កម្ពុជាដំណឹង

ប្រ៊ែដ អាដាម៖ ច្បាប់ថ្មីនឹងឲ្យ ហ៊ុន សែន លួចស្ដាប់ទូរស័ព្ទ​ដោយស្របច្បាប់

ពីឆ្វេងទៅស្ដាំ៖ លោក ប្រ៊ែដ អាដាម នាយករង​ទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ នៅកម្ពុជា។ (រូបថត Getty)
ពីឆ្វេងទៅស្ដាំ៖ លោក ប្រ៊ែដ អាដាម នាយករង​ទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ នៅកម្ពុជា។ (រូបថត Getty)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានអាវុធយ៉ាងមុតស្រួច ក្នុងការ​«លួចស្ដាប់ទូរស័ព្ទ​ដោយស្របច្បាប់» ប្រសិនណាជាសេចក្ដីព្រាងច្បាប់ ស្ដីពីឧក្រិដ្ឋកម្ម​តាមអ៊ិនធើណែត (CyberCrim Law) ត្រូវបានអនុម័ត​ និងដាក់ឲ្យប្រើប្រាស់​ ជាធរមាន។ 

ខាងលើនេះ ជាការអះអាងឡើង របស់លោក ប្រ៊េដ អាដាម (Brad Adams) នាយករង​ទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)​ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់អង្គការ​អន្តរជាតិ​មួយនេះ ក្នុងការទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ «បោះ​ចោល​ជា​បន្ទាន់» ​សេចក្តីព្រាងច្បាប់ខាងលើ ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ នឹង​ក្លាយ​ជា​ឧបករណ៍​គំរាមកំហែង​ សិទ្ធិ​សេរីភាព​អ្នក​ប្រើប្រាស់​​អ៊ីនធឺណិត ​និង​ការ​សម្តែង​មតិ​ តាម​បណ្តាញ​សង្គម​ដោយ​សេរី។

លោក ប្រ៊េដ អាដាម ត្រូវបានស្រង់សំដី យកមកចុះផ្សាយ ​ក្នុង​សេចក្តីថ្លែងការណ៍ថា៖

«លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អួតអាង ​តាំង​ពី​យូរ​ណាស់​មក​ហើយ​ អំពី​ការ​លួច​ស្តាប់​ទូរស័ព្ទ​ និង​ការ​លួចចម្លង​អ៊ីមែល ​របស់​អ្នក​ដទៃ ហើយ​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​ ដែល​ត្រូវ​បាន​តាក់តែង​ឡើង​នេះ នឹង​ផ្តល់​ភាព​ស្របច្បាប់ ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​បន្ថែម​ទៀត។»

​ក្នុងសេចក្តី​ថ្លែងការណ៍​ ចុះ​ថ្ងៃ​សុក្រទី​១៣ ​ខែ​វិច្ឆិកា អង្គការ «Human Rights Watch» ដែល​មាន​ស្នាក់ការធំ ​ក្នុង​ក្រុងញូយក សហរដ្ឋ​អាមេរិក បានអះអាងថា ​ខ្លួន​បាន​ទទួល​សេចក្តី​ព្រាងច្បាប់​នេះ ជា​កំណែ​ទី​៣​ ចុះ​ថ្ងៃ​ទី​៤ ​ខែ​សីហា ​ឆ្នាំ​២០២០ ហើយបានបន្ទោស​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ថាមិនបានចែក​រំលែក​ សេចក្តីព្រាងច្បាប់​នេះ​ដល់​សាធារណជន ​ឬ​​ពិគ្រោះ​យោបល់ ​ជាមួយ​អង្គការ​សង្គមស៊ីវិលអ្វីឡើយ បើទោះជាក្រុងភ្នំពេញ ទទួលយោបល់​​ឯកជន ពីសហរដ្ឋអាមេរិកក្ដី។​

លោក ប្រ៊េដ អាដាម បន្តថា៖

«ពាក្យពេចន៍​ នៃ​សេចក្ដីព្រាង​ច្បាប់​មួយនេះ មាន​លក្ខណៈ​ទូលាយ និង​មិន​ច្បាស់លាស់​ខ្លាំង​ណាស់ ហើយនឹង​ផ្ដល់​អំណាច​បន្ថែម​ទៀត​ ទៅដល់​រដ្ឋាភិបាល ដែល​ផ្ដាច់ការ​ស្រាប់​ទៅ​ហើយ​នោះ ដើម្បី​កាត់ទោស ទៅលើ​អ្នករិះគន់ និង​គូប្រជែង​នយោបាយ។»

ក្នុងសេចក្ដីថ្លែងការណ៍ដដែល អង្គការសិទ្ធិមនុស្សអន្តរជាតិ ក៏​បាន​អំពាវនាវ​ដែរ ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​និង​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ ផ្សេង​ទៀត ព្រម​ទាំង​ក្រុមហ៊ុន​បច្ចេកវិទ្យា ​និង​សារគមនាគមន៍​នានា ​ដែល​កំពុង​ដំណើរ​ការ​ ក្នុង​ប្រទេស​កម្ពុជា ក្នុងការទាមទារ​ឲ្យ​មាន​ការ​បោះបង់​ចោល​ នូវសេចក្តីព្រាង​ច្បាប់ខាងលើ ​ដ៏ប្រទាំងប្រទើស។

​មន្ត្រី​រដ្ឋាភិបាលក្រុងភ្នំពេញ​ ធ្លាប់លើកឡើងថា សេចក្តីព្រាង​ច្បាប់​​ស្ដីពីឧក្រិដ្ឋកម្ម​តាម​អ៊ិនធើណែត នឹងមិន​ប៉ះពាល់​​ដល់​សិទ្ធិ​ពលរដ្ឋ​ទេ លើកលែងតែបុគ្គលណាមួយ បានប្រើសិទ្ធិ​​របស់ខ្លួន រំលោភលើសិទ្ធិអ្នកដទៃ។

ការលើកឡើងកន្លងមក របស់លោក ប្រ៊េដ អាដាម ក៏តែងទទួលប្រតិកម្ម ពីមន្ត្រី​រដ្ឋាភិបាលកម្ពុជា​​មកវិញដែរ ដោយ​ពួកគេចាត់ទុកលោក អាដាម ថាជាភ្នាក់ងាររបស់​គណបក្ស​ប្រឆាំង ដែលជ្រកក្រោមផ្លាក​អង្គការ​សិទ្ធិមនុស្ស។

យ៉ាងណា ការលួចស្ដាប់ ឬលួចថតសំឡេង នៅកម្ពុជា តែងកើតមានជារឿងៗ ទៅលើ​ក្រុមអ្នករិះគន់ និងមន្ត្រី​គណបក្ស​ប្រឆាំង នៅខណៈពួកគេបានជជែកគ្នា តាមទូរស័ព្ទ ឬតាមរយៈសារ​ឯកជន ក្នុងពេលកន្លងមក។

ករណីចុងក្រោយបង្អស់ គឺទាក់ទងនឹងសារជាឯកជន នៅក្នុងការជជែកជាមួយ ធ្វើឡើង​តាមប្រព័ន្ធ «Messenger» នៃបណ្ដាញសង្គមហ្វេសប៊ុក ដែលប្រព័ន្ធឃោសនា របស់លោក ហ៊ុន សែន បង្ហោះចេញជាសាធារណៈ។ សារសម្លេងនោះ ទំនងជាការទាក់ទង រវាងមន្ត្រី​ជាន់ខ្ពស់ របស់គណបក្សប្រឆាំង និងក្រុមស្ត្រីថ្ងៃសុក្រ ដែលតែង​ចេញមុខ​​ធ្វើបាតុកម្ម ដើម្បីទាមទារឲ្យដោះលែង​ស្វាមីរបស់ពួកគេ ពីពន្ធនាគារ៕



លំអិតបន្ថែមទៀត

កម្ពុជា

អង្គការសារព័ត៌មានក្នុងស្រុក ចំនួន២ ស្នើឲ្យដោះលែង សុវណ្ណ រិទ្ធី

«ការស្រង់សម្ដី របស់លោកនាយករដ្ឋមន្ត្រី [យកមកចុះផ្សាយបន្ត] មិនគួរត្រូវបានចាត់ទុក ថាជាបទឧក្រិដ្ឋទេ» នេះជាការអះអាងឡើង របស់ អង្គការសារព័ត៌មានក្នុងស្រុក ចំនួន២ ដែលបានស្នើ ឲ្យដោះលែង លោក សុវណ្ណ ...
កម្ពុជា

ម៉ម សូណង់ដូ ប្ដូរឈ្មោះប្ដូរត្រកូល លើហ្វេសប៊ុក?

នៅលើបណ្ដាញសង្គម បើគេចង់រករកលោក ម៉ម សូណង់ដូ ដោយវាយអក្សរ «Mam Sonando» ចូលទៅរុករកនោះ គេនឹងរកមិនឃើញគណនីពិត របស់លោកទៀតទេ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ ដោយហេតុថា គណនីពិតរបស់លោក ...
កីឡា និងបច្ចេកវិទ្យា

ក្រុម«Anonymous»​ពង្រីក​«សង្គ្រាម​លើអ៊ិនធើណិត»​ប្រឆាំងរ៉ុស្ស៊ី

តាំងពីថ្ងៃដំបូង នៃសង្គ្រាមឈ្លានពានអ៊ុយក្រែន ដោយកងទ័ពរ៉ុស្ស៊ី ក្រុម«Anonymous»​បានប្រកាស​«សង្គ្រាម​លើអ៊ិនធើណិត» ហើយរហូតមកដល់ថ្ងៃនេះ ក្រុម«Hacker»ដែលអះអាងដោយខ្លួនឯង អំពីបុព្វហេតុ«សេរីភាព» កំពុងបង្កើនសកម្មភាពរបស់ខ្លួន កាន់តែច្រើនឡើងប្រឆាំងផលប្រយោជន៍រ៉ុស្ស៊ី និងលោក​ប្រធានាធិបតី វ្លាឌីមៀរ ពូទីន (Vladimir ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.