លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញ រំលាយចោល កាលពីចុងឆ្នាំ២០១៧ បានយកឱកាស នៃការជូនពរឆ្នាំថ្មី របស់លោក ដើម្បីអំពាវនាវឲ្យមានការរួបរួម សម្រាប់ការយកឈ្នះលើជំងឺ «Covid-19» ដែលកំពុងរាតត្បាត នៅជុំវិញពិភពលោក រួមទាំងកម្ពុជាផង។
ប្រធានគណបក្សប្រឆាំង ដែលកំពុងរងក្ដីក្ដាំ យ៉ាងប្រទើសប្រទាក់ នៅឯតុលាការ បានបង្ហោះសារ នៅលើទំព័រហ្វេសប៊ុក បង្ហាញការកត់សម្គាល់ សម្រាប់ឆ្នាំចាស់កន្លងទៅនេះ ដូច្នេះថា៖
«ពិភពលោកបានជួបប្រទះ នូវបញ្ហាប្រឈមជាច្រើន ដែលមិនទាន់បានដោះស្រាយ ដូចជាទំនាស់សេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ អាវុធនុយក្លេអ៊ែរ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស បរិស្ថានជាដើម ស្រាប់តែផ្ទុះឡើង នូវជំងឺរាតត្បាត “COVID-19” ដ៏សាហាវបាន និងកំពុងឆ្លង និងសម្លាប់មនុស្ស ស្ទើរតែគ្រប់ប្រទេស។»
មកដល់ថ្ងៃនេះ ប្រទេសកម្ពុជាបានបញ្ចេញតួលេខផ្លូវការ ថាខ្លួនមានករណីឆ្លងជំងឺ «Covid-19» កើនឡើងដល់ ១១៩នាក់ (រកឃើញករណីថ្មី១នាក់ សម្រាប់ថ្ងៃសុក្រ ទី១០ ខែមេសានេះ)។ របាយការណ៍ផ្លូវការដដែល បានអះអាងថា អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន ៧២នាក់ និងនៅតែអះអាងថា គ្មានការឆ្លង នៅក្នុងសហគមន៍នៅឡើយ។
រីឯតួលេខនៅក្នុងពិភពលោកវិញ ករណីឆ្លងសរុបបានកើនឡើង ដល់ជាង ១,៦លាននាក់ និងស្លាប់កើនឡើង ដល់ជិត១សែននាក់។
យ៉ាងណា លោក កឹម សុខា បានសម្ដែងការជឿជាក់ថា៖
«បើមនុស្សក្នុងពិភពលោកសាមគ្គីគ្នា សហការគ្នា មនុស្សនឹងយកឈ្នះ លើបញ្ហាទាំងនោះបាន ជាពិសេសពិភពលោក នឹងឈ្នះ COVID-19 ក្នុងពេលឆាប់ៗខាងមុខនេះ។ បើប្រជាពលរដ្ឋខ្មែរចេះគោរព ស្រឡាញ់គ្នា ជួយគ្នា អត់ឱនឲ្យគ្នា រួបរួមគ្នា យើងនឹងឈ្នះមិនត្រឹមតែ COVID-19 ទេ បន្ទាប់ពីនេះទៅទៀត ឲ្យតែខ្មែររួបរួមគ្នា យើងនឹងដោះស្រាយបញ្ហាផ្សេងៗទៀត ដែលជាផលប្រយោជន៍ របស់ប្រជាជាតិយើង បានជាមិនខាន។»
ប្រធានគណបក្សប្រឆាំង បានបញ្ជាក់ថា៖
«ព្រោះអ្វីៗវាអាចកើតឡើង ជួនកាលដោយសារធម្មជាតិ ឯបញ្ហាខ្លះដោយសារមនុស្សជាអ្នកបង្កើត ហើយមនុស្សក៏នឹងអាចដោះស្រាយវិញបាន គឺអាស្រ័យលើឆន្ទៈ។»
លោក កឹម សុខា ត្រូវបានតុលាការរបបក្រុងភ្នំពេញ ប្រកាន់ពីបទសន្ទិដ្ឋិភាព ជាមួយបរទេស។ ប៉ុន្តែកាលពីថ្ងៃអង្គារ ទី២៤ ខែមីនាកន្លងទៅ ដំណើរការសវនាការ នៃសំនុំរឿងក្ដីក្ដាំរបស់លោក ត្រូវបានតុលាការសម្រេចលើកពេល ដោយគ្មានពេលកំណត់ ក្រោមមូលហេតុនៃការរាតត្បាត បង្កឡើងដោយមេរោគ «Covid-19» ដ៏ចង្រៃ៕
ថ្ងៃសុក្រទី១០ ខែមេសា ឆ្នាំ២០២០ សារជូនពរចូលឆ្នាំថ្មីៈ ក្នុងឱកាសឆ្លងឆ្នាំចាស់(ឆ្នាំកុរ ព.ស.២៥៦៣) ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ(ឆ្នាំជូត ព.ស.២៥៦៤)នេះ ខ្ញុំព្រះករុណា ខ្ញុំបាទ និងភរិយា សូមផ្ញើនូវសេចក្តីនឹករលឹកប្រគេនព្រះសង្ឃ និងជូនចំពោះបងប្អូនជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេសទាំងអស់ អំពីចម្ងាយ ដោយក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ។ ដោយសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ យើងបាននឹងកំពុងជួបប្រទះនូវគ្រោះកាចដោយជំងឺកូវីដ១៩ COVID-19 ធ្វើឲ្យយើងទាំងអស់គ្នាមានការព្រួយបារម្ម មិនបានជួបជុំគ្នាច្រើន សប្បាយរីករាយដូចឆ្នាំមុនៗ។ ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមឲ្យបងប្អូនអត់ធ្មត់ ដោយរក្សាអនាម័យ និងការពារសុខភាពតាមការណែនាំរបស់សមត្ថកិច្ច។ ក៏ប៉ុន្តែសូមបងប្អូនពង្រឹងស្មារតីឲ្យរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយជឿជាក់ថា មនុស្សលោកនឹងយកឈ្នះលើជំងឺកូវីដ១៩ ក្នុងពេលឆាប់ៗនេះជាមិនខាន។ ជាការកត់សម្គាល់ ឆ្នាំចាស់កន្លងទៅនេះ ទន្ទឹមនឹងការរីកចម្រើនដែលមិនប្រាកដប្រជាខ្លះៗ ពិភពលោកបានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនដែលមិនទាន់បានដោះស្រាយ ដូចជាទំនាស់សេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ អាវុធនុយក្លេអ៊ែរ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស បរិស្ថានជាដើម ស្រាប់តែផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩(COVID-19) ដ៏សាហាវបាន និងកំពុងឆ្លងនិងសម្លាប់មនុស្សស្ទើរតែគ្រប់ប្រទេសរួមទាំងកម្ពុជាយើងផង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែជឿជាក់ថា បើមនុស្សក្នុងពិភពលោកសាមគ្គីគ្នា សហការគ្នា មនុស្សនឹងយកឈ្នះលើបញ្ហាទាំងនោះបាន ជាពិសេសពិភពលោកនឹងឈ្នះCOVID-19 ក្នុងពេលឆាប់ៗខាងមុខនេះ។ បើប្រជាពលរដ្ឋខ្មែរចេះគោរពស្រឡាញ់គ្នា ជួយគ្នា អត់ឱនឲ្យគ្នា រួបរួមគ្នា យើងនឹងឈ្នះមិនត្រឹមតែ COVID-19ទេ បន្ទាប់ពីនេះទៅទៀត ឲ្យតែខ្មែររួបរួមគ្នា យើងនឹងដោះស្រាយបញ្ហាផ្សេងៗទៀត ដែលជាផលប្រយោជន៍របស់ប្រជាជាតិយើងបានជាមិនខាន។ ព្រោះអ្វីៗវាអាចកើតឡើងជួនកាលដោយសារធម្មជាតិ ឯបញ្ហាខ្លះដោយសារមនុស្សជាអ្នកបង្កើត ហើយមនុស្សក៏នឹងអាចដោះស្រាយវិញបានគឺអាស្រ័យលើឆន្ទៈ។ ជាពិសេស ក្នុងឱកាសដ៏វិសេសវិសាលចូលឆ្នាំថ្មីនេះ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមឧទ្ទិសបួងសួងដល់បារមីទេវតាឆ្នាំថ្មី បារមីវត្ថុសក្ត័សិទិ្ធទាំងឡាយក្នុងលោកនិងគុណបុណ្យព្រះរតនត្រៃ សូមប្រទានពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការ មហាប្រសើរ ចម្រើនរុងរឿង ចូលមានដល់ ប្រជាពលរដ្នខ្មែរគ្រប់ៗគ្នា ក៏ដូចជាមនុស្សក្នុងពិភពលោកផងដែរ។ ចំពោះមុខនេះ សូមឲ្យវីរុសកូវីដ១៩ រលាយសាបសូន្យអស់ពីភពផែន។សូមឲ្យព្រះរាជាណាចក្រកម្ពុជា ជួបតែសុខសន្តិភាព វឌ្ឍនភាព ឯករាជ្យជាតិ និងឯកភាពជាតិរឹងមាំ ដើម្បីជាជម្រកដ៏សុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា៕ សួស្តីឆ្នាំថ្មី!…
Posted by Kem Sokha on Friday, April 10, 2020