កម្ពុជាដំណឹង

ម៉ាស៊ីនឃោសនា​ក្រុង​ភ្នំពេញ ផ្សាយ​ពីដំណោះស្រាយ​មួយ… យឺត​១ខែ

ប្រព័ន្ធឃោសនារបស់របបក្រុងភ្នំពេញ បានចេញផ្សាយកាលពីមុននេះ នូវដំណោះស្រាយមួយ របស់អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ដែលជំរុញឲ្យសហភាពអ៊ឺរ៉ុប «EU» សម្រេចដោយយុត្តិធម៌ ចំពោះការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេសកម្ពុជា។ បញ្ហា? នៅត្រង់ថា ដំណោះស្រាយ ដែលម៉ាស៊ីនឃោសនាអះអាងថា ទើបនឹងចេញផ្សាយ ក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះថ្ងៃតាំងពីថ្ងៃទី១០ ខែមេសាកន្លងទៅ ពោលគឺចេញផ្សាយ «យឺត១ខែ»។ 

ម៉ាស៊ីនឃោសនាមួយនេះ របស់របបដឹកនាំនៅកម្ពុជា បានសរសេររាងហំថា៖

«សមាជិកនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យសហភាពអឺរ៉ុប (EU) ប្រព្រឹត្តដោយយុត្តិធម៌ចំពោះកម្ពុជា ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី «គ្រប់មុខទំនិញ លើកលែងតែសព្វាវុធ (EBA)»។ នេះ បើតាមសេចក្តីថ្លែងការណ៍ [ដែល] បណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី១០ ខែឧសភានេះ។»

«យឺត​១ខែ»

ផ្ទុយទៅវិញ វាមិនមែនជាសេចក្ដីថ្លែងការណ៍ទេ តែជាដំណោះស្រាយមួយ របស់អង្គការនយោបាយ​​ខាងលើ ដែល​មានគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វុនស៊ីនប៉ិច ជាសមាជិក។ ដំណោះស្រាយនេះ ត្រូវបានសម្រេចនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ និងចេញផ្សាយនៅមួយថ្ងៃក្រោយ​មក (មើលឯកសារភ្ជាប់មកជាមួយ)។

នៅលើអត្ថបទដំណោះស្រាយ ផ្នែកខាងក្រោម ក៏មានបញ្ជាក់ ពីថ្ងៃខែជាភាសាអង់គ្លេសដែរ ដោយសរសេរថា៖ «Brussels, April 10, 2019»។

អង្គការ​អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អន្តរជាតិ ជាអ្វី?

ជាអង្គការនយោបាយ-ក្រៅរដ្ឋាភិបាលមួយ មានអតីតភាពពីអង្គការអ្នកប្រជាធិបតេយ្យ និយមសាសនាគ្រឹស្ដិ៍អន្តរជាតិ (Internationale démocrate-chrétienne)។ អង្គការនេះ ប្រកាន់និន្នាការកណ្ដាល ផ្អៀងទៅស្ដាំនិយម និងមានទីស្នាក់ការកណ្ដាល នៅរាជធានីព្រុយហ្សែល ប្រទេសប៊ែលហ្សិក។

ដំបូងឡើយ អង្គការនេះ​មានចលនា​នយោបាយ របស់ខ្លួន តែនៅក្នុងទ្វីបអ៊ឺរ៉ុប និងនៅទ្វីបអាមេរិកឡាទីន។ តែនៅពេលនេះ អង្គការខាងលើ បានពង្រីកសមាជិកភាព​របស់ខ្លួន ទៅកាន់ទ្វីបដទៃទៀត ដែលមានចំនួនសរុប ៧៣គណបក្សនយោបាយ នៅក្នុងពិភពលោក។

ក្នុងប្រទេសកម្ពុជា គណបក្សពីរបានក្លាយខ្លួន ជាសមាជិក​របស់អង្គការនេះ គឺគណបក្សប្រជាជន​កម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្ស​ហ្វុនស៊ីនប៉ិច។ ផ្ទុយពីគណបក្សរាជានិយម ដែលចូល​ជាសមាជិក​របស់អង្គការនេះ តាំងពីច្រើនឆ្នាំ​កន្លងមកនោះ គណបក្ស​ប្រជាជនកម្ពុជា ទើបទទួលបាន​សមាជិកភាពខ្លួន នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ប៉ុណ្ណោះ។

កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ទំព័រទ្វីសធើរផ្លូវការ របស់អង្គការខាងលើ បានសរសេរថា គណៈអភិបាលរបស់ខ្លួន បានធ្វើការស្មឹងស្មាធ​១នាទី ដើម្បីឧទ្ទិសដល់លោក «Edgardo Angara» អតីតអនុប្រធានអង្គការ ដែលបាន​ទទួល​មរណភាព នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ (ជាងមួយខែមុន)។

តែទំព័រនោះ បានសរសេរថា លោក «Edgardo Angara» ជាឥស្សរជនមកពីប្រទេស«កម្ពុជា» ដែលខុសស្រឡះពីការពិត ព្រោះបុរសជាតិហ្វីលីពីនរូបនេះ គឺជាអ្នកនយោបាយ និងជាអតីតប្រធានរដ្ឋសភា របស់ប្រទេសហ្វីលីពីន។

ភាពច្រឡំបល់នេះ ធ្វើឲ្យសំនួរមួយចោទសួរឡើងថា តើអង្គការនយោបាយ-ក្រៅរដ្ឋាភិបាល​ខាងលើ​ ស្គាល់ប្រទេសកម្ពុជា បានដល់កម្រិតណា? ទស្សនាវដ្ដីមនោរម្យ​.អាំងហ្វូ បានព្យាយាមទាក់ទង​អង្គការខាងលើ ដើម្បីស្នើសុំការបំភ្លឺ តែមិនមាន​ការឆ្លើយតប​​នៅឡើយ។

ជាការកត់សម្គាល់មួយទៀត គឺគេមិនឃើញអង្គការនេះ បញ្ជូនតំណាងខ្លួន ជាលក្ខណៈ​«ផ្លូវការ» ឲ្យមកឃ្លាំមើល និងសង្កេត​ការបោះឆ្នោត​ជាតិ ជ្រើសតាំង​សមាជិកសភា ខែកក្កដា ឆ្នាំ២០១៨ នៅកម្ពុជាទេ ដែលខុសពីការបោះឆ្នោតជាតិ ជ្រើសតាំង​ក្រុមប្រឹក្សា​-ឃុំសង្កាត់ ឆ្នាំ២០១៧៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ ហ៊ុន សែន ចាត់តាំង​ឲ្យ​សមាជិកបក្ស​«CPP»​ចុះចែក​អំណោយ

នាយករដ្ឋមន្ត្រីដ៏ចាស់វស្សា និងជាប្រធានគណបក្សកាន់អំណាច នៅកម្ពុជា លោក ហ៊ុន សែន បានចាត់តាំងមន្ត្រី និងសមាជិកគណបក្ស «CPP» របស់លោក ឲ្យចុះចែកអំណោយ ទៅដល់ប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេស។ ...
របាយការណ៍

អង់គ្លេស​មិនយល់ព្រម ការយកពន្ធ​​អង្ករ​​កម្ពុជា​​ឡើងវិញ ពីសំណាក់ EU?

ទីប្រឹក្សាអមនាយករដ្ឋមន្ត្រីកម្ពុជា គឺលោក ជុំ កុសល ដែលជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីល្បាញ នៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក បានរៀបរាប់ថា ចក្រភពអង់គ្លេស បានសំដែងការមិនយល់ស្រប ក្នុង«ការយកពន្ធ​​អង្ករ​​កម្ពុជា​​ឡើងវិញ» ដែលសម្រេចឡើង ដោយសហភាពអ៊ឺរ៉ុប ...
ដំណឹង

រដ្ឋសភា​អូទ្រីស បោះឆ្នោត​ទម្លាក់​អធិការបតី «Sebastian Kurz»

អធិការបតីនៃប្រទេសអូទ្រីស លោក «Sebastian Kurz» ទើបនឹងត្រូវបានទម្លាក់ចេញពីតំណែង ដោយញត្តិបន្ទោសមួយ បោះឆ្នោតសម្រេចនិងអនុម័ត ដោយរដ្ឋសភាជាតិ។ ការទម្លាក់មេដឹកនាំរូបនេះ​​ចេញពីអំណាច ធ្វើឡើងកាលពីប៉ុន្មាននាទីមុន និង១០ថ្ងៃ​ក្រោយការបែកធ្លាយ​រឿងអាស្រូវ «Ibizagate» នៃវីដេអូឯកជនមួយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.