ក្នុងនាមរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសកម្ពុជា តាំងពីជាង៤០ឆ្នាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការ«អំពាវនាវ៦ចំណុច» ក្នុងកាលៈទេសៈ នៃការរាតត្បាត នៃជំងឺ«Covid-19» ដើម្បីអ្វីដែលលោក ហៅថា ជាការការពារកុមារ ពីជំងឺដ៏ចង្រៃមួយនេះ។
នៅក្នុងសារលិខិតរបស់លោក ហ៊ុន សែន ដែលចេញផ្សាយក្នុងថ្ងៃនេះ ដើម្បីអបអរសាទរទិវា កុមារអន្តរជាតិ ១មិថុនា លោក ហ៊ុន សែន បានសរសេរ លើកឡើង ពីសេចក្ដី«អំពាវនាវ»ទាំង៦ចំណុច ដោយស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តន៍ សេចក្ដីណែនាំ របស់ក្រសួងសុខភិបាល «ធ្វើយ៉ាងណាទប់ស្កាត់ កុំឲ្យមានការឆ្លងដល់កុមារគ្រប់រូប នៅគ្រប់ទីកន្លែងទាំងអស់»។
ខាងក្រោមនេះ ជាការដកស្រង់ចំណុចត្រួសៗ មួយចំនួន ចេញពីសេចក្ដី«អំពាវនាវ៦ចំណុច» របស់បុរសខ្លាំង នៅកម្ពុជា៖
«ឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំប្រឹងប្រែង រកលទ្ធភាព ក្នុងការធ្វើយ៉ាងណា ឲ្យមានគ្រប់រូប នៅគ្រប់កន្លែងទាំងអស់ ជាពិសេសកុមាររស់នៅ ក្នុងគ្រួសារក្រីក្រ ទទួលបានសេវាអប់រំ អនាម័យ និងទឹកស្អាតស្មើៗគ្នា នៅក្នុងកំឡុងពេលមានការ រាតត្បាត នៃជំងឺកូរីដ១៩នេះ។»
«រាល់វិធានការ ដែលបានដាក់ចេញ ដោយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ការជំងឺកូវីដ១៩នេះ ត្រូវគិតទៅដល់ឧត្តម ប្រយោជន៍ របស់កុមារគ្រប់រូបជាចម្រង ជាពិសេសកុមារ រស់នៅក្នុងកន្លែងថែទាំជំនួស និងកុមារកំពុងរស់នៅ ក្នុងកន្លែង ឃុំឃាំងទាំងអស់។»
«ត្រូវយកចិត្តទុកដាក់ លើការគាំទ្រសុខភាពផ្លូវចិត្ត និងកាយរបស់កុមារ ដែរទទួលរងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីជំងឺកូវីដ១៩ និងត្រូវបានអនុញ្ញាតឲ្យកុមារ ចូលរួមក្នុងសេចក្ដី សម្រេចចិត្តទាំងឡាយ ដែលប៉ះពាល់ដល់កុមារ។»
«ឲ្យក្រសួង-ស្ថាប័ន អាជ្ញាធរមូលដ្ឋាន សហគមន៍ និងពលរដ្ឋគ្រប់រូបត្រូវ បន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ពិសេសចាត់វិធានការការពារកុមារ ពីអំពើហិង្សាគ្រប់រូបភាព អប់រំកុមារពីរបៀបការពារខ្លួនប្រឆាំង នឹងការរំលោភបំពាន និងការបៀតបៀនផ្លូវភេទតាមគ្រប់រូបភាព ការសម្លុតគំរាមកំហែងគ្រប់បែបយ៉ាង ឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងធ្វើឲ្យកុមារយល់ដឹង ពីវិធីរាយការណ៍ដល់អាជ្ញាធរ ឬមនុស្សពេញវ័យ អំពីការរំលោភបំពាន តាមគ្រប់រូបភាព។»
«ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្ត អនុសញ្ញាស្នូល នៃអង្គការអន្តរជាតិ ខាងការងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់ នៃពលកម្មកុមារ បើកកម្ពស់ការយល់ដឹង បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ អំពីការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារ នៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងពង្រឹងវិធានការ អធិការកិច្ចពលកម្មកុមារ ព្រមទាំងកៀរគរ ធនធាន និងចលនាសាធារណជន ក្នុងការស្វែងរកដំណោះស្រាយសមស្រប ដើម្បីជួយសង្គ្រោះពលកម្មកុមារ៕»