កម្ពុជាដំណឹង

ហ៊ុន សែន ថា សម រង្ស៊ី ជាមនុស្សដ៏អន់​បំផុត ដែល​គ្រប់គ្រង​ក្រុមខ្លួន​​មិនបាន

«បើអ្នកឯងទុកឲ្យគេបំបែកបានដូច្នេះ អ្នកឯងមិនស័ក្ដិសមធ្វើជាមេដឹកនាំទេ» នេះ ជាសារនយោបាយរបស់លោក ហ៊ុន សែន ដែលថ្លែងសំដៅទៅលោក សម រង្ស៊ី គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ជុំវិញការលើកឡើងថា យុទ្ធនាការចុងក្រោយ នៃការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ពីសំណាក់មន្ត្រីគណបក្សប្រឆាំងមួយចំនួន ជាកលល្បិចបំបែកបំបាក់ របស់លោកនាយករដ្ឋមន្ត្រី។

លោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះលោក សម រង្ស៊ី ទេ នៅក្នុងការថ្លែងរបស់លោក នាព្រឹកថ្ងៃព្រហស្បត្តិទី២១ ខែមិនា ឆ្នាំ២០១៩នេះ ក្នុងពិធីចែកសញ្ញាបត្រមួយ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ តែបើទោះជាលោកនាយករដ្ឋមន្ត្រី លើកនិយាយពីសត្វ«ទទា»ក៏ដោយ ក៏ភាសានយោបាយរបស់លោក ត្រូវបានគេមើលឃើញថា មិនសំដៅទៅនរណាផ្សេង ក្រៅពីលោក សម រង្ស៊ី នោះឡើយ។

នៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ បុរសខ្លាំងកម្ពុជាបានថ្លែងឡើងថា៖

«អ្នកគឺជាមនុស្សអន់បំផុតហើយ។ ក្នុងការធ្វើមេដឹកនាំ ហើយបណ្ដោយឲ្យគេបំបែកបាន។ អ្នកគឺជាមនុស្សដែលអន់បំផុត មិនអាចធ្វើជាមេដឹកនាំប្រទេស កុំថាធ្វើជាមេដឹកនាំប្រទេស សូម្បីតែធ្វើមេដឹកនាំគណបក្សនយោបាយមួយ ឬកូនក្លឹបសមាគមមួយ ក៏អ្នកឯងមិនអាចធ្វើទៅរួចដែរ។»

សារចុងក្រោយមួយ របស់មេដឹកនាំប្រឆាំង ដែលបង្ហោះនៅលើបណ្ដាញសង្គម កាលពីល្ងាចម្សិលម៉ិញ បានអំពាវនាវទៅអ្នកគាំទ្រ កុំជឿលោក ហ៊ុន សែន និងក្រុមឃោសនារបស់លោក ដែលបានលើកឡើងថា លោក កឹម សុខា មានបំណងចង់ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពីលោកនាយករដ្ឋមន្ត្រី។

គូបដិបក្ខនយោបាយដ៏សំខាន់ របស់លោក ហ៊ុន សែន បានបន្តបញ្ជាក់ជំហរ ជំនួសលោក កឹម សុខា ដែលជាប្រធានគណបក្សថា៖

«កឹម សុខា នៅតែស្មោះត្រង់ជាមួយប្រជារាស្ត្រ និងជាមួយគណបក្សសង្គ្រោះជាតិជានិច្ច ពីព្រោះលោកយល់ថា ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោ ហើយចង់គេចផុតពីសម្ពាធអន្តរជាតិ ដែលបង្ខំឲ្យគាត់ដោះលែងរូបលោក និងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។»

លោក សម រង្ស៊ី បន្តទៀតថា៖

«ដោយសារតែ ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោនេះហើយ បានជាគាត់ដើរភូតកុហកគេឯងថា កឹម សុខា ចង់ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពីគាត់។ ហ៊ុន សែន ឃោសនាបែបនេះ ដើម្បីទៅបញ្ចុះបញ្ចូលអន្តរជាតិថា មិនចាំបាច់ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទេ ពីព្រោះ កឹម សុខា ចង់ទៅបង្កើតគណបក្សថ្មីមួយទៀត។ នេះគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រទេ។»

ប៉ុន្តែមេដឹកនាំរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានតបវិញថា៖

«អ្នកតែងតែនិយាយថា គណបក្សប្រជាជនជាអ្នកបំបែក។ ប៉ុន្តែបើសិនជាអ្នកកុំបែកទៅ វាយ៉ាងម៉េច? វាអត់រន្ទះបាញ់ទេ។ ប៉ុន្តែរឿងរបស់អ្នក ផ្ដើមចេញពីអាលាបពណ៌ អាមេលាបពណ៌ឲ្យកូន ដែលធ្វើកូនឈឺចិត្ត។»

«ខ្ញុំសុំផ្ដាំទៅអ្នក អ្នកមិនគួរនិយាយភាសាហ្នឹងទេ ព្រោះភាសាថាគេបំបែក ព្រោះពាក្យមួយម៉ាត់នេះ ស្មើនឹងការបន្តុះបង្អាប់ខ្លួនតែប៉ុណ្ណឹង៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថា​«គ្មាន​នរណា​ផ្សេង»​ចេះគ្រប់គ្រង​ប្រទេស​ដូចលោក

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានបង្ហាញជំនឿថា គ្មាន​នរណា​ផ្សេង ចេះគ្រប់គ្រង​ដឹកនាំប្រទេសកម្ពុជា ដូចរូបលោកឡើយ និងបានថ្លែងចំអក ឲ្យទៅមេដឹកនាំប្រឆាំងថា គ្រាន់តែចេះស្រែក ចង់ចាប់អ្នកនេះ ឬអ្នកនោះប៉ុណ្ណោះ។ ជាការអះអាងដោយខ្លួនលោក នៅប៉ុន្មានថ្ងៃក្រោយលោកឧបនាយករដ្ឋមន្ត្រី ...
កម្ពុជា

អេង ឆៃអ៊ាង៖ នៅស្រុក​រំដួល «បាតផ្សារ ក្លាយជា​សម្ដេច»

សង្គ្រាមពាក្យសំដី នៅតែបន្តផ្ទុះ! អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បានប្រើពាក្យធ្ងន់ៗ នៅថ្ងៃនេះ ហៅក្រុមអ្នកអន្ទ្រើសៗ នៅកម្ពុជា ថាជាមនុស្ស ដែលមានសារជាតិ «ពាល តិរច្ឆាន និង បាតផ្សារ»។ ...
វិភាគ អត្ថាធិប្បាយ

ជុន ច័ន្ទបុត្រ សរសេរ​លិខិត​«ចំហ»​ទី​ពីរ ​ជូន កែម ឡី

ខួបមួយឆ្នាំ នៃការបាញ់សម្លាប់លោក កែម ឡី នឹងមកដល់ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ ក្នុងឱកាសនេះ លោក ហួត វុទ្ធី ដាក់​ហស្សនាម​ហៅ ជុន ច័ន្ទបុត្រ នាយករង​និងជា​អ្នក​សារព័ត៌មាន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.