កម្ពុជាដំណឹង

អ្នកវិភាគថា ជួរមេដឹកនាំ CPP កំពុងសាកល្បងគ្នា​តាមរយៈសង្ឃ ហោ សុខុន

អ្នកវិភាគបានលើកឡើងថា សារដែលបង្ហោះចេញ ដោយព្រះសង្ឃ ហោ សុខុន ដែលលើកតម្កើនលោក ស ខេង ថាជា«ផ្កាយសំណាងរបស់ប្រទេសកម្ពុជា» គឺជាការសាកល្បងមួយ នៅក្នុង«ជួរមេដឹកនាំ»គណបក្សប្រជាជនកម្ពុជាខ្លួនឯង។

នៅក្នុងការបង្ហោះមួយ ដ៏វែងអន្លាយកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះសង្ឃ ហោ សុខុន បានលើកឡើងថា មានតែលោក ស ខេង «មួយរូបគត់ដែលអាចធ្វើឲ្យកម្ពុជា រួចផុតពីទណ្ឌកម្មរបស់អន្តរជាតិ ក៏ដូចជារួចផុតពីការផ្តាច់[ប្រព័ន្ធ]អនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបផងដែរ ជាពិសេសអាចបញ្ឈប់ ការជ្រៀតជ្រែកពីបរទេស លូកដៃចូលនយោបាយផ្ទៃក្នុង របស់ប្រទេសកម្ពុជា»។

ព្រះចៅអធិការវត្តច្បារអំពាវ នៅបានសំដែងថេរដីកាលើកសរសើរលោក ស ខេង នូវគុណសម្បត្តិ១០យ៉ាង សមត្ថភាព១៦យ៉ាង រួមនឹងចំណុចជាច្រើនទៀត ដែលធ្វើឲ្យព្រះតេជគុណ ឈ្វេងយល់ថា លោក ស ខេង ជាបុរសតែម្នាក់គត់ នៃ«ផ្កាយសំណាងរបស់ប្រទេសកម្ពុជា»។

តែសម្រាប់លោក ស ខេង បុរសខ្លាំងទីពីរ​នៃរបបដឹកនាំក្រុងភ្នំពេញ ការលើកឡើងរបស់ព្រះសង្ឃ ហោ សុខុន ដែលទទួលបានការចែករំលែក ក្នុងបណ្ដាញសង្គម ដល់ទៅជាង២១០០ដង គឺ«ដូចជាបានធ្លាក់ ចូលទៅក្នុងឧបាយកលរបស់អ្នកនយោបាយទុច្ចរិត ដែលតែងតែមានបំណង ចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា»។

លោករដ្ឋមន្ត្រីមហាផ្ទៃ បានប្រតិកម្មដូច្នេះ កាលពីម្សិលម៉ិញ ដោយទម្លាក់កំហុសនៃការលើកតម្កើងរបៀបនេះ ទៅលើក្រុមអ្នកនយោបាយ ដែលមានគំនិតទុច្ចរិត។ លោក ស ខេង បានសរសេរថា៖

«ជារឿយៗពួកអ្នកនយោបាយ ដែលមានគំនិតទុច្ចរិត ជានិច្ចជាកាលតែងតែបាន ថ្លែងសារមានន័យបញ្ចើចបញ្ចើ និងបណ្តុះបង្អាប់បែបនេះ ចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលគ្មានអ្វីក្រៅពីបំណង ចង់ឲ្យមានការសង្ស័យគ្នា មិនទុកចិត្តគ្នា ឈ្នានីសគ្នា ដើម្បីធ្វើឲ្យមានការបែកបាក់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែវាជាការនឹកស្រមៃសុទ្ធសាធ ដែលពួកគេគិតថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ធ្លាក់ចូលក្នុងអន្លុងរបស់ពួកគេនោះ។»

ចំពោះលោក ព្រហ្ម គិត អតីតអ្នកច្បាប់ ដែលសព្វថ្ងៃចូលនិវត្តន៍ និងជាអ្នកវិភាគ ពីស្ថានភាពនយោបាយកម្ពុជាយ៉ាងដិតដល់នោះ បានពន្យល់ថា ព្រះសង្ឃ ហោ សុខុន មិនល្ងង់ដល់ថ្នាក់មិនដឹងថា ការបង្ហោះសាររបៀបនេះ មានលក្ខណៈជាការបញ្ចើចបញ្ចើ ដើម្បីលើកលោក ស ខេង ឲ្យខ្ពស់ហួសត្រដែត នឹងអាលឲ្យឆាប់ធ្លាក់នោះឡើយ។

អ្នកវិភាគវ័យចំណាស់ បានថ្លែងនៅមុននេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖

«បើតាមខ្ញុំសង្កេតទៅលើធម្មជាតិ និងខ្លឹមសារ នៃសារដែលសរសេរចេញ ដោយព្រះសង្ឃ ហោ សុខុន ហ្នឹង វាគឺជាសារសម្រាប់សាកល្បងមួយ រវាង”ជួរមេដឹកនាំ”គណបក្សប្រជាជនកម្ពុជាខ្លួនឯង ដើម្បីចង់ដឹងពីភាពស្មោះស្ម័គ្ររបស់លោក ស ខេង ថាមានដល់កម្រិតណា ថាតើលោក ស ខេង មានប្រតិកម្មបែបណា។»

លោក ព្រហ្ម គិត បានបន្តថា៖

«នៅខណៈនេះ មិនមែនគ្មាននរណាម្នាក់មិនដឹងថា ក្នុងគណបក្សប្រជាជនកម្ពុជា និងក្នុងរដ្ឋាភិបាលកម្ពុជា មានតែលោក ហ៊ុន សែន តែម្នាក់គត់ដែលជា”សម្ដេចពុក”គ្មាននរណាផ្ទឺមបាន។ ខ្ញុំធ្លាប់ដឹងថា លោក ហ៊ុន សែន បាននិយាយទៅកាន់មនុស្សខ្លាំងៗក្នុងបក្សថា បើខ្លួនអង្គុយលើដើមត្នោត ហើយព្យាយាមកាច់ធាងត្នោតទម្លាក់ សួរថាតើដើមត្នោតរលំ ឬអ្នកកាច់ធាងត្នោតធ្លាក់ពីលើដើមត្នោត? អញ្ចឹងទេ ការលើកសរសើរបុគ្គលផ្សេង មកផ្ទឹមនឹងលោក ហ៊ុន សែន គឺជាការចាប់ប្រជល់គ្នា រវាងខ្លាពីរនៅក្នុងភ្នំតែមួយ ហើយសង្ឃ ហោ សុខុន មិនត្រូវនិយាយថា ព្រះអង្គមិនដឹងនោះទេ។»

យ៉ាងណា ព្រះសង្ឃ ហោ សុខុន បានចេញមកបកស្រាយ ថាព្រះអង្គគ្មានបំណងអ្វីផ្សេង ក្រៅពីសំដែងការគោរព និងការស្រឡាញ់ទៅដល់លោក ស ខេង តែប៉ុណ្ណោះឡើយ៕

សាររបស់សង្ឃ ហោ សុខុន ជាការសាកល្បងមួយរវាងជួរ CPP ខ្លួនឯង។ ព្រោះសង្ឃនោះអះអាងដោយអង្គឯងថា ជាអ្នកស្មោះស្ម័គ្រនឹង CPP អញ្ចឹងសរសេរសាររបៀបនេះចេញមក តើសង្ឃ ហោ សុខុន ល្ងង់ណាស់ឬ ដែលមិនដឹងថា វាប៉ះពាល់ដល់ជួរមេៗ របស់ CPP?

Gepostet von ព្រហ្ម គិត am Samstag, 9. Februar 2019


លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

អ្វី​ដែល​កើត​ឡើង បន្ទាប់​ពី​ទទួល​ទាន​«បាយឆៅ»​ហើយ…

សូមជូនរឿងនិទាន អំពី​«បាយឆៅ»​របស់មហាសេដ្ឋី… ទុរ្ភិក្សជនទូទៅ មិនប្រកាន់ខ្លួនឡើយ ក្នុងការស្វែងរកទទួលទាន បើទោះជាចំណីនោះ គ្មាន​​រសជាតិ ឬផ្អូមក៏ដោយ។ ប៉ុន្តែ​ករណីរបស់គណបក្សប្រជាជនកម្ពុជា ដែលព្យាយាម​ចូល​ប្រជុំសភា បើកនិតិកាលថ្មី គ្មានការចូលរួម ពីសំណាក់​ក្រុមបេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោតថ្មី ...
កម្ពុជា

ហ៊ុន សែន ឲ្យពលរដ្ឋបង់ពន្ធ ដើម្បី​កុំឲ្យ​របប​ដឹកនាំ​លោក​ដួលរលំ

«ហ្អែងចាំឲ្យរដ្ឋាភិបាល ហ៊ុន សែន ដួល ព្រោះអត់មានលុយបើកប្រាក់បៀវត្សរ៍… ហ្អែងចាំទៅ» នេះ ជាការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីការអំពាវនាវរបស់លោក ឲ្យប្រជាពលរដ្ឋអនុវត្តន៍ ...
កម្ពុជា

មាស នី ប្រតិកម្មតប ហ៊ុន សែន ដែលចោទ​លោក ជា«អាយ៉ងបរទេស»

អ្នកវិភាគឯករាជ និងជាអ្នកស្រាវជ្រាវផ្នែកសង្គម លោកបណ្ឌិត មាស នី បានបញ្ចេញសារខ្លីមួយ ដើម្បីប្រតិកម្មតបនឹងការចោទប្រកាន់ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចាត់ទុករូបលោក ថាជា«អាយ៉ងបរទេស» បន្ទាប់ពីលោកបានវិភាគ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.