កម្ពុជាដំណឹង

នៅពេល សួន សេរីរដ្ឋា និយាយពី​«ឆ្កែពីរក្បាល»ដណ្ដើមឆ្អឹងគ្នា…

លោក សួន សេរីរដ្ឋា ដែលគេស្គាល់ថា ជាអ្នកនយោបាយសំដីថ្លោស បានលើកឡើង​នៅ​ថ្ងៃ​នេះ អំពី«ឆ្កែពីរក្បាល» ដែលត្រូវបានគេដាក់ ឲ្យ«ស៊ីបាយក្នុងចានតែមួយ» ឬគេបោះ​ឆ្អឹង​ឲ្យមួយដុំ។

បើទោះជាលោក សេរីរដ្ឋា មិននិយាយឲ្យចំឈ្មោះ តែការលើកឡើងនេះ ត្រូវបានក្រុមអ្នក​ប្រើប្រាស់​បណ្ដាញសង្គម យល់ថា ជាការសំដៅទៅមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា

បុរសអាយុ៤៦ឆ្នាំរូបនេះ បានសរសេរ​នៅលើ​ទំព័រហ្វេសប៊ុករបស់លោកថា៖

«ពេលដែលសត្វ ឆ្កែពីរក្បាល ត្រូវបានគេដាក់​ឲ្យស៊ីបាយ ក្នុងចានតែមួយជាមួយគ្នា ឬគេ​បោះឆ្អឹង​ឲ្យពួកវា តែមួយដុំ គឺបែបនេះ!»

«ដូចនេះឆ្កែពីរក្បាលនេះ វាឈ្លោះបែកសាមគ្គីគ្នា ដោយសារ​តែ​សារជាតិ​ពួកវា ជាសត្វឆ្កែ តាំងពីថ្ងៃវា ស៊ីចំណីក្នុង​ចានតែមួយ នោះមកម្លេះ​! អ្នកផ្កាប់មុខ ស្រលាញ់ឆ្កែពីរក្បាលនេះ សូមកុំបង្វៀងការពិត រួចរកលេសទម្លាក់កំហុស លើអ្នកនេះ លើអ្នកនោះ ថាគេទៅបង្អៅ ឲ្យពួកវាខាំគ្នា ឈ្លោះ​បែកបាក់​គ្នានោះ!»

ពេលដែលសត្វឆ្កែ ២ ក្បាល ត្រូវបានគេដាក់ឲ្យស៊ីបាយក្នុងចានតែមួយជាមួយគ្នា ឬគេបោះឆ្អឹងឲ្យពួកវា តែមួយដុំ គឺបែបនេះ !ដូចនេះឆ្កែ…

Gepostet von Sourn Serey Ratha am Sonntag, 19. Juli 2020

ពាក្យពេជន៍ខាងលើ គឺជាសារ​នយោបាយ​​ដំបូងបង្អស់ បន្ទាប់ពីលោក សួន​ សេរីរដ្ឋា ដែល​ជាអតីតអ្នកទោស ត្រូវបានលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទូលព្រះមហាក្សត្រ ឲ្យមាន​តំណែង ជារដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ កាលពីថ្ងៃទី១០ ខែកក្កដា​កន្លងមក​ថ្មីៗ។

តែនៅថ្ងៃទី៩ ខែកក្កដា (មួយថ្ងៃមុន) លោក ឆាំ ឆានី អ្នកបង្ហោះសារ​ដ៏ល្បី​មួយរូប មាន​និន្នាការគាំទ្រគណបក្សប្រឆាំង បានទម្លាយឲ្យដឹងជាមុន ថាលោក សួន សេរីរដ្ឋា បាន​ទៅជួបលោក ហ៊ុន សែន ដើម្បីទទួលយកតំណែង ជារដ្ឋលេខាធិការខាងលើ និងបាន​សន្យាជាមួយលោក ហ៊ុន សែន ថានឹងរកមធ្យោបាយបំបែកសម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា។

គ្មានប្រភពណាផ្សេង អាចបញ្ជាក់ពីព័ត៌មានបែកធ្លាយ របស់លោក ឆាំ ឆានី បានទេ តែយ៉ាងហោចណាស់ ព័ត៌មាននោះបានបញ្ជាក់ថា ការមានតំណែងថ្មី របស់លោក សួន សេរីរដ្ឋា គឺជាការពិត។

សូម្បី ហ៊ុន សែន ខ្លួនឯងក៏មិនអាចបំបែកលោក កឹម សុខា ឲ្យបែកពីលោក សម រង្ស៊ី បានផង រឿងអីត្រឹម សួន សេរីមាត់កន្ថោរ…

Gepostet von Chham Chhany am Mittwoch, 8. Juli 2020

គួរបញ្ជាក់ដែរថា លោក សួន សេរីរដ្ឋា ដែលជាស្ថាបនិក និងប្រធានចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែលបានក្លាយជា​​គណបក្ស​អំណាចខ្មែរ​ ត្រូវបាន​អាជ្ញាធរក្រោមបញ្ជារបស់លោក ហ៊ុន សែន ចាប់ខ្លួន​នៅថ្ងៃទី១៣ ​ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពី​លោក​បាន​​បង្ហោះ​សារ​​តាម​ហ្វេសប៊ុក រិះគន់លោក ហ៊ុន សែន និងក្រុម​«មេទ័ពចោរ»នៅកម្ពុជា។

បន្ទាប់មក លោក សួន សេរីរដ្ឋា ត្រូវបានតុលាការ​ផ្ដន្ទាទោស​ ពី​បទ​ញុះញង់ ​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់ និង​បទ​ញុះញង់ ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ឲ្យជាប់ពន្ធនាគារ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ១០ ​លាន​រៀល​។ ប៉ុន្ដែ​នៅ​ថ្ងៃទី​ ២៣ ​សីហា ឆ្នាំ​ ២០១៨ លោក សួន សេរីរដ្ឋា ​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស​ តាម​សំណើ​របស់​លោក ហ៊ុន សែន៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ចំអក​ឲ្យ សម រង្ស៊ី ថា​«វា​ក្មេង​ពេក ខ្ចី​ពេក»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងសារនយោបាយខ្លីមួយ ចំអកឲ្យអ្នកនយោបាយប្រឆាំងណាមួយនោះ ដែលលោកមិនបញ្ចេញឈ្មោះ ដោយចាត់ទុកថា អ្នកនយោបាយរូបនោះ នៅ«ក្មេងពេក ខ្ចីពេក»។ អ្នកនយោបាយ ដែលបុរសខ្លាំងកម្ពុជា ...
កម្ពុជា

សម រង្ស៊ី៖ តុលាការ​ឯករាជ្យ​មួយ នឹង​បកមុខ​ជន​គប់​គ្រាប់បែក​មុខ​អតីតរដ្ឋសភា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ តុលាការ​ឯករាជ្យ​មួយ នឹងបង្ហាញជាសាធារណៈ នូវភេរវករ​ដែលបានគប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ប្រឆាំងបាតុកម្មដោយសន្តិវិធី ...
កម្ពុជា

ព្រឹទ្ធសមាជិក​បារាំង៖ ហ៊ុន សែន ជា​អ្នកបំផ្លាញ EBA ខណៈ EU មិនដកថយ

លោក អង់ឌ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា​​មកពី​គណបក្ស​​កាន់អំណាច របស់ប្រទេសបារាំង បានថ្លែងខ្លាំងៗ​ទម្លាក់​ការទទួល​ខុសត្រូវ នៃការបាត់បង់ ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ «EBA» ទៅលើការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.