កម្ពុជាដំណឹង

តុលាការព្រមាន កឹម សុខា ជុំវិញ​ដំណើរ​របស់​លោក ចុះទៅតាម​​ខេត្ត​​ជាច្រើន

តុលាការរបបក្រុងភ្នំពេញ បានចាត់ទុកដំណើរ របស់មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចុះទៅតាម​​ខេត្ត​​ជាច្រើន ក្នុងរយៈពេលចុងក្រោយនេះ ថាជា«ការឈាន​ទៅ​ហួសព្រំដែន ឬនាំទៅដល់​ការបំពាន លើកាតព្វកិច្ច» នៃការត្រួតពិនិត្យតាម​ផ្លូវ​តុលាការ ដែលតម្រូវដាក់​លើ​លោក កឹម សុខា ដែលតុលាការមួយនេះ ហៅថាជាជនជាប់​ចោទ។

លិខិតមួយ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលា​ដំបូង​រាជធានី​ភ្នំពេញ ដែលចុះហត្ថលេខាដោយ​លោកចៅក្រម កូយ សៅ បានផ្ញើជូនលោក កឹម សុខា ដើម្បីអ្វីមួយ ដែលតុលាការមួយនេះ ហៅថា ជាការក្រើនរំលឹកលោក ឱ្យមាន​ស្មារតី​គោរព​ឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់ និងត្រូវប្រកាន់ភ្ជាប់នូវកាតព្វកិច្ច ដែលតុលាការបាន​ដាក់ ឱ្យស្ថិត​នៅក្រោម​ការត្រួត​ពិនិត្យ​តាមផ្លូវតុលាការ កាលពីចុងឆ្នាំកន្លងមក។

ក្នុងប៉ុន្មានថ្ងៃចុងក្រោយ ប្រធានគណបក្សប្រឆាំង បានធ្វើដំណើរ ចុះទៅតាម​​ខេត្ត​​ជា​ច្រើន ក្នុងនោះមានដូចជាខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបងជាដើម។ ក្រុមអ្នករួមដំណើរជាមួយលោក ក្នុងនោះមានមេធាវី​ការពារក្ដី​ឲ្យលោកផង បានអះអាងថា ដំណើរចុះទៅតាមខេត្តនោះ ជាការដើរលំហែ យក​ខ្យល់ បើទោះជាលោកបានជួប ជាមួយពលរដ្ឋ អ្នកគាំទ្រ និងសកម្មជន​មួយ​ចំនួន​ក៏ដោយ។

លិខិតរបស់លោកចៅក្រម កូយ សៅ បានសរសេរឡើងថា៖

«ក្រុមប្រឹក្សាជំនុំជម្រះ ធ្វើការក្រើនរំលឹក ជនជាប់ចោទ ត្រូវមានស្មារតីគោរព​ឱ្យបាន​ហ្មត់ចត់ ម៉ឺងម៉ាត់ និងត្រូវប្រកាន់ភ្ជាប់នូវកាតព្វកិច្ចដែលតុលាការ បានតម្រូវដាក់លើ ជនជាប់ចោទ ដូចមាននៅក្នុងដីកាសម្រេចខាងលើនេះ ហើយដែលមានអានុភាព រហូត​ដល់ពេលសាលក្រមត្រូវបានប្រកាសស្រប តាមបញ្ញត្តិមាត្រា ៣៥២ នៃក្រមនីតិវិធី​ព្រហ្មទណ្ឌ។»

ជាប្រតិកម្មតបវិញ អ្នកស្រី ម៉េង សុភារី មេធាវីមួយរូប ពីក្នុងចំណោម​មេធាវី​ច្រើនរូប របស់​​លោក កឹម សុខា បានអះអាងថា លិខិតនេះ​បង្ហាញឲ្យឃើញ ពី​«ភ្លើងលឿង»ពី​សំណាក់​​តុលាការ រំឭកឲ្យលោក កឹម សុខា មានការប្រុងប្រយ័ត្ន បើទោះជាគ្មានច្បាប់​ហាមឃាត់​លោក ក្នុង​ការដើរហើរ ឬជួបប្រជាពលរដ្ឋក៏ដោយ។

លោកកឹមសុខា តែងតែគោរពច្បាប់ កន្លងមក បច្ចុប្បន្ននិងទៅអនាគត។គាត់យល់ដឹងច្បាស់ណាស់នូវអ្វីដែលគាត់មានសិទ្ធិ និងមិនមានសិទ្ធិ…

Gepostet von Meng Sopheary am Montag, 20. Juli 2020

ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានក្រុមជនប្រដាប់អាវុធ ក្រោមបញ្ជាពីលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រុកចូលចាប់ខ្លួន នៅក្នុងគេហដ្ឋានរបស់លោក កាលពីយប់ថ្ងៃទី២ ចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មុននឹងយកទៅឃុំខ្លួន ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ អស់រយៈពេល១ឆ្នាំ។

បន្ទាប់ពីយកលោក កឹម សុខា មកឃុំនៅក្នុងគេហដ្ឋានរបស់លោក អស់រយៈពេល​ជាច្រើន​ខែក្រោយមក សាលាដំបូងរាជធានីបានសម្រេច កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុញ្ញាត​​ឲ្យមេដឹកនាំប្រឆាំង អាចដើរហើរ និងជួបមនុស្សម្នាបាន តែបានហាមឃាត់​សកម្មភាពមួយចំនួន ដូចជា៖ មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅ ពីមន្ត្រីមានសមត្ថកិច្ច។

សម្រាប់លោក គីម សុខ អ្នកវិភាគនយោបាយ បានថ្លែងពីប្រទេសណ័រវេសមកថា ការដើរ​ចុះតាមខេត្ត របស់លោក កឹម សុខា ជាការធ្វើតេស្ដិ៍មួយ ចំពោះបម្រាមរបស់តុលាការ ដែល​លោក គីម សុខ លើកឡើងថា ជាបម្រាមដ៏ទូលាយ អាចឲ្យតុលាការ ឬក្រុមអាជ្ញាធរ​ធ្វើការបកស្រាយ ស្រេចនឹងចិត្ត។

រីឯលោក ព្រហ្ម គិត អ្នកឃ្លាំមើលមួយរូបទៀត ដែលកំពុងរស់នៅ ក្នុងប្រទេសបារាំង បាន​ពន្យល់ថា ដំណើររបស់លោក កឹម សុខា និងប្រតិកម្មរបស់តុលាការរាជធានី ជា​ការពញ្ញាក់​ពិភពលោក ជាពិសេសសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ឲ្យដឹងថា កុំថាឡើយដល់​ទៅ​សិទ្ធិ​នយោបាយ បើសូម្បីសិទ្ធិដើរហើរ និងសិទ្ធិជួបជុំ ក៏ប្រធានគណបក្សសង្គ្រោះជាតិ គ្មាន​ដដែលដែរ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថា​នាយករដ្ឋមន្ត្រី​សិង្ហបូរី​ប្រមាថ​ដល់​«ពលិកម្ម»​កងទ័ព​​វៀតណាម

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានហៅការលើកឡើង​របស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលនិយាយរំលឹកថា វៀតណាមបានចូលឈ្លានពានកម្ពុជា ...
កម្ពុជា

ហ៊ុន សែន ថា«កំពុង​ជិះឡាន»​ខណៈ​​មិនបានបង្ហាញខ្លួន​តាំងពី​ច្រើន​សប្ដាហ៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនៅថ្ងៃនេះ ថាលោក​«កំពុង​ជិះឡាន»​ធ្វើ​ដំណើរ​នៅតាមដងផ្លូវ ដោយអើត«មើលពីក្នុងរថយន្ដ» ឃើញប្រជាពលរដ្ឋកម្ពុជា ខិតខំ​ប្រឹងប្រែងធ្វើការងារ។ ប៉ុន្តែអវត្តមានរបស់លោក ដែលមិនបាន​បង្ហាញខ្លួន​ជា​សាធារណៈ តាំងពីច្រើនសប្ដាហ៍មកនោះ បានបង្កមន្ទិល ជុំវិញ​បញ្ហាសុខភាព​របស់​លោក។ ...
ដំណឹង

វៀតណាម​«លាង​ឈើ​កខ្វក់»​ពី​កម្ពុជា ដើម្បី​កំណើន​សេដ្ឋកិច្ច​ខ្លួន

ការ«លាង​ឈើ​កខ្វក់»លួចដឹកឈើដោយខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅតែមានជាបន្តនៅឡើយ និងមានចំនួនមិនតិចជាង ៣០ម៉ឺនម៉ែត្រគូបឡើយ។ នេះ បើតាមបានអានរបាយការណ៍មួយ របស់ «EIA» ទីភ្នាក់ងារស៊ើបអង្កេតអន្តរជាតិ ផ្នែកបរិស្ថានមួយ ដែលមានទីស្នាក់ការកណ្ដាលក្នុងរាជធានី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.