កម្ពុជាដំណឹង

សម រង្ស៊ី ថ្លែងពី​មោឃភាព​នៃការភ្នាល់​ព្រោះ ហ៊ុន សែន ប្ដូរលក្ខខណ្ឌ​តាមចិត្ត

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញមកអះអាងនៅមុននេះ ថាការភ្នាល់រវាងរូបលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យនៅក្រៅឃុំនោះ ត្រូវបានចាត់ទុកជាមោឃៈរួចហើយ ដោយសារលោក ហ៊ុន សែន បាន«ប្ដូរលក្ខខណ្ឌ​តាមចិត្ត»។

ការភ្នាល់គ្នារវាងមេដឹកនាំទាំងពីរ បានកើតជារូបរាងភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសនៅតាមបណ្ដាញសង្គម កាលពី​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថាបើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង ដូច​ការអះអាង​របស់​លោក​ទេ លោកនឹង​ត្រឡប់មក​ប្រទេស​កម្ពុជា ដើម្បី​ប្រគល់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន ចាប់​។ មេដឹកនាំប្រឆាំង បាន​សរសេរ​​នៅពេលនោះ​​ថា​៖

«​បើ​ខ្ញុំ​ចាញ់​លោក ហ៊ុន សែន ខ្ញុំ​សុខចិត្ត​ដើរចូល​ឲ្យ​គាត់​ចាប់​ខ្ញុំ យកទៅ​ឃុំ​ទន្ទឹមនឹង​លោក កឹម សុខា​»​។​

០៩ វិច្ឆិកា ២០១៨ / 09 November 2018 – The case of Kem Sokha (*)តើលោក ហ៊ុន សែន ហ៊ានភ្នាល់ជាមួយខ្ញុំទេ?កាលពីថ្ងៃ ០៧…

Gepostet von Sam Rainsy am Freitag, 9. November 2018

​ការប្រកាសរបស់លោក សម រង្ស៊ី បានទាក់ទាញឲ្យលោក ហ៊ុន សែន ​ចូលរួមភ្នាល់ ដោយឆ្លើយតបតាមរយៈសារព័ត៌មានស្និតរដ្ឋាភិបាលថា៖

«​ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី​។ បើ​មានការ​ដោះលែង កឹម សុខា មែន ខ្ញុំសុខចិត្ត​ចុះចេញ​ពី​តំណែង​ តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី​។ ប៉ុន្តែ​បើលោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​ទេ លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់ ហើយ​ទទួលស្គាល់​ការ​ភ្នាល់​របស់ខ្លួន ដោយ​ចូលមក​ឲ្យ​ចាប់ខ្លួន​ភ្លាមៗ​ បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់​»​។

«ភ្នាល់… ជាប់អន្ទាក់»

ប៉ុន្តែប្រធានស្ដីទីគណបក្សប្រឆាំង បានអះអាងនៅថ្ងៃពុធទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា តាំងពីពេលនោះមក លោក ហ៊ុន សែន បានផ្លាស់«ប្ដូរលក្ខខណ្ឌ​តាមចិត្ត»គាត់ និងជាជា«ឯកតោភាគី» ដែលធ្វើឲ្យការភ្នាល់នេះ ត្រូវបានចាត់ទុកជា«មោឃៈ»។

លោក សម រង្ស៊ី បានពន្យល់ថា លោកបានប្រកាសភ្នាល់ដោយសារការអះអាងរបស់លោក ហ៊ុន សែន ដែលបញ្ជាក់មិនដោះលែងលោក កឹម សុខា ជាដាច់ខាតរហូតលុះត្រា«ចាំសេះដុះស្នែង»។ លោកបានសរសេរ នៅលើបណ្ដាញសង្គមថា៖

«បន្ទាប់ពីបានចាប់សម្តីដ៏ខុសឆ្គងរបស់លោក ហ៊ុន សែន ខាងលើនេះ លោក សម រង្ស៊ី ក៏បបួលលោក ហ៊ុន សែន ភ្នាល់គ្នាថា បើលោក កឹម សុខា ត្រូវជាប់ឃុំឃាំងលើសពីថ្ងៃ ០៣មីនា​២០១៩ នោះលោក សម រង្ស៊ី យល់ព្រមឲ្យលោក ហ៊ុន សែន ចាប់យកទៅឃុំខ្លួនជាមួយលោក កឹម សុខា។ តែបើលោក កឹម សុខា ត្រូវបានដោះលែងមុនថ្ងៃ ០៣មីនា​២០១៩ នោះលោក ហ៊ុន សែន នឹងត្រូវចុះចេញ​ពីតំណែងគាត់​សព្វថ្ងៃ​ជានាយករដ្ឋមន្ត្រី។»

ដោយស្រង់យកប្រភពពីសារព័ត៌មាន ដែលចេញផ្សាយពីហេតុការណ៍នៃការភ្នាល់គ្នាខាងលើ មកបញ្ជាក់ផង មេដឹកនាំប្រឆាំងបានបញ្ជាក់ថា លោក ហ៊ុន សែន ដែលបានចូលរួមភ្នាល់ជាមួយលោកនេះ ជាការធ្លាក់ក្នុងអន្ទាក់របស់លោក ដើម្បីបង្ហាញទៅពិភពលោកថា លោក ហ៊ុន សែន គឺជាអ្នកសម្រេចអ្វីៗទាំងអស់ នៅក្នុងប្រទេសកម្ពុជា មិនមែនតុលាការក្នុងប្រទេសនេះទេ។

លោក សម រង្ស៊ី បានស្រង់យកការវិភាគរបស់សាស្ត្រាចារ្យមួយរូប មកបញ្ជាក់ថា៖

«ក្នុង​សារព័ត៌មាន​អន្តរជាតិ ​Asia Times​ចុះថ្ងៃ ១២វិច្ឆិកា២០១៨ លោក អៀរ សុផល ជាសាស្ត្រចារ្យដើមកំណើតខ្មែរ នៅសាកលវិទ្យាល័យ​សហរដ្ឋអាមេរិក (…)បានបកស្រាយថា លោក ហ៊ុន សែន ធ្លាក់ចូលក្នុងអន្ទាក់លោក សម រង្ស៊ី ហើយ ពីព្រោះគាត់(ហ៊ុន សែន)ទទួលស្គាល់ថា គាត់(ហ៊ុន សែន)ជាអ្នកសម្រេចអ្វីៗទាំងអស់​នៅប្រទេសកម្ពុជា មិនមែនតុលាការទេ ក្នុងការ​ចង់ចាប់​នរណា​ឬចង់ដោះលែង​នរណាតាមតែចិត្ត។»

មេដឹកនាំប្រឆាំង បានបន្តរៀបរាប់ថា៖

«នៅថ្ងៃ ១៤​វិច្ឆិកា​២០១៨ លោក ហ៊ុន សែន ទើបតែដឹងខ្លួនថា គាត់បានធ្លាក់ចូលក្នុងអន្ទាក់លោក សម រង្ស៊ី មែន ហើយគាត់ក៏បានរើបម្រះ​ចេញពីអន្ទាក់នោះវិញ ដោយកែប្រែលក្ខខណ្ឌនៃការភ្នាល់គ្នា ជាមួយលោក សម រង្ស៊ី។»

«គាត់បានក្រឡាស់ពាក្យសម្តីរបស់គាត់ ហើយកែប្រែលក្ខខណ្ឌនៃការភ្នាល់គ្នានោះ ដោយដាក់បញ្ចូល​លក្ខខណ្ឌថ្មីមួយ គឺការលើកលែងទោសពីព្រះមហាក្សត្រ ដែលលក្ខខណ្ឌនោះ មិនមានចែងនៅក្នុងការភ្នាល់គ្នាពីដើមទីឡើយ។ ការកែប្រែលក្ខខណ្ឌជាឯកតោភាគី ពីសំណាក់ភាគីមួយ ក្នុងការភ្នាល់គ្នាណាមួយ ធ្វើឲ្យការភ្នាល់គ្នានោះ ក្លាយទៅជាមោឃៈ»៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថាសំណង់​ព្រលាន​យន្ដហោះ​ថ្មី សម្រេច​បាន​៣០%​ហើយ

ការប្រកាស​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់ក្ដីសង្ឃឹមថា ក្នុងរយៈពេល​៣ឆ្នាំខាងមុខ កម្ពុជានឹងមានព្រលានយន្ដហោះអន្តរជាតិ ដ៏ធំមួយ ប្រភេទ «4F» ដែល​ពេលនេះ បានសាងសង់ចេញជារូបរាង សម្រេច​បាន​៣០%​ហើយ ។ ...
កម្ពុជា

ស្នងការ​ពាណិជ្ជកម្ម EU មិន​សង្ឃឹម​ថា ហ៊ុន សែន ងាក​មក​វិថី​ប្រជាធិបតេយ្យ

ស្នងការជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប «EU» ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström) បានសំដែងក្ដីទុទិដ្ឋិនិយម នៅចំពោះជំហររបស់លោក ហ៊ុន សែន ក្នុងការងាកមករកការដឹកនាំប្រទេសកម្ពុជា ...
កម្ពុជា

សម រង្ស៊ី ពន្យល់​ពី​«ការ​បោកបញ្ឆោត»​របស់ ហ៊ុន សែន

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញលិខិតអំពាវនាវមួយ ទៅកាន់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ត្រូវ «រក្សាជំហរឲ្យរឹងមាំ កុំចាញ់ការសម្លុត និងការបោកបញ្ឆោត» ពីលោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.