កម្ពុជាដំណឹង

គីម សុខ អះអាងថា ហ៊ុន សែន លួច​ទៅ​អង្វរ​ចិន ដើម្បី​​ត្រៀម​ផ្ទេរអំណាច​ឲ្យកូន

សម្រាប់អ្នកវិភាគ លោក គីម សុខ បានជឿជាក់ថា វាគ្មានការសង្ស័យទេ ជុំវិញបំណង «សន្តិវង្សត្រកូល ហ៊ុន» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្ទេរអំណាច ទៅឲ្យ​លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក។ តែគេគ្រាន់តែរងចាំមើលថា តើ​វិធីសាស្ត្រ​នៃការផ្ទេរអំណាចនេះ នឹងធ្វើទៅរបៀបណា និងមាន​អាថ៌កំបាំង​អ្វីខ្លះ​ប៉ុណ្ណោះ។

ដូចអាថ៌កំបាំងមួយ ដែលលោក គីម សុខ ខ្លួនលោក បានទម្លាយឲ្យដឹងថា កាលពី​ពេល​ថ្មីៗនេះ លោក ហ៊ុន សែន ទើបតែបានទៅសម្ដែង ការគួរសមស្ងាត់ៗ ដោយកាយវិ​ការ​​​ ជាសញ្ញា​អង្វរ​មេ​​ដឹកនាំចិន ដើម្បី​ពង្រឹង​ចលនា​ផ្ទេរអំណាច​ឲ្យលោក ហ៊ុន ម៉ាណែត។

ដោយអះអាង ទទួលព័ត៌មាននេះ ចេញពីប្រភពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ដែល​កាន់អំណាច ជាង​៤០ឆ្នាំ នៅកម្ពុជា លោក គីម សុខ បានរៀបរាប់បន្តថា៖

«លោក ហ៊ុន សែន បានត្អូញត្អែរប្រាប់ចិនថា យួនចេះតែរុកកួនគាត់មិនឈប់ ចាប់តាំង​ពីគាត់ ធ្វើជាមិត្ត​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ជាមួយចិន ហើយក៏សុំឲ្យចិន គាំទ្រផែនការ​អំណាច​​តត្រកូល​របស់ខ្លួន។»

គ្មានប្រភពណាផ្សេង បានអះអាង ពីការលើកឡើងដូច្នេះ របស់អ្នកវិភាគរូបនេះទេ។ រាល់​បញ្ហា ដែលនិយាយទាក់ទង ដល់ផែនការ«សន្តិវង្សត្រកូល ហ៊ុន» តែងចាត់ទុកថា ជា​ព័ត៌មាន​រសើប ដែលគ្មាននរណាម្នាក់ អាចថ្លែងពីករណីនេះ ជាសាធារណៈឡើយ។ ព័ត៌មាន​ដែលចេញផ្សាយ ពីករណីនេះ នឹងអាចប្រឈម នឹងការចោទប្រកាន់  ពីបទ​ញុះញង់ ហើយ​អ្នកកាសែតម្ចាស់អត្ថបទ នឹងអាចមានវាសនា ត្រូវចាប់បោះ​ឲ្យទៅ​ស្នាក់នៅ ក្នុង​ពន្ធនាគារ។

យ៉ាងណា លោក គីម សុខ ដែលបាននិរទេសខ្លួន ចេញទៅរស់នៅក្រៅប្រទេស បានឲ្យ​ដឹងទៀតថា៖

«ដោយទំនងជា មានភ្លើងខៀវពីចិន លោក ហ៊ុន សែន ក៏​បានចេញឆាក និយាយឡូឡា​មិនខ្លាចនរណា កាលពី​រសៀល​ថ្ងៃច័ន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្ត​ព្រះសីហនុ។»

«បន្ទាប់មក គាត់បានបញ្ចេញលិខិតតែងតាំង លោក ហ៊ុន ម៉ាណែត ជាប្រធាន​យុវជន​បក្ស ហើយចិនទាំងបាន​ផ្ដល់​ជំនួយ ឡានទាហានជិត៣០០គ្រឿងផង ដោយរដ្ឋបាលលោក ហ៊ុន សែន ប្រឹងផ្សព្វផ្សាយបំភ័ន្ត ទាំងឥតទំនងថា ប្រើលុយឧបត្ថម្ភ ពីសប្បុរសជន ទិញ​រថយន្តទាំងនោះ​ពីចិន។»

កាលពីសប្ដាហ៍មុន មន្ត្រីរដ្ឋាភិបាល បានអះអាងថា រថយន្ដយោធាចិន ប្រមាណជា​២៩០​គ្រឿង ត្រូវបានលោក ហ៊ុន សែន ទិញពីប្រទេសចិន ដោយប្រើប្រាក់សប្បុរសជន ដែល​លោក​​រៃអង្គាស​បាន ក្នុង​យុទ្ធនាការ​ប្រយុទ្ធទប់ស្កាត់ នឹងជំងឺរាតត្បាត «Covid-19»។

នៅចំពោះការរិះគន់ ពីសំណាក់មន្ត្រីសង្គមស៊ីវិល ថាជាការប្រើប្រាស់ថវិកា មិនចំ​គោលដៅ​នោះ លោក គីម សុខ បានបញ្ជាក់ផ្សេងវិញថា រថយន្ដយោធាទាំងនោះ ជាជំនួយរបស់ចិន ដើម្បីត្រៀមទុក ដឹកកម្លាំងបង្ក្រាប​ចលនាមហាជន ដែលអាចនឹងផ្ទះឡើង ប្រឆាំងក្រុមគ្រួសារត្រកូល ហ៊ុន។ អ្នកវិភាគល្បីឈ្មោះ បាន​អះអាង​បន្តថា៖

«លោក ហ៊ុន សែន បារម្ភថា ក្រែងប្រជាពលរដ្ឋទូទៅ ដែលសព្វថ្ងៃមានបាតុកម្មក្នុងចិត្ត ស្ទើរគ្រប់គ្នាទៅហើយ ហើយបើដល់ពេលណាមួយ ពួកគាត់ទ្រាំ​​នឹងការឈឺចាប់​លែងបាន ក៏ស្រាប់តែងើបឡើង ប្រើសិទ្ធិ​និងកាតព្វកិច្ច​ស្របច្បាប់​ជាពលរដ្ឋ នាំគ្នាតវ៉ា​ពីគ្រប់ទិស​ទូទាំងប្រទេស​​បុកចូល​ភ្នំពេញ នោះឡានទាហាន ក្នុងបរិមាណ​បច្ចុប្បន្ននេះ ដឹកកម្លាំង​ពង្រាយ​ទប់ប្រតិកម្ម នៃសកម្មភាព​មហាជន​​មិនទាន់ឡើយ ហើយ​ទៅជា​ក្ស័យអំណាច។»

«ក្រុមមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជា ដែលលាក់ប្រតិកម្ម​មិនពេញចិត្ត​នឹងផែនការរបស់​លោក ហ៊ុន សែន ដែលបម្រុងលើកកូន បែប​ក្បត់បំពាន ទំនុកចិត្តផ្ទៃក្នុងនេះ បង្ហាញទស្សនៈ​ប្រាប់គ្នីគ្នាថា ចាំមើលមហាជនសិន។ មន្ត្រីទាំងនោះ ថា សេចក្ដីសង្ឃឹម ដើម្បីរារាំងគោលដៅត្រួត​ត្រាគណបក្ស និងមហិច្ឆតា​ដឹកនាំប្រទេស​របស់លោក ហ៊ុន ម៉ាណែត មាន​តែចលនាងើបឡើង​របស់មហាជន​ខ្មែរ ហើយពួក​គេ​ចេញ ធ្វើសកម្មភាពស្រប​និងស្រុះគ្នា។»

លោក គីម សុខ បញ្ជាក់ នៅទីបញ្ចប់ថា៖

«បើមិនដូច្នោះទេ អ្វីៗនឹងហួសពេល ហើយអំណាចគ្រួ​សារហ៊ុន ក៏កាន់តែ​មានឥទ្ធិពល​បំផ្លាញ​កម្ពុជា៕»



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ថា ហ៊ុន សែន បញ្ជាឲ្យ​ហូប​«នំបញ្ចុក»​រួមគ្នា ជាការធ្វើតាម CNRP

ពេលនេះ ឈានមកដល់វគ្គដណ្ដើមកម្មសិទ្ធិបញ្ញាគ្នា នៃ«ទិវានំបញ្ចុក»។ ខណៈលោក ហ៊ុន​ សែន ខ្លួនលោក និងក្រុមអ្នកគាំទ្រ ប្រកាសថា ការជួបជុំគ្នាទទួលទាន«នំបញ្ចុក»នេះ ជាការសាមគ្គីជាតិ ដែលប្រកាសចេញ ដោយ«សម្ដេចតេជោ​នាយករដ្ឋមន្ត្រី»នោះ ...
កម្ពុជា

ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​ដែល​អាច​ជាប់​«បញ្ជីខ្មៅ»​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង

ឈ្មោះ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចំនួន១៧រូប ត្រូវបានរដ្ឋសភាអាមេរិក បញ្ជូនឈ្មោះភ្ជាប់​មក​ជាមួយ ច្បាប់លេខ «H.R. 5754» ដែលទើបត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទ ក្នុងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីដាក់ទណ្ឌកម្ម ...
កម្ពុជា

RSF ៖ ហ៊ុន សែន មិនត្រូវ​ប្រើ​លេស​«Covid-19»​ដើម្បី​បិតមាត់​អ្នកកាសែត

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF /RWB) ដែលមានទីតាំងធំ​ ក្នុងរដ្ឋធានីប៉ារីស (បារាំង) បានចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារទៅដ្ឋាភិបាលលោក ហ៊ុន សែន មិនត្រូវប្រើ«លេស» នៃជំងឺ«Covid-19» ដើម្បីបំបិតមាត់អ្នកសារព័ត៌មាន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.