១៥ខែ ក្រោយការធ្លាក់យន្ដហោះម៉ាឡេស៊ី «MH17» នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន សេចក្ដីសន្និដ្ឋាន​ចេញ​ពីការ​ស៊ើប​អង្កេត​មួយ ត្រូវបានប្រកាសឲ្យដឹង ជាផ្លូវការនៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥នេះ។ យន្ដហោះ​ដែល​កំពុង​ហោះ ត្រូវ​បាន​បាញ់​កំទេច នៅក្នុងអាកាស ដោយកាំជ្រួចបាញ់ពីដី ផលិត​នៅ​ប្រទេស​រ៉ូស្សី។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ ដែល​ជន​នៅ​ពី​ក្រោយ​នៃ​ទង្វើ​នេះ មិន​ទាន់​ត្រូវ​បាន​ដឹង ពីអត្តសញ្ញាណនៅឡើយ។

យ៉ាងណាក៏ដោយ ក៏លទ្ធផលនៃការស៊ើបអង្កេតនេះ មិនបាននិយាយដល់ ពីការដាក់មន្ទិលសង្ស័យ ទៅ​លើ​ក្រុមណាមួយនោះ នៅឡើយដែរ។ ប៉ុន្តែអ្នកស៊ើបអង្កេត បានថ្លែងថា រដ្ឋាភិបាលក្រុងគៀវ (អ៊ុយក្រែន) គួរ​តែ​បិទ​ផ្លូវ​ហោះហើរ នៅពីលើតំបន់នោះ មិនឲ្យមានចរាចរណ៍យន្ដហោះ អាចឆ្លងកាត់បាន។

យន្ដហោះប៊ូអីង (Boeing) របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) ដែលភ្ជាប់ជើងហោះហើរ (MH17) ពីរាជធានី អាមស្ទែដាម ប្រទេសហូឡង់ ឆ្ពោះទៅរដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី កាលពី​ថ្ងៃ​ទី១៧ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានបាញ់កំទេច នៅពេលកំពុងហោះហើរ ពីលើតំបន់ប្រទាញប្រទង់ និង​ពោរ​ពេញដោយសង្គ្រាម រវាងកងទ័ពអ៊ុយក្រែន និងពួកនិយមបំបែកទឹកដី នៅភាគខាងកើត នៃប្រទេស​អ៊ុយក្រែន។

បំណែកយន្ដហោះ បានធ្លាក់នៅក្នុងតំបន់ ដែលកាន់កាប់ដោយក្រុមអ្នកបំបែកខ្លួន និង​គ្មាន​អ្នក​ដំណើរ​ណាម្នាក់ នៅរួចរស់ជីវិតនោះទេ។

កាំជ្រួច ដែលបានកំទេចយន្ដហោះស៊ីវិល ដឹកអ្នកដំណើរចំនួន២៩៨នាក់ (ភាគច្រើន ជាជនជាតិហូឡង់) នៅ​ក្នុង​អាកាសនេះ ជាកាំជ្រួចប្រដេញធុន «Buk» បាញ់ចេញពីដី និងផលិតនៅប្រទេសរ៉ូស្សី។ នេះបើតាម​របាយ​ការណ៍​ស៊ើបអង្កេត របស់ការិយាល័យ សុវត្ថិភាពផ្លូវអាកាស របស់ប្រទេសហូឡង់ ដែលបានចេញផ្សាយ ជា​ផ្លូវ​ការ នៅរសៀលថ្ងៃអង្គារម្សិលម៉ិញ។

នាយកការិយាល័យស៊ើបអង្កេត លោក «Tjibbe Joustra» បាន​ប្រកាស នៅក្នុងសន្និសីទសារព័ត៌មានថា៖

«យន្ដហោះ MH17 បានធ្លាក់ ដោយសារការផ្ទុះកាំជ្រួចមួយ នៅ​ខាង​ក្រៅ​យន្ដហោះ ជាប់ខាងឆ្វេង នឹងបន្ទប់របស់អ្នកបើកបរ»។

អ្នកណា ជាអ្នកបាញ់កាំជ្រួចនេះ?

អ្នកស៊ើបអង្កេត បានកំណត់ទីកន្លែង ដែលកាំជ្រួច​ត្រូវ​បាន​បាញ់​ចេញ នូវផ្ទៃដីប្រមាណជា ៣២០គីឡូម៉ែត្រ​ក្រឡា។ ប៉ុន្តែ​មិន​បានអះអាងថា តើកងទ័ពអ៊ុយក្រែន ឬក្រុមអ្នកនិយមបំបែកទឹកដី ជាអ្នកបាញ់​កាំជ្រួច​នេះ​ឡើយ ខណៈ​បំណែក​ទឹកដី​នៅតំបន់នោះ ស្ថិតក្រោមការគ្រប់គ្រង របស់ភាគី​ទាំងសងខាង។ ដោយឡែក ​សារព័ត៌មាន «Volkskrant» នៅ​ក្នុង​ប្រទេស​ហូឡង់ បានស្រង់ប្រភពមួយ ស្និតនឹងការស៊ើបអង្កេត មកបង្ហើប​ថា កាំជ្រួច​ត្រូវ​បាន​​បាញ់​​ចេញ ពី​តំបន់​ដែល​គ្រប់គ្រង​ដោយ ពួកនិយមបំបែកទឹកដី។

» របាយការណ៍ជាវីដេអូ (ដ៏ពេញលេញ) ដែលផលិតដោយក្រុមអ្នកស៊ើបអង្កេត៖

នាយករដ្ឋមន្ត្រីហូឡង់ លោក «Mark Rutte» បានប្រកាសនៅពេលបន្ទាប់មកដែរថា អាទិភាពនៅពេលនេះ គឺត្រូវ​រក​ឲ្យឃើញអ្នកប្រព្រឹត្តិ នៅក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌមួយទៀត ដែលចាត់ចែង ដោយប្រទេស​ហូឡង់​ដូចគ្នា។ លោក «Mark Rutte» បានថ្លែងថា៖

«គេត្រូវមានការប្រយ័ត្នប្រយែង ជាទីបំផុត។ ខ្ញុំយល់​ពី​មនុស្ស​មួយ​ចំនួន ដែលចង់ឃើញសេចក្ដីសន្និដ្ឋាន ឲ្យបានឆាប់បំផុត (…) ប៉ុន្តែផ្លូវដើរ ឆ្ពោះទៅកាន់យុត្តិធម៌  បាន​បង្ក​ភាព​ស្មុគ្រស្មាញជាច្រើន រួចទៅហើយ។ អញ្ចឹង យើងត្រូវជៀសវាង កុំឲ្យរឿង​កាន់តែស្មុគ្រស្មាញ​បន្ថែម​ទៀត។»

លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងបន្ថែមថា របាយការណ៍មួយទៀត ទាក់ទងនឹងករណីព្រហ្មទណ្ឌដ៏សំខាន់ កំពុង​មានដំណើរការទៅមុខ ហើយលោកបានអំពាវនាវឲ្យប្រទេសរ៉ូស្សី ធ្វើការសហការក្នុងរឿងនេះ ឲ្យបាន​ពេញ​លេញ​បំផុត។

រ៉ូស្សីច្រានចោល ការស៊ើបអង្កេត…

ចំណែកឯរដ្ឋាភិបាលក្រុងម៉ូស្គូវិញ បានច្រានចោល នូវការ​លើក​ឡើង ពីការប្រើប្រាស់កាំជ្រួចធុន «BUK»​នេះ នៅ​​មុន​របាយការណ៍​ស៊ើបអង្កេត ត្រូវបានផ្សាយជាផ្លូវការ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ការបរទេស​រ៉ូស្សី លោក «Sergueï Riabkov» បានបរិហា​ពីរបាយការណ៍នេះ ថាមានចរឹត​«បង្វិល»​ខុសពីការពិត ដើម្បី​​ទិស​ដៅ​«នយោបាយ»។

រដ្ឋាភិបាលក្រុងគៀវ និងក្រុងម៉ូស្គូ បានចោទគ្នាទៅវិញទៅមក ទាក់ទងនឹងការទទួលខុសត្រូវ នៃការ​បាញ់​ទម្លាក់​យន្ដហោះស៊ីវិល ដែលកំពុងហោះហើរ នៅលើអាកាសមួយនេះ។ រដ្ឋាភិបាលអ៊ុយក្រែន បាន​ទម្លាក់​កំហុស ទៅ​ក្រុមនិយមបំបែកទឹកដី ស្និតនឹងប្រទេសរ៉ូស្សី ខណៈរដ្ឋាភិបាលរ៉ូស្សី បានចង្អុលទៅ​កងទ័ព​អ៊ុយក្រែន ថា​ជា​អ្នក​ធ្វើ​រឿងនេះ។ កាលពីថ្មីៗកន្លងមក នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក «Arseni Iatseniouk» ​បាន​បរិហាក្រុម​ចារកម្ម របស់​ប្រទេសរ៉ូស្សី ថាបានស្ថិតនៅពីក្រោយ ការបាញ់ទម្លាក់យន្ដហោះនេះ នោះ​ផង​ទៀត។

លោក​នាយក​​រដ្ឋមន្ត្រី បាន​​ថ្លែង​​ឲ្យ​ដឹងថា៖

«ខ្ញុំគ្មានការសង្ស័យទេ ពីករណីដែលថា វាជា​យុទ្ធនាការ ដែល​មាន​ការ​រៀបចំ​​​ទុក​​ជា​មុន​មួយ ពី​សំណាក់​ក្រុមចារកម្មរ៉ូស្ស៊ី ដើម្បីបាញ់ទម្លាក់យន្ដហោះ»៕



លំអិតបន្ថែមទៀត

របាយការណ៍

MH17៖ ថ្ងៃខែ​សំខាន់ៗ នៃ​គ្រោះបាញ់​កាំជ្រួច​កម្ទេច​យន្ដហោះ

ខាងក្រោមនេះជា ថ្ងៃខែ​សំខាន់ៗ ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិ នៃគ្រោះបាញ់កាំជ្រួច កំទេច​យន្ដហោះប៊ូអីញ (Boeing 777) ដែលភ្ជាប់ជើងហោះហើរ លេខ «MH17» ពីរាជធានី អាមស្ទែដាម (ហូឡង់) ...
ដំណឹង

យន្ដហោះឯកជន ដែលកីឡាករ សាឡា ជិះបានបាត់ខ្លួនលើសមុទ្រ

ក្នុងយប់ថ្ងៃចន្ទម្សិលម៉ិញ ម៉ោងប្រមាណជា ២០ ប្រព័ន្ធត្រួតពិនិត្យផ្លូវអាកាស បានបាត់ដំណឹងសូន្យឈឹង​ពី យន្ដហោះឯកជន មួយដែលដឹក ខ្សែប្រយុទ្ធថ្មីថ្មោងម្នាក់ របស់ក្រុម កាឌីហ្វស៊ីធី  (Cardiff City – ...
លោក «Hassan Rohani» ប្រធានាធិបតីនៃប្រទេសអៀរ៉ង់។ (រូបថត AFP)
ដំណឹង

ធ្លាក់​យន្ដហោះ​នៅ​អៀរ៉ង់ ៖ តេអៀរ៉ង់​បដិសេធ​ផ្ដល់​ប្រអប់ខ្មៅ​ឲ្យ​ក្រុងគៀវ

ធ្លាក់​យន្ដហោះ​នៅ​អៀរ៉ង់ ៖ ផ្ទុយពីការអះអាង កាលពីថ្ងៃសៅរ៍ ដែលថា ខ្លួននឹងប្រគល់ប្រអប់ខ្មៅ របស់យន្ដហោះ ប៊ូអ៊ីង (Boeing 737) ទៅឲ្យប្រទេសអ៊ុយក្រែននោះ របបដឹកនាំក្រុងតេអៀរ៉ង់ បានប្រកាសនៅថ្ងៃអាទិត្យនេះ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

EU បរិហារសំដី ពូទីន ដែល​បង្ហាញពី​«ក្ដី​អស់សង្ឃឹម​របស់គាត់»

ដំណឹង

មហាក្សត្រីយានី អេលីហ្សាប៊ែត សោយ​ទិវង្គត ក្នុងជន្មាយុ​៩៦ព្រះវស្សា

ព្រះមហាក្សត្រីយានី របស់ចក្រភពអង់គ្លេស ព្រះនាង អេលីហ្សាប៊ែត ទី២ (Elizabeth 2) បានសោយទិវង្គត ក្នុងជន្មាយុ​៩៦ព្រះវស្សា នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២។ ...
កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

នៅរដ្ឋធានីរ៉ូម នៃប្រទេសអ៊ីតាលី បុរសម្នាក់បានជាប់ខ្លួននៅក្រោមដី អស់រយៈពេលជាង៨ម៉ោង ដោយហេតុ«ដីធ្លាក់សង្កត់»។ នគរបាលបានសង្ស័យថា បុរសម្នាក់នេះរួមនឹងជនផ្សំគំនិត៣នាក់ទៀត ទំនងជាបានជីករូងក្រោមដី ចេញពីហាងមួយ ដើម្បីគ្រោងចូលលួចធនាគារនៅក្បែរនោះ។ ហេតុការណ៍បានកើតឡើង កាលពីព្រឹក​ថ្ងៃព្រហស្បត្តិ៍ ទី១១ ...