កម្ពុជាដំណឹង

អ្នកវិទ្យាសាស្ត្រ​រកឃើញ​ភ្លុកដំរី​បុរេប្រវត្តិ នៅក្នុង​ទីផ្សារ​កម្ពុជា

ក្រុមអ្នកស្រាវជ្រាវ ជាតិស្កុតឡេន (ចក្រភពអង់គ្លេស) បានរកឃើញវត្តមាន នៃភ្លុកដំរីបុរេប្រវត្តិ តាមរយៈសម្ភារៈតុបតែងជាច្រើន ក្នុងប្រទេសកម្ពុជា។ ពីមុនមក គេគ្រាន់តែដឹងថា សម្ភារៈលំអទាំងនោះ ធ្វើឡើងពីភ្លុកដំរី ដែលមានប្រភព ពីតំបន់អាស៊ី និងអាហ្វ្រិកប៉ុណ្ណោះ។

ក្រុមអ្នកវិទ្យាសាស្ត្រ របស់មន្ទីរពិសោធន៍ «WildGenes» នៃសហគ្រាស​សួនសត្វ ក្រុង «Edimbourg» (ភាគខាងជើងអង់គ្លេស) បានអះអាងថា ពួកគេបានរកឃើញ «DNA» នៃសត្វដំរីបុរាណ ដែលបានផុតរលត់ពូជ តាំងពី១០ ០០០ឆ្នាំ យូរយាណាស់មកហើយ ចេញពីសម្ភារៈតុបតែង (ដូចយ៉ាងរូបចម្លាក់ព្រះ) ដែលមានលក់នៅលើទីផ្សារ នៃប្រទេសកម្ពុជា។

សម្ភារៈទាំងនោះ ត្រូវបានផ្ញើរទៅកាន់មន្ទីរពិសោធន៍ខាងលើ ដើម្បីធ្វើការវិភាគ និងសិក្សា អំពីប្រភពដើមនៃភ្លុកដំរី និងជាប្រយោជន៍ ទៅដល់ការប្រយុទ្ធប្រឆាំង នឹងការសម្លាប់សត្វដំរី និងការជួញដូរភ្លុក របស់ពួកវា។

លោកវេជ្ជបណ្ឌិត «Alex Ball» បានថ្លែងតាមរយៈគេហទំព័រ របស់មន្ទីរពិសោធន៍ ឲ្យដឹងថា៖

«យើងមានការភ្ញាក់ផ្អើលណាស់ ដោយបានរកឃើញថា សម្ភារៈតុបតែងទាំងនោះ ធ្វើចេញពីភ្លុកដំរីបុរាណ ជំនាន់បុរេប្រវត្តិ ដែលនៅតែមានចរាចរណ៍ ជាពិសេសនៅក្នុងការពិសោធន៍ភ្លាមៗ របស់យើង និងចេញពីសម្ភារៈ នៃប្រទេសតំបន់ត្រូពិក ដូចជាប្រទេសកម្ពុជា។» 

លោកបន្តថា៖

«យើងពិបាកសន្និដ្ឋានថា ការរកឃើញនេះ អាចបញ្ជាក់ពីវត្តមាន នៃសន្ដានពូជដំរីបុរាណទាំងនោះ តែយើងគិតថានឹងបន្ត ការរុករករបស់យើង បន្ថែមទៀត និងប្រើប្រាស់ការរកឃើញនេះ ដើម្បីកំណត់ពីប្រភពដើម នៃភ្លុកដំរី។»

មន្ទីរពិសោធន៍ «WildGenes» មានគម្រោងបង្កើត មន្ទីរពិសោធន៍មួយ នៅក្នុងរាជធានីភ្នំពេញ ដើម្បីសិក្សាស្រាវជ្រាវភ្លាមៗ អំពីសន្ដានពូជដំរី ដែលនឹងអនុញ្ញាត ឲ្យមានការប្រយុទ្ធប្រឆាំង ប្រកបដោយប្រសិទ្ធិភាព ទល់នឹងការធ្វើពាណិជ្ជកម្ម ដោយខុសច្បាប់ នៃភ្លុកដំរី។

សម្រាប់លោកវេជ្ជបណ្ឌិត «Alex Ball» បានឲ្យដឹងបន្ថែមថា ដំរីប្រមាណជា ៣០ ០០០ក្បាល ត្រូវបានសម្លាប់ ជារៀងរាល់ឆ្នាំ ដើម្បីគ្រាន់តែគាស់យកភ្លុករបស់ពួកវា ហើយការជួញដូរភ្លុក បានកើនឡើងយ៉ាងខ្លាំង នៅកម្ពុជា។

កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំទៅម៉ិញ អាជ្ញាធរខ្មែរបានរកឃើញ ភ្លុកដំរីចំនួន ១០២៦ភ្លុក ដែលមានទំងន់ ជាង៣,៥តោន។ ភ្លុកទាំងនោះ ត្រូវបានលាក់ក្នុងកុងទឺន័រមួយ ដែលមានវត្តមានទុកចោល ក្នុងកំពង់ផែស្វយ័តភ្នំពេញ តាំងពីខែកក្កដាកន្លងមក។

ការរកឃើញភ្លុកដំរី ក្នុងចំនួនដ៏សម្បើមនោះ ធ្វើឡើងដោយសារ ការផ្ដល់ដំណឹងសម្ងាត់ ពីសំណាក់ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា ដោយមានការស្រាវជ្រាវ ជាមុន ពីសំណាក់ផ្នែកជលផល និងសត្វព្រៃអាមេរិក រួមនឹងផ្នែកព័ត៌មានសំងាត់ របស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក៕



You may also like

កម្ពុជា

ទូត​អាមេរិក ថាបាន​ផ្ដល់​ការសម្ងាត់​ឲ្យ​អាជ្ញាធរ​ខ្មែរ​ចាប់​ភ្លុក​ដំរី​​​ជាង៣តោន

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានអះអាងថា ការស៊ើបអង្កេត របស់ផ្នែកជលផល និងសត្វព្រៃ សហរដ្ឋអាមេរិក រួមនឹងផ្នែកព័ត៌មានសំងាត់ របស់ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានផ្ដល់ព័ត៌មាន ដល់នាយកដ្ឋានគយ និងរដ្ឋករកម្ពុជា រហូតនាំទៅដល់ការរិបអូសបាន ...
ដំណឹង

អាជ្ញាធរចិន​រឹបអូស​គ្រឿងចម្លាក់​មកពី​កម្ពុជា ដែល​សង្ស័យ​«ធ្វើពីភ្លុកដំរី»

អាជ្ញាធរគយខេត្តណានណីង (Nanning) ក្នុងភាគខាងត្បូងប្រទេសចិន បានរឹបអូសគ្រឿងចម្លាក់ចំនួនបួន ដែលសង្ស័យថា«ធ្វើពីភ្លុកដំរី»។ នេះ បើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការចិន «ស៊ីនហួរ» ដោយស្រង់ប្រភពពីមន្ត្រីគយ មកបញ្ជាក់។ គ្រឿងចម្លាក់ទាំង៤នោះ មានបីគ្រឿងជាសម្ភារៈតុបតែង ក្នុងព្រះពុទ្ធសាសនា ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...