សម្រាប់ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) បានលើកឡើងថា ការចាប់ចងលោក រ៉ុង ឈុន ជាព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្សចុងក្រោយ និងថ្មីទៀត របស់របបក្រុងភ្នំពេញ ដែលសហភាពអ៊ឺរ៉ុប (EU) គួរពិចារណាបន្ថែមទណ្ឌកម្ម ពីលើទណ្ឌកម្មដែលបានសម្រេចធ្វើ រួចមកហើយ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់អង្គការនេះ ដែលទើបនឹងចេញផ្សាយ នៅប៉ុន្មាននាទីមុន។
អង្គការអន្តរជាតិ ដែលមានជំនាញខាងឃ្លាំមើលសិទ្ធិមនុស្ស បានពន្យល់ថា លោក រ៉ុង ឈុន គឺជាមេដឹកនាំសហជីព ដែលសកម្ម និងជាសកម្មជននយោបាយ ដែលបានតស៊ូដើម្បីសិទ្ធិមនុស្ស និងសិទ្ធិកម្មករនៅប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ។
សេចក្ដីថ្លែងការណ៍ បានលើកឡើងថា៖
«លោក រ៉ុង ឈុន បានបង្ហាញការព្រួយបារម្ភ ជាយូរមកហើយ អំពីការបោះបង្គោលព្រំដែន រវាងវៀតណាមនិងកម្ពុជា។ លោកបានជួបម្តងហើយម្តងទៀត ជាមួយអ្នកភូមិកម្ពុជា ដែលរងផលប៉ះពាល់ ដើម្បីស្តាប់ការព្រួយបារម្ភ របស់ពលរដ្ឋទាំងនោះ ដែលថាការបោះបង្គោលព្រំដែន បានរំលោភយកដីរបស់ពួកគេ។»
លោកសាស្ត្រាចារ្យ រ៉ុង ឈុន ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនទាំងកណ្ដាលយប់ (យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០) «ទាំងគ្មានដីកាត្រឹមត្រូវ» ពីគេហដ្ឋានរបស់លោក ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការចាប់ខ្លួនលោក ធ្វើឡើងក្រោម«បទល្មើសជាក់ស្ដែង» បណ្ដាលមកពីសេចក្ដីថ្លែងការណ៍របស់លោកមួយ ដែលចេញផ្សាយ តាំងពី១០ថ្ងៃមុន។
បន្ទាប់មក លោក រ៉ុង ឈុន ត្រូវបានតុលាការរាជធានី ចោទប្រកាន់ក្នុងរសៀលថ្ងៃទី១ ខែសីហា ពីបទ«ញុះញង់» បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម មុននឹងបញ្ជូន ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃសរ។
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទិ្ធមនុស្ស ត្រូវបានស្រង់សំដី មកចុះផ្សាយ ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការលោកថា៖
«ការចាប់ខ្លួនលោក រ៉ុង ឈុន គឺជាភ័ស្ដុតាងចុងក្រោយមួយទៀត នៃការបង្ក្រាបមិនស្រាកស្រាន្ដ របស់រដ្ឋាភិបាលកម្ពុជា ទៅលើសកម្មជន ដែលព្យាយាមការពារសិទ្ធិ ជាមូលដ្ឋានរបស់ប្រជាជនសាមញ្ញ។»
លោក រ៉ូប៊ឺតសុន បន្តថា៖
«សហភាពអឺរ៉ុបគួររាប់បញ្ចូល នូវទង្វើដែលមិនចេះខ្មាសអៀននេះ ទៅក្នុងបញ្ជីរំលោភបំពានសិទ្ធិមនុស្ស ដ៏វែងអន្លាយ ដែលចាំបាច់ ត្រូវឲ្យមានការដោះស្រាយ នៅក្នុងការចរចា ជុំវិញប្រព័ន្ធអនុគ្រោះពន្ធ “អ្វីៗទាំងអស់ លើកលែងតែអាវុធ” (ហៅកាត់ថា “EBA“)។»
សម្រាប់លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងការពារចំណាត់ការ របស់ក្រុមអាជ្ញាធរ ចំពោះការចាប់ចងលោក រ៉ុង ឈុន ដោយលោកអះអាងថា ព្រោះលោក រ៉ុង ឈុន បានផ្សាយព័ត៌មានមិនពិត ពីករណីព្រំដែន ដែលជា«អំពើញុះញង់ បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម»។
លោក គឹម សន្តិភាព បានបន្តថា៖
«ជាក់ស្តែងលោក រ៉ុង ឈុន បានប្រព្រឹត្តបទល្មើសជាក់ស្តែង តាមរយៈសកម្មភាពផ្សព្វផ្សាយលើ Facebook page ផ្ទាល់ខ្លួន អំពីព័ត៌មានមិនពិត ទាក់ទងនឹងករណីព្រំដែន ដូចអ្វីដែលមានក្នុងសេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ហេតុនេះ ការអនុវត្តវិធានការច្បាប់ លើសកម្មភាពល្មើសច្បាប់នេះ មិនមានអ្វីចម្លែកនោះទេ។»
អង្គការឃ្លាំមើលសិទិ្ធមនុស្ស ក៏បានរំឭកឡើងវិញដែរថា លោក រ៉ុង ឈុន រួមនឹងមេដឹកនាំសហជីព ចំនួន៥នាក់ទៀត ធ្លាប់ត្រូវបានតុលាការរបបក្រុងភ្នំពេញ ផ្ដន្ទាទោសកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៨ ដោយភ្ជាប់តួនាទីរបស់ពួកលោក ទៅនឹងការតវ៉ារបស់ក្រុមកម្មករ នៅតាមបណ្តោយផ្លូវវេងស្រេង ឆ្នាំ២០១៤ ដែលបានក្លាយទៅជាអំពើហឹង្សា នៅខណៈពេល ដែលកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ បានបាញ់ប្រហារទៅលើកម្មករ និងអ្នកឈរមើល ដែលគ្មានអាវុធ។
អង្គការអន្តរជាតិខាងលើ បានសង្កត់ធ្ងន់ថា៖
«មិនមានភ័ស្តុតាង ភ្ជាប់មេដឹកនាំសហជីព ដែលត្រូវបានផ្តន្ទាទោសខាងលើ ទៅនឹងអំពើហឹង្សា ក្នុងផ្លូវវេងស្រងនោះទេ។»
លោក ហ្វីល រ៉ូប៊ឺតសុន បានបញ្ជាក់បន្ថែមថា៖
«លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ទៅលើក្រុមសហជីពកម្មករ អ្នកការពារសិទ្ធិមនុស្ស និងអ្នករិះគន់ដទៃទៀត ដោយគ្រាន់តែពួកគេ មិនពេញចិត្តចំពោះគោលនយោបាយ របស់រដ្ឋាភិបាល។ រដ្ឋាភិបាលបរទេសទាំងឡាយ គួរតែលើកឡើងពីករណីរបស់លោក រ៉ុង ឈុន ជាសាធារណៈ និងអំពាវនាវរួមគ្នា ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ឈប់ការរំលោភសិទ្ធិមនុស្ស របៀបនេះ៕»