ក្រុមអ្នកដោះមីន របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា «CMAC» បានប្រទះរកឃើញ គ្រាប់បែកប្រភេទ «MK82» ដែលត្រូវបានទម្លាក់ពីយន្ដហោះ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានបង្ហើបឲ្យដឹងពីព័ត៌មានខាងលើ ថាគ្រាប់បែក «MK82» ត្រូវបានរកឃើញ ក្នុងខេត្តរតនគីរី នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
យ៉ាងណា លោក ហេង រតនា មិនបានលំអិតបន្ថែម ពីការរកឃើញនេះទេ។ នៅលើទំព័រហ្វេសប៊ុករបស់លោក មេដឹកនាំ«CMAC»រូបនេះ គ្រាន់តែបានបញ្ជាក់ថា៖
«[គ្រាប់បែកនេះ] មានលក្ខណះបច្ចេកទេសពិសេស ដែលមិនធ្លាប់ជួបប្រទះ កន្លងមក ព្រោះមានបំពាក់បច្ចេកទេស ដែលករណីមានរំញ័រខ្លាំង ឬប៉ះពាល់ អាចបង្កផ្ទុះឡេីង។ ប៉ុន្តែទម្លាក់មកបុកដី ហេីយមិនផ្ទុះ ដូចនេះអ្នកជំនាញ ទាមទារឱយប្រុងប្រយត្ន័ខ្ពស់!»
តាមឯកសារដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ បានសរសេរឲ្យដឹងថា គ្រាប់បែកប្រភេទ «Mark 82» ជាគ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលផលិត ចាប់ពីទសវត្សរ៍ឆ្នាំ៥០មក។
គ្រាប់បែកប្រភេទនេះ មានទំងន់សរុប ២២៧គីឡូក្រាម (ក្នុងនោះ សារជាតិឬម្សៅផ្ទុះ មានទំងន់ប្រមាណ ជា៨៩គីឡូក្រាម) និងមានតម្លៃប្រមាណជា ៤០០០ដុល្លារ ក្នុងមួយគ្រាប់។ កាំរង្វង់ នៃការផ្ទុះរបស់គ្រាប់បែកនេះ មានរវាងពី១០ម៉ែត្រ ទៅដល់៣០ម៉ែត្រ៕
រូបភាពគ្រាប់បែកប្រភេទខាងលើ ដែលបំពាក់ជាមួយ យន្ដហោះប្រដេញរបស់ប្រទេសបារាំង៖