កម្ពុជាដំណឹង

ទំព័រហ្វេសប៊ុក «មាតាធម្មជាតិ» បង្ហោះសារ​របស់ខ្លួន​ឡើងវិញ

ទំព័រហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិ នៅមុន និងក្រោយការបាត់រូប ពីលើបណ្ដាញសង្គម។ (រូបថតផ្តិតពីអេក្រង់)
ទំព័រហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិ នៅមុន និងក្រោយការបាត់រូប ពីលើបណ្ដាញសង្គម។ (រូបថតផ្តិតពីអេក្រង់)

បន្ទាប់ពីមិនឃើញមានសកម្មភាព អស់ជាច្រើនសប្ដាហ៍ ទំព័រហ្វេសប៊ុក នៃចលនា«មាតាធម្មជាតិ»បានបង្ហោះសាររបស់ខ្លួន បានជាថ្មីឡើងវិញ។ ស្ថាបនិកចលនានេះ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro G.Davidson) អះអាងថា ក្រុមលោកបានទាមទារទំព័រនេះ មកកាន់កាប់ឡើងវិញ ជាធម្មតា កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។

នៅប៉ុន្មានម៉ោងមុននេះ ទំព័រហ្វេសប៊ុករបស់ចលនាការពារធនធានធម្មជាតិកម្ពុជា ដ៏ល្បីល្បាញ បានបង្ហោះសារឡើងថា៖

«សូមស្វាគមន៍សារជាថ្មី មកកាន់ហ្វេសបុកផេកចលនាមាតាធម្មជាតិ។ យើងមានអារម្មណ៍​សោមនស្សរីករាយ ដែលក្រុមហ៊ុនហ្វេសបុក សម្រេចសង្គ្រោះផេកនេះ ក្រោយពីការប៉ុនប៉ង​ប្លន់​ពីសំណាក់អាជ្ញាធរ នៃរបបសន្តិភាព (លោក ហ៊ុន សែន)»

កាលពីដើមខែកញ្ញា ទំព័រហ្វេសប៊ុកខាងលើ ដែលមានអាស័យដ្ឋាន « facebook.com/mothernaturecambodia » បានបាត់រូបពីបណ្ដាញសង្គម បន្ទាប់ពីសកម្មជនរបស់ចលនានេះ ចំនួន៣នាក់ ត្រូវបានអាជ្ញាធរ​របបក្រុងភ្នំពេញ​ចាប់ខ្លួន។ សកម្មជនទាំងបីរូបរួមមាន លោក ថុន រដ្ឋា, កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលត្រូវបានចាប់ខ្លួន ក្រោមហេតុផលថា រៀបចំដំឡើងស្ទូឌីយោផ្សាយវីដេអូ និងព័ត៌មាន ដោយគ្មានច្បាប់អនុញ្ញាត និងការបង្ហោះព័ត៌មាន ពីយុទ្ធនាការ ដើរទៅ​ភូមិគ្រឹះនាយករដ្ឋមន្ត្រី ដើម្បីសុំឱ្យដោះស្រាយករណីលុបបឹងតាមោក នៅជាយរាជធានី។

លោក អាឡិច បានចោទអាជ្ញាធរក្រុងភ្នំពេញ ថាបានចូលទៅកាន់កាប់ ដោយបំពាន (ឬប្លន់) ទំព័រហ្វេសប៊ុកមួយនេះ ដោយទំនងជាបានបង្ខំលោក ថុន រដ្ឋា ឲ្យប្រាប់លេខ​សម្ងាត់ ក្នុងនាមជា«អភិបាលទំព័រ» ដើម្បីក្រុមអាជ្ញាធរទាំងនោះ អាចចូលទៅក្នុងទំព័រ​ខាងលើ និងផ្លាស់ប្ដូរទិន្នន័យនានា។

យ៉ាងណា ស្ថាបនិកជាតិអេស្ប៉ាញ ដែលនិយាយ និងសរសេរភាសាខ្មែរច្បាស់ដូចថ្ងៃ បានពន្យល់​កាលពីម្សិលមិញ លើគណនេយ្យហ្វេសប៊ុក របស់លោកថា៖

«ចោរកម្មលួចហ្វេសប៊ុកផេក របស់ចលនាមាតាធម្មជាតិ ពីសំណាក់របបសន្តិភាព បាន​បរាជ័យទាំងស្រុង។ បន្ទាប់ពីមានការអន្តរាគមន៍ ពីយើងខ្ញុំ និងអង្គការដៃគូរក្នុង និងក្រៅស្រុកដ៏ទៃទៀតជាច្រើន ក្រុមហ៊ុនហ្វេសប៊ុក បានប្រគល់ផេកមាតាធម្មជាតិ មកឱ្យម្ចាស់ដើមវិញ ដែលនឹងដំណើរការចាប់ពីពេលនេះតទៅ។»

គ្មានប្រតិកម្មផ្លូវការ ពីមន្ត្រីទទួលខុសត្រូវ នៃរដ្ឋាភិបាលក្រុងភ្នំពេញ ចំពោះហេតុការណ៍​ខាងលើ​នេះទេ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែង​ប្រាប់​សារព័ត៌មានក្នុងស្រុកថា លោកមិនបានដឹងច្បាស់ អំពីករណីមានការលួច ចូលទំព័រ​ខាងលើទេ ប៉ុន្តែលោកថា ជាទូទៅ មន្ត្រីជំនាញនឹងរឹបអូសភ័ស្តុតាងទាំងអស់ ដែល​ពាក់ព័ន្ធ​បទល្មើស រួមទាំងផ្នែកបច្ចេកវិទ្យា ហើយតុលាការធ្វើការស៊ើបអង្កេត លើករណី​នេះ។

ក្នុងសារបង្ហោះជាថ្មី នៅថ្ងៃសុក្រនេះ ទំព័រហ្វេសប៊ុក «មាតាធម្មជាតិ» ឬ «Mother Nature Cambodia» បានបន្តសរសេរថា៖

«ទន្ទឹមនឹង(ទទួលបានទំព័រមកវិញ)នេះ ពួកយើងជាសកម្មជន ចលនាមាតាធម្មជាតិ មានភាព​សោកស្តាយជាពន់ពេក ដែលអាជ្ញាធរនៃរបបនេះ បានចាប់ខ្លួន​សកម្មជន​ចលនាមាតាធម្មជាតិ ដ៏ស្អាតស្អំចំនួនបីរូប #លោកថុនរដ្ឋា #កញ្ញាភួនកែវរស្មី និង #កញ្ញាឡុងគន្ធា តាមអំពើរចិត្ត ដោយខុសទៅនឹងច្បាប់។ យើងហួសចិត្ត ដែលរបបមួយ​នេះ បានចាត់ទុកថា ការសុំជួបលោក ហ៊ុន សែន ដើម្បីបង្ហាញអំពីកង្វល់ ចំពោះការលុប​បឹងតាមោក គឺជាអំពើរញុះញង់ទៅវិញ។»

«យើងពុំសុខចិត្តឡើយ ចំពោះអំពើរអយុត្តិធម៌នេះ ហើយនឹងទាមទារ ឱ្យដោះលែង​សកម្មជន​មាតាធម្មជាតិ ទាំង៣រូបជាបន្ទាន់។ យើងសង្ឃឹមថា របបនេះនឹង​រក្សាបាន​នូវសតិសម្បជញ្ញៈជាខ្មែរ គោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ​កម្ពុជា៕»



លំអិតបន្ថែមទៀត

ពិសេស

ការបញ្ចេញមតិ-​យោបល់ របស់​ប្រិយមិត្ត​គួរឲ្យ​ស្រឡាញ់​ណាស់! តែ…

សូមជម្រាបប្រិយមិត្តថា ការបញ្ចេញមតិ-​យោបល់ ឬការពិភាក្សាទាំងឡាយ គឺជាអទិភាពខ្ពស់បំផុត របស់ទស្សនាវដ្ដី ក្នុងការចែករំលែក ការគោរព និងការពារដល់សិទ្ធិ នៃការបញ្ចេញមតិ។ ហើយមកដល់ថ្ងៃនេះ មិនមានការបញ្ចេញមតិ-​យោបល់ណាមួយ ត្រូវបានលប់ចេញពីទំព័រហ្វេសប៊ុក ឬទំព័រណាផ្សេងទៀត ...
ជីវិតប្រចាំថ្ងៃ

ហេតុអ្វីបានជា​អ្នក​លេង​ហ្វ៊េសប៊ុក​ខ្លះ​ចូល​ចិត្ត​បង្ហោះ​«រឿងរ៉ាវផ្ទាល់ខ្លួន»?

បច្ចុប្បន្ន «Facebook» គឺជាបណ្តាញសង្គមដ៏ធំទូលាយមួយ ដែលមនុស្សរាប់លាននាក់ ទូទាំងពិភពលោក កំពុង​ប្រើប្រាស់​យ៉ាងមាន​ប្រជាប្រិយភាព។ ទោះបីជាយ៉ាងណាក៏ដោយ របៀបនៃកាប្រើហ្វ៊េសប៊ុក របស់បុគ្គល​ម្នាក់ៗ​មានលក្ខណៈ​ខុសៗគ្នា។ អ្នកខ្លះ ប្រើប្រាស់​បណ្តាញ​សង្គមមួយនេះ គ្រាន់តែជាការកម្សាន្ត បង្ហោះរូបភាពម្តងម្កាល ...
របាយការណ៍

«ខ្ញុំជា ឈុត វុទ្ធី» ​ភាពយន្ដ​ឯកសារ​និយាយពី​វីរភាព និង​ការធ្វើឃាត

ភាពយន្ដឯកសារ រឿង «ខ្ញុំជា ឈុត វុទ្ធី» បានរៀបរាប់ឡើងវិញ ពីវីរភាពរបស់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏ល្បីល្បាញ ដែលបានប្រឹងប្រែង ​ការពារ​ធនធាន​ធម្មជាតិ របស់ខ្មែរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.