កម្ពុជាដំណឹង

Covid-19៖ កម្ពុជាឈានដល់វគ្គ… ប្រាក់​បៀវត្ស​បរិច្ចាគ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

បន្ទាប់ពីវគ្គប្រាក់ជំនួយឧបត្ថម្ភ ពីសំណាក់ក្រុមអ្នកមានទ្រព្យធន ឬឧកញ៉ា ពេលនេះប្រទេសកម្ពុជាបានឈាន មកដល់វគ្គ «ប្រាក់​បៀវត្ស​បរិច្ចាគ» ពីសំណាក់ក្រុមមន្ត្រីគ្រាក់ៗម្ដង។ ព្រះរាជាណាចក្របានឆ្លងកាត់វគ្គ និងដំណាក់កាលច្រើនយ៉ាងនេះ បើទោះជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់ប្រកាសថា កម្ពុជាបានត្រៀមបម្រុងប្រាក់ យ៉ាងហោច៨០០លានដុល្លារ និងរហូតដល់២០០០លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិជំងឺ «Covid-19» នេះក្ដី។

ការប្រកាសពីប្រាក់ត្រៀមបម្រុងនោះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ ក្នុងពិធីចែកសញ្ញាប័ត្រ ដល់ក្រុមនិស្សិតច្រើនពាន់នាក់ នៃគ្រឹស្ថានសិក្សាឯកជនមួយកន្លែង។ លោក ហ៊ុន សែន បានថ្លែងឡើង នៅពេលនោះថា៖

«រាជរដ្ឋាភិបាល​បម្រុងទុក​នៃថវិកា​ តាមសេណារីយ៉ូ ទី១ ឬទី២។ បើទី១ គឺត្រៀមបម្រុង​ប្រមាណជា​ជិត ៨០០ លាន​ដុល្លារ។ អាហ្នឹង​បើសិនជា ចេញអាសេណារីយ៉ូ វិបត្តិ គេថា វិបត្តិអូសបន្លាយ​៦ខែ។ អារឿងកូរ៉ូណា​អូសបន្លាយ​៦ខែ គឺត្រៀម​ថវិកា​ប្រមាណ​៨០០ លាន ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច។»

«ហើយបើវាទៅដល់១ឆ្នាំ យើងក៏បាន​ប៉ាន់ស្មានថា បើ៦ខែ វាធ្លាក់សេដ្ឋកិច្ច ធ្លាក់កំណើនប៉ុនណា? ផលប៉ះពាល់​វាធំប៉ុនណា? ហើយបាត់បង់​ចំណូលប៉ុនណា? ប្រសិនបើ​វា​កើតដល់​មួយឆ្នាំ តើកំណើន​សេដ្ឋកិច្ច​របស់យើង ​ធ្លាក់នៅប៉ុនណា? ហើយយើង​ត្រូវប៉ះប៉ូវ​ ទំហំ​ទឹកប្រាក់ប៉ុនណា? អញ្ចឹង​វាស្ថិត​នៅក្នុង​ចន្លោះ ពី៨០០លាន ទៅ២០០០លាន​ប៉ុណ្ណឹង ដែលយើង​ត្រៀមបម្រុង។»

ផ្ទុយទៅវិញ មកដល់ថ្ងៃនេះ កញ្ចប់ថវិការត្រៀមបម្រុងទាំងនោះ មិនត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន យកចេញមកប្រើប្រាស់ តាមរយៈវិធានការអ្វី ឲ្យច្បាស់លាស់នៅឡើយ ខណៈការរៃអង្គាស រកប្រាក់ពីសប្បុរសជន បានកើតមានជាហូហែរ និងមានច្រើនវគ្គ។

វគ្គដំបូងគេ គឺជាប្រាក់ជំនួយឧបត្ថម្ភ ពីក្រុមអ្នកមានទ្រព្យធន ឬឧកញ៉ា។ ប្រាក់ជំនួយរបស់ក្រុម​«សប្បុរសជន»​ទាំងនេះ ត្រូវបានលោក ហ៊ុន សែន អះអាង នៅក្នុងសន្និសីទសារព័ត៌មាន នាវិមានរដ្ឋសភាថា មានទំហំប្រមាណជា ៩លានដុល្លារអាមេរិក មកទល់នឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

បន្ទាប់មក និងរាប់ចាប់ពីល្ងាចម្សិលម៉ិញ មកដល់ថ្ងៃនេះ ព្រះរាជាណាចក្រអច្ឆរិយៈ បាន​ឈានដល់វគ្គ ប្រាក់​បៀវត្ស​បរិច្ចាគ ពីសំណាក់មន្ត្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាល និងនៅតាមក្រសួងមន្ទីរនានា។

យុទ្ធនាការថ្មីមួយនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើមធ្វើមុនគេ តាមរយៈលិខិតមួយរបស់លោក ផ្ញើរទៅរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដោយប្រកាសបរិច្ចាគ​ប្រាក់​បៀវត្សរបស់លោក ចំនួន៧ខែ ទៅឲ្យគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ «Covid-19»។

ភ្លាមៗក្រោយមក មន្ត្រីក្រោមឱវាទរបស់លោក ហ៊ុន សែន ជាច្រើននាក់ ក៏បានប្រកាស​បរិច្ចាគប្រាក់បៀវត្ស របស់ផងខ្លួន ជាបន្តបន្ទាប់ដែរ មុននឹងកាយវិការទាំងនេះ ត្រូវបានប្រព័ន្ធឃោសនា របស់លោក ហ៊ុន សែន យកមកចុះផ្សាយ យ៉ាងគគ្រឹកគគ្រេង។ មន្ត្រីទាំងនោះ រួមមាន បណ្ដារដ្ឋមន្ត្រី ទីប្រឹក្សា សមាជិកសភា​-ព្រឹទ្ធសភា ឧត្ដមសេនីយ៍យោធា-នគរបាល អភិបាលខេត្តក្រុងនានា និងត្រូវរាប់បន្ថែម ដោយមន្ត្រីរាជការ នៅតាមក្រសួងមន្ទីរមួយចំនួនផង។

មកដល់ម៉ោងនេះ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ចេញតួលេខផ្លូវការ ថាបានរកឃើញអ្នកឆ្លងជំងឺ «Covid-19» មានចំនួនកើនឡើង ដល់១១០នាក់ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺថ្មី ចំនួន១នាក់បន្ថែមទៀត។ ក្រសួងបានប្រកាសបន្ថែមថា ចំនួនអ្នកជំងឺជាសះ បានកើនឡើង ដល់៣៤នាក់៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ប្រកាស​ឈប់​លេង​​«ភ្នាល់»​​ជាមួយ សម រង្ស៊ី

នាយករដ្ឋមន្ត្រីកម្ពុជា បានសំដែងកំហឹង ក្នុងការថ្លែងរបស់លោក នារសៀលថ្ងៃអង្គារនេះ ដាក់«អាខ្លះ»ណាមួយនោះ ដែលលោកអះអាងថា មិនហានស្បថជាមួយលោកទេ តែមកបបួល«ភ្នាល់»ជាមួយលោក។ បើទោះជា«អាខ្លះ»នោះ មិនត្រូវបានបញ្ចេញឈ្មោះឲ្យដឹងក្ដី តែដំណើររឿង​«ភ្នាល់»​និង​«ស្បថ» ដែលបានកើតឡើង ក្នុងមជ្ឈដ្ឋានអ្នកនយោបាយ ...
កម្ពុជា

សុខ ឥសាន សារភាពថា​នាឡិកា​លោកពាក់​មានតម្លៃ ១លានដុល្លា

បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់នាឡិកាតម្លៃរាប់លានដុល្លា នោះជារឿងដ៏​ចាំបាច់ ព្រោះ​សូម្បី​មន្ត្រី​ក្រោម​បង្គាប់ ដែលមានឋានៈ ត្រឹមអ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា ក៏ពាក់នាឡិកាមានតម្លៃ ដល់​«១លានដុល្លា»​ដែរ។ នេះ ជាសំដី​សារភាព​ផ្ទាល់មាត់​របស់​លោក សុខ ...
កម្ពុជា

Covid-19៖ ជប៉ុន​ព្យួរ​ទិដ្ឋាការ​ចំពោះ​ប្រទេស​ជាច្រើន រួមទាំង​​កម្ពុជា

រាជាណាចក្រជប៉ុន បានប្រកាសបិទទឹកដីរបស់ខ្លួន ដោយព្យួរទិដ្ឋាការ និងផ្អាក​ការផ្ដល់​ទិដ្ឋាការ សម្រាប់ជនបរទេស មកពីច្រើនប្រទេស រួមទាំង​កម្ពុជា ដើម្បីអ្វីមួយ ដែល​ប្រទេស​នេះអះអាងថា ដើម្បីពង្រឹងវិធានការ បង្ការ និងទប់ស្កាត់ជំងឺ «Covid-19» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.