កម្ពុជាដំណឹង

ឡៅ ម៉ុងហៃ សុំព្រះរាជា​លើកលែង​ទោស​និង​ផ្ដល់ងារ​«សម្ដេច»​ឲ្យ សម រង្ស៊ី

បរមងារជា«សម្ដេច សម រង្ស៊ី» អាចទៅរួចឬទេ? ទោះរួចឬមិនរួច វាជាការស្នើឡើង របស់លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យដ៏មានឥទ្ធិពលមួយរូប ដោយហៅមេដឹកនាំប្រឆាំងដ៏សំខាន់ របស់ប្រទេសកម្ពុជា ថាជា​«រដ្ឋបុរសខ្មែរ និងបណ្ឌិតព្រឹទ្ធាចារ្យ»មួយរូប មុននឹងលោកទូលស្នើ សុំឲ្យមានការលើកលែងទោស​ទាំងអស់ និងផ្ដល់បរមងារជា«សម្ដេច» ដល់លោក សម រង្ស៊ី។

អ្នកវិភាគវ័យចំណាស់ បានលើកឡើងដូច្នេះ ដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់លោក សម រង្ស៊ី ក្នុងឱកាសខួបអាយុ៧០ឆ្នាំ កាលពីចុងសប្ដាហ៍កន្លងមកនេះ ថាលោកនឹងមិនឡើង ធ្វើជានាយករដ្ឋមន្ត្រី ឬតំណែងសំខាន់ណាមួយ នៅក្នុងកិច្ចការដឹកនាំប្រទេសនោះទេ ដោយលោកចង់ទុកតំណែងទាំងអស់នេះ សម្រាប់យុវជនជំនាន់ក្រោយ។

លោក ឡៅ ម៉ុងហៃ បានសរសេរនៅលើបណ្ដាញសង្គមថា៖

«ឯកឧត្តម សម រង្ស៊ី ជារដ្ឋបុរសខ្មែរ ជាបណ្ឌិតព្រឹទ្ធាចារ្យ – A wise man, A sage – មួយរូប។ សូមព្រះមហាក្សត្រជាទីគោរពសក្ការ: របស់ប្រជាជាតិខ្មែរ ព្រះមេត្តាព្រះរាជទានការលើកលែងទោសទាំងអស់ ដល់គាត់ និងព្រះរាជទានបរមងារ ជា”សម្ដេច”ដល់គាត់។»

អ្នកវិភាគ បានពន្យល់ចំពោះការស្នើឡើងរបស់លោក ដូច្នេះថា៖

«ការលើកលែងទោស និងបរមងារ ដែលឯកឧត្តម សម រង្ស៊ី សមទទួលបាននេះ នឹងច្បាស់ជាប្រកបដោយធម៌ បានមកដោយធម៌ និងកើតឡើងដោយធម៌ យ៉ាងពិតប្រាកដ។ សូមអ្នកនយោបាយ ដែលជាគូបដិបក្ខប្រឆាំងគ្នា ជាមួយឯកឧត្តម សម រង្ស៊ី មេត្តាបោះបង់ចោលចេញទាំងអស់ នូវអរិភាព និងការប្រទូសរ៉ាយ ដែលអាចមានចំពោះគាត់។»

តែមិនប្រាកដថា សំណើររបស់លោក ឡៅ ម៉ុងហៃ ទទួលបានការសាទរពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គូប្រជែងនយោបាយធំជាងគេ របស់លោក សម រង្ស៊ី នោះឡើយ បើមើលតាមកម្ដៅនយោបាយ ដែលកំពុងពុះ ដូចទឹកក្ដៅក្នុងកំសៀវដូច្នេះ។

ថ្លែងទៅកាន់អ្នកគាំទ្រ ក្នុងក្រុងហ្វីឡាឌែលហ្វីយ៉ា (សហរដ្ឋអាមេរិក) កាលពីថ្ងៃអាទិត្យកន្លងមកនេះ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំង បានលើកឡើងថា៖

«ខ្ញុំធ្វើជាទីប្រឹក្សា ខ្ញុំយល់ព្រម ខ្ញុំធ្វើជាព្រឹទ្ធាចារ្យ ខ្ញុំយល់ព្រម។ តែតំណែងចាប់ពីនាយករដ្ឋមន្ត្រី ចុះក្រោម ប្រធាននាយកដ្ឋាន ប្រធានអង្គភាព ប្រធានស្ថាប័ន ដែលជាស្ថាប័នគ្រប់គ្រងដឹកនាំប្រទេស សូមប្រគល់ឲ្យខ្មែរជំនាន់ក្រោយយុវជន។»

មេដឹកនាំប្រឆាំងបានពន្យល់ អំពីមហិច្ឆតារបស់លោក ថាលោកគ្រាន់តែវាយបំបែកឧបសគ្គ ដោយកំចាត់«អំណាចផ្តាច់ការ»​សព្វថ្ងៃចេញ ដើម្បីបើកផ្លូវប្រជាធិបតេយ្យ ឲ្យយុវជនកូនខ្មែរ«ជនជំនាន់ក្រោយ» មានឱកាសមកដឹកនាំប្រទេស ទៅតាមសម្ថភាពរបស់បុគ្គលម្នាក់ៗ ដោយមិនមានការរើសអើង តាមគំនិតបក្ខពួកនិយម គំនិតគ្រួសារនិយម និងអំពើពុករលួយ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន បន្ត​និយាយ​ឆ្លើយឆ្លង​ ជាមួយ​«ឆ្កែ»

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានថ្លែងហៅលោក សម រង្ស៊ី ថាជា«ឆ្កែ»យ៉ាងពេញមាត់ ខណៈបុរសខ្លាំងនៅក្នុងអំណាច តាំងពីជាង៣៤ឆ្នាំរូបនេះ បានលើកឡើងជាបន្តបន្ទាប់ ថាលោកឈប់ឆ្លងឆ្លើយ ជាមួយមេដឹកនាំប្រឆាំងទៀតហើយ។ ...
កម្ពុជា

សម រង្ស៊ី ថា ស ខេង អាចចូលក្នុង​«រដ្ឋាភិបាល​បង្រួបបង្រួមជាតិ»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានហៅការបង្កើត​«រដ្ឋាភិបាល​បង្រួបបង្រួមជាតិ» ដែលមាន​ការចូលរួម ពីលោក ស ខេង ថា«ជាគំនិតមួយ ដ៏ត្រឹមត្រូវ»។ ការអះអាងរបស់មេដឹកនាំប្រឆាំង ធ្វើឡើងក្នុង​ខណៈ​លោក ...
កម្ពុជា

សម រង្ស៊ី បរិហារ ហ៊ុន សែន ថារៃអង្គាសប្រាក់​«ដើម្បីចិញ្ចឹម​អំពើពុករលួយ»

សម្រាប់លោក សម រង្ស៊ី បានជឿជាក់ថា ការរៃអង្គាសប្រាក់ដោយលោក ហ៊ុន សែន គឺជាការប្រមូលប្រាក់ «ដើម្បីចិញ្ចឹម​អំពើពុករលួយ» ព្រោះការរៃអង្គាស ដែលថា​ដើម្បី​ទិញថ្នាំវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ (Covid-19) ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.