ការជំនុំជម្រះក្ដី​លើ ជនជាប់ចោទ​ទាំង​​៦០នាក់ ដែលនឹងត្រូវធ្វើឡើង ក្នុងថ្ងៃតែមួយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ខាងមុខ នឹងធ្វើឲ្យ​«សិទ្ធិបុគ្គល​របស់ពួកគេ ក្នុងការទទួលបាន​ការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ ត្រូវប្រឈមនឹងហានិភ័យ»។ នេះ ជាការអះអាងឡើង របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលអះអាងថា អ្នកស្រីបាន និងកំពុង​តាមដានករណីនេះ«យ៉ាងដិតដល់»។

តាមរយៈសេចក្ដីថ្លែងការណ៍មួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន ក្នុងល្ងាចថ្ងៃទី១៣ ខែមករា អ្នកជំនាញផ្នែក​សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានសរសេរឲ្យដឹងថា៖

«ខ្ញុំនៅតែមានកង្វល់ អំពីការជំនុំជម្រះក្តី ដែលមានលក្ខណៈទ្រង់ទ្រាយធំ ដែលបានធ្វើឡើង នៅថ្ងៃស្អែក (ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១)។ មានជនជាប់ចោទ​ចំនួន៦០នាក់ ត្រូវបានជំនុំជម្រះរួមគ្នា នៅថ្ងៃនេះ ដែលធ្វើឱ្យសិទ្ធិបុគ្គល​របស់ពួកគេ ក្នុងការទទួលបាន​​ការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ ត្រូវប្រឈម​នឹងហានិភ័យ។»

ជនជាប់ចោទ​ទាំង​​៦០នាក់ ពីចំណោម១៣៦នាក់

​ថ្នាក់ដឹកនាំ ​និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ សរុបចំនួន១៣៦នាក់ ​ដែល​ភាគ​ច្រើន​កំពុង​និទ្ទេស​ខ្លួន​ នៅ​ក្រៅ​ប្រទេស ត្រូវបានសាលាដំបូង​រាជធានីភ្នំពេញ កោះហៅជាបន្តបន្ទាប់ ឲ្យ​ចូលខ្លួន ទៅ​បំភ្លឺ​សំណុំ​រឿង​​រួម​គំនិត​ក្បត់ ​និង​ញុះញង់ ​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍។

ការកោះហៅមនុស្ស ដ៏សន្ធឹកសន្ធាប់ខាងលើ ត្រូវបានអ្នកស្រី ស្មីត ប្រតិកម្មម្ដងហើយ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយចាត់ទុក​ព្រឹត្តិការណ៍ ​ដែលមិន​ធ្លាប់​កើតមាននេះ ថាទំនងជា«ផ្នែកមួយ នៃយុទ្ធសាស្ត្របំភិតបំភ័យ និងបំបាក់មុខ​គូប្រជែង» របស់រដ្ឋាភិបាលលោក ហ៊ុន សែន។

អ្នកស្រី រ៉ូណា ស្មីត បន្តលើកឡើងអំពីកង្វល់ របស់ជនជាប់ចោទមួយចំនួន ពីក្នុងចំណោមមនុស្ស៦០នាក់ ដែលនឹងត្រូវកាត់ទោស ដោយកំបាំងមុខ បើទោះជាពួកគេបានព្យាយាមវិលត្រឡប់ មកប្រទេសកម្ពុជា ដើម្បីចូលរួម ក្នុងការជំនុំជម្រះក្ដីនេះក៏ដោយ។

ការលើកឡើងនេះ ទំនងជាអ្នកស្រី ស្មីត ចង់សំដៅលើ​ថ្នាក់ដឹកនាំមួយចំនួន ​របស់គណបក្សនេះ ដែលបានបង្ហាញ​ ពីការប៉ុនប៉ង​របស់ផងខ្លួន ក្នុងការវិលចូលប្រទេសកម្ពុជាវិញ តែត្រូវបានរបបក្រុងភ្នំពេញ បដិសេធផ្ដល់លិខិតឆ្លងដែន ឬទិដ្ឋាការឲ្យពួកគេ។

យ៉ាងណា អ្នករាយការណ៍ពិសេស បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ ល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ អំពីអនុសាសន៍​ចំនួន​បីចំណុច សម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ក៏ដូចជាតុលាការកម្ពុជា ដូចការដកស្រង់ទាំងស្រុង ខាងក្រោម៖

«ខ្ញុំសូមស្នើយ៉ាងទទូច ឱ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិទទួលបាន ការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ ដល់បុគ្គលទាំងនេះ ដូចដែលមានចែង ក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលប្រទេសកម្ពុជាជារដ្ឋភាគី។»

«ខ្ញុំសូមលើកទឹកចិត្ត ដោយស្មើភាពគ្នា ឱ្យអាជ្ញាធរជួយសម្រួល ដល់ការវិលត្រឡប់ របស់បុគ្គលទាំងនេះ ដោយសុវត្ថិភាព និងអនុញ្ញាតឱ្យពួកគេ ចូលរួមសវនាការ និងការពារក្តីរបស់ខ្លួន នៅក្នុងតុលាការ។»

«ក្នុងករណីការបង្ហាញខ្លួន របស់ពួកគេ មិនអាចចាត់ចែងបានទេនោះ ខ្ញុំសូមលើកទឹកចិត្តអាជ្ញាធរ ជួយសម្រួល ឲ្យមានការចូលរួមសវនាការ ពីចម្ងាយ​ពីបុគ្គលទាំងនោះ ឬពន្យាការជំនុំជម្រះ រហូតដល់ជនជាប់ចោទ អាចធ្វើដំណើរបាន។»

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ ធ្លាប់ត្រូវបានសារព័ត៌មានស្រង់សំដី មកបញ្ជាក់ថា ករណីខាងលើ​ជារឿងរបស់​តុលាការ មិនទាក់ទង​នឹងរដ្ឋាភិបាល​នោះទេ។ រីឯសេចក្ដីថ្លែងការណ៍មុនៗ របស់អ្នកស្រី រ៉ូណា ស្មីត និងក្រុមអ្នកជំនាញ របស់អង្គការ​សហប្រជាជាតិ តែងទទួលបាន​ការឆ្លើយតប ពីរដ្ឋាភិបាលកម្ពុជាវិញថា ជាការលើកឡើង ដែលមិនស្គាល់«ច្បាប់»កម្ពុជា៕



លំអិតបន្ថែមទៀត

កម្ពុជា

រ៉ូណា ស្មីត ចូលរួម​មរណទុក្ខ​ជាមួយគ្រួសារ នៃសព​អ្នកជំងឺកូវីដ

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានសំដែងការចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ នៃសព​អ្នកជំងឺកូវីដ-១៩ ...
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
កម្ពុជា

ហ៊ុន សែន បបួល​ក្រុមប្រឆាំង​«ឲ្យមកស្បថ»រឿងថាកម្ពុជានៅតែក្រ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានហៅក្រុមអ្នកនយោបាយប្រឆាំង នៅព្រឹកថ្ងៃសុក្រនេះ «ឲ្យមកស្បថ»ជាមួយលោក ជុំវិញការលើកឡើងថា លោកដឹកនាំយូរទៅ ធ្វើឲ្យប្រទេសកម្ពុជា​កាន់តែក្រទៅៗ។ បុរសខ្លាំងកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ ...
កម្ពុជា

សម រង្ស៊ី ថា ស ខេង អាចចូលក្នុង​«រដ្ឋាភិបាល​បង្រួបបង្រួមជាតិ»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានហៅការបង្កើត​«រដ្ឋាភិបាល​បង្រួបបង្រួមជាតិ» ដែលមាន​ការចូលរួម ពីលោក ស ខេង ថា«ជាគំនិតមួយ ដ៏ត្រឹមត្រូវ»។ ការអះអាងរបស់មេដឹកនាំប្រឆាំង ធ្វើឡើងក្នុង​ខណៈ​លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.