ្លែងជាថ្មី របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) ប្រធានាធិបតីរ៉ុស្ស៊ី បង្ហាញពី«ក្ដី​អស់សង្ឃឹម​របស់គាត់» នៅក្នុងសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ដែលបានប្រព្រឹត្តិទៅ អស់ជាង៦ខែកន្លងមកហើយ។ នេះ ជាប្រតិកម្មខ្លាំងៗរបស់មេដឹកនាំសហភាពអ៊ឺរ៉ុប (EU) នៅថ្ងៃដដែលនេះ។

ប្រធានាធិបតីចាស់វស្សា នៃប្រទេសរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បញ្ជាក់ពីការធ្វើប្រជាមតិ ដើម្បីភ្ជាប់ទឹកដីនៃប្រទេសអ៊ុយក្រែន ដែលរ៉ុស្ស៊ី (ឬក្រុមបំបែកទឹកដី ស្និតរ៉ូស្ស៊ី) កំពុងកាន់កាប់ ចូលក្នុងប្រទេសរ៉ុស្ស៊ី និងប្រកាសធ្វើការកែនទាហាន បន្ថែមមួយផ្នែកទៀត ដើម្បីអ្វីមួយ ដែលប្រធានាធិបតីរូបនេះ អះអាងថា ជាការការពារប្រទេសរ៉ុស្ស៊ី ទល់នឹងបស្ចឹមលោក។

ប្រតិកម្មតបនឹងសុន្ទរកថារបស់លោក ពូទីន ខាងលើ អ្នកនាំពាក្យសហភាពអ៊ឺរ៉ុប ផ្នែក«កិច្ចការបរទេស» លោក «Peter Stano» បានថ្លែងឡើងថា៖

«ជាសារដ៏ច្បាស់មួយ ទៅកាន់សហគមន៍អន្តរជាតិទាំងមូល ជាពិសេសក្នុងឱកាស នៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ក្នុងក្រុង ញ៉ូយកនាពេលនេះ ឲ្យឃើញថា គាត់(វ្លាឌីមៀរ ពូទីន)​មិនខ្វល់ពីអ្វីផ្សេង ក្រៅពីបន្តធ្វើសង្គ្រាម ដែលបំផ្លិចបំផ្លាញ មិនត្រឹមតែប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ – បើយើងមើលពីភាពសាហាវឃោឃៅ នៅផ្ទាល់កន្លែង – ប៉ុន្តែសង្គ្រាមនេះ ក៏ជាការបំផ្លិចបំផ្លាញ ទៅដល់ប្រទេសដទៃទៀត នៅលើពិភពលោកផងដែរ ព្រោះវាបានបង្កើតឲ្យមាន នូវវិបត្តិស្បៀងអាហារ និងវិបត្តិប្រេងឥន្ទនៈ។»

«វាក៏ជាសញ្ញាមួយថ្មីទៀតដែរ បង្ហាញពី ក្ដី​អស់សង្ឃឹម​របស់គាត់ ចំពោះការវិវត្តិចុងក្រោយ នៃទង្វើឈ្លានពានរបស់គាត់ ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។»

អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា ទង្វើរបស់លោក វ្លាឌីមៀរ ពូទីន នឹងទទួលទណ្ឌកម្មបន្ថែមទៀត ពីសហភាពអ៊ឺរ៉ុប ដោយលោកបញ្ជាក់ថា បណ្ដាប្រទេសសមាជិករបស់សហភាព បានជួបប្រជុំគ្នា​រួចជាស្រេចហើយ ទន្ទឹមនឹងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។ យ៉ាងណាលោក «Peter Stano» មិនបានលំអិតបន្ថែមអំពីកិច្ចប្រជុំនោះទេ ដោយហេតុថា ជាកិច្ចពិភាក្សាដែលមានលក្ខណៈ‍«សំងាត់»។

លោក វ្លាឌីមៀរ ពូទីន បានធ្វើសម្រេចម្ដងហើយ ក្នុងការភ្ជាប់ទឹកដីនៃឧបទ្វីប គ្រីមៀរ (Crimea) របស់ប្រទេសអ៊ុយក្រែន ចូលក្នុងប្រទេសរ៉ុស្ស៊ី កាលពីឆ្នាំ២០១៤។ ទង្វើប្រហាក់ប្រហែលគ្នានេះ ក៏ប្រទេសរ៉ុស្ស៊ីដឹកនាំដោយលោក ពូទីន ធ្លាប់បានធ្វើដែរ ទៅលើតំបន់ អូសេទី ខាងត្បូង (South Ossetia) តំបន់ អាប់ខាស៊ី (Abkhazia) ដែលជាទឹកដីភាគខាងជើង របស់ប្រទេស ហ្សកហ្សី និងតំបន់ ត្រេនស្នីស្ទ្រី (Transnistria) ទឹកដីខាងកើតរបស់ប្រទេស ម៉ូលដាវី។ 

លោក «Peter Stano» បន្តថា៖

«ទឹកដីកាន់កាប់ដោយរ៉ុស្ស៊ី គឺជាផ្នែកមួយ នៃប្រទេសអ៊ុយក្រែន ដែលមានសិទ្ធិគ្រប់គ្រាន់ ក្នុងការយកទឹកដីទាំងនោះ មកគ្រប់គ្រងវិញ។ សហភាពអ៊ឺរ៉ុបត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការគាំទ្រផ្នែកយោធា ទៅដល់ប្រទេសនេះ។»

ទីភ្នាក់ងារព័ត៌មានបារាំង «AFP» បានរាយការណ៍ថា បណ្ដាប្រទេសជាសមាជិក របស់សហភាពអ៊ឺរ៉ុប នឹងត្រូវធ្វើសេចក្ដីថ្លែងការណ៍រួមមួយ ក្នុងពេលដ៏ខ្លីខាងមុខ ជុំវិញការបន្តផ្ដល់ជំនួយផ្នែកយោធា ទៅឲ្យប្រទេសអ៊ុយក្រែន។ ជំនួបកំពូលមួយទៀត ត្រូវបានគ្រោងធ្វើ ក្នុងរដ្ឋធានី ប្រាក (Prague) ប្រទេសឆែក នៅថ្ងៃទី៦ និងទី៧ ខែតុលាខាងមុខ។ បន្ទាប់មក ក្រុមរដ្ឋមន្ត្រីបរទេស របស់ប្រទេសទាំងនេះ នឹងត្រូវជួបគ្នាថ្មីទៀត ក្នុងរាជធានី ព្រុយសែល (Bruxelles) នៅថ្ងៃទី១៧ ខែតុលា។

ដោយឡែក បណ្ដារដ្ឋមន្ត្រីការពារជាតិ នៃប្រទេសជាសមាជិករបស់អង្គការ ណាតូ (NATO – OTAN) ក៏គ្រោងជួបប្រជុំគ្នាដែរ ក្នុងរាជធានី ព្រុយសែល នៅថ្ងៃទី១៣ និងទី១៤ ខែតុលាខាងមុខ។

មកដល់ថ្ងៃនេះ សហភាពអ៊ឺរ៉ុបបានចំណាយប្រាក់ ប្រមាណជា២,៥ពាន់លានអ៊ឺរ៉ូរួចហើយ ដើម្បីផ្ដល់ជាជំនួយយោធា សម្រាប់ប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មានបារាំង អះអាងបន្តថា មហាតំបន់សេដ្ឋកិច្ចយក្សមួយនេះ អាចនឹងសម្រេចផ្ដល់ជំនួយ ប្រមាណជា៥០០លានអ៊ឺរ៉ូបន្ថែមទៀត៕



លំអិតបន្ថែមទៀត

ដំណឹង

ពូទីន ទទួលស្គាល់​ឯករាជ្យ​ខេត្ត២ នៃក្រុមនិយម​បំបែកទឹកដី​អ៊ុយក្រែន

ប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានសម្រេចក្នុងយប់ថ្ងៃចន្ទនេះ ប្រកាស«ទទួលស្គាល់​ឯករាជ្យ​ខេត្ត២» នៃក្រុមនិយម​បំបែកទឹកដី​ ដែលស្និតនឹងប្រទេសរ៉ុស្ស៊ី និងដែលកំពុងប្រយុទ្ធតតាំង ទល់នឹងកងទ័ពរបស់ប្រទេសអ៊ុយក្រែន ក្នុងភាគខាងកើត។ ...
និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)
កម្ពុជា

អាមេរិកប្រាប់ក្រុងភ្នំពេញ ឲ្យ​«តម្កល់សុខុមាល​​​ភាព»​ជាតិ​ខ្ពស់ជាង​អ្វីទាំងអស់

«សូមអំពាវនាវ ឲ្យ​មេដឹកនាំកម្ពុជា”តម្កល់សុខុមាល​​​ភាព”របស់ប្រទេស ឲ្យខ្ពស់ជាង​​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងផលប្រយោជន៍​​នយោបាយ» នេះ ជាអ្វីដែលគេបានអាន នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីប្រតិកម្មទៅនឹងការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ «EBA»។ ...
កម្ពុជា

ប៊ែលហ្សិកប្រាប់កម្ពុជាឲ្យស្ដារនីតិរដ្ឋ ដើម្បីមានទំនាក់ទំនងល្អជាមួយ EU

រាជាណាចក្រប៊ែលហ្សិក តាមរយៈរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន លោក ឌីឌ្យេ រ៉េនឌ័រ (Didier Reynders) បានសំដែងជំហរ នៅចំពោះស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា ដោយទទូចឲ្យប្រទេសនេះ ស្ដារនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.